អភិបាលខេត្តកំពង់ស្ពឺ សន្យាអូសទាញអ្នកជំនួញមកវិនិយោគនៅខេត្តរបស់លោក

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺឯកឧត្តម វ៉ី សំណាង សន្យាអូសទាញអ្នកជំនួញជាច្រើនទៅវិនិយោគនៅខេត្តកំពង់ស្ពឺ។ឯកឧត្តមបានប្រកាសពីគម្រោងដែលឯកឧត្តមនឹងដឹកនាំប្រតិភូខេត្តនិងមន្ទីរជំនាញពាក់ព័ន្ធក្នុងថ្នាក់ក្រោមជាតិទៅទស្សនកិច្ច និងពិភាក្សាការងារជាមួយ អ្នកវិនិយោគជាច្រើននៅទីក្រុងហុងកុង នាចុងខែមីនានេះ។

ឯកឧត្តមអះអាងថា ដំណើទៅបរទេសលើកនេះធ្វើឡើងដើម្បីពិភាក្សាការងារ និងទាក់ទាញវិនិយោគិនបរទេស ទៅបើករោងចក្រសហគ្រាសនៅខេត្តកំពង់ស្ពឺបន្ថែមទៀត ក្នុងទិសដៅបង្កើតការងារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្ត។

ឯកឧត្តមបានប្រាប់ឱ្យដឹងថា យើងបានទទួលការឯកភាពពីសម្តេចតេជោនាយករដ្ឋមន្រ្តីរួចហើយ ដោយបានអនុញ្ញាតឱ្យទៅទីក្រុងហុងកុង ដើម្បីបង្ហាញពីសក្តានុពលរបស់ខេត្ត។ដំបូងយើងនឹងបង្ហាញដល់អ្នកវិនិយោគ ពីកត្តាសុខសន្តិភាពរបស់ប្រទេសជាតិយើងសិន ព្រោះថា រាល់អ្នកវិនិយោគទាំងអស់គេតែងសំឡឹងទៅរកប្រទេសណា ដែលមានសុខសន្តិភាព និងនយោបាយច្បាស់លាស់។ជាក់ស្តែង បើយើងមើលប្រទេសមួយចំនួនដែលកំពុងមានបញ្ហាអស្ថិរភាពនយោបាយ ក្នុងតំបន់និងពិភពលោកនាពេលបច្ចុប្បន្ននេះ ទោះបីជាការចំណាយលើពលកំលាំងពលកម្មទាបយ៉ាងណាក៏ដោយ ក៏គេមិនហ៊ានទៅវិនិយោគដែរ ។ផ្ទុយទៅវិញ ប្រទេសយើងកំលាំងពលកម្មមានប្រាក់បៀរវត្សថ្លៃជាងប្រទេសទាំងនោះ តែគេបែរជាចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា យើងទៅវិញ។

អភិបាលខេត្តរូបនេះបានបន្ថែមថា សម្រាប់ខេត្តកំពង់ស្ពឺវិញ អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់តែងតែស្វាគមន៍ និងយកចិត្តទុកដាក់ ក្នុងបម្រើសេវាសាធារណៈ និងបានបង្កលក្ខណៈងាយស្រួលច្រើន ដល់វិនិយោគិនក្នុង និងក្រៅប្រទេស ធ្វើយ៉ាងណាស្រូបទាញការវិនិយោគមកក្នុងខេត្ត ឱ្យបានច្រើន ដើម្បីបង្កើតការងារជូនប្រពលរដ្ឋផង និងជាការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។

ឯកឧត្តមបានបន្តថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត ជាសេនាធិការឱ្យរដ្ឋបាលរាជធានី-ខេត្ត ដើម្បីជាយន្តការក្នុងការពិនិត្យសម្រេចលើការវិនិយោគឯកជន ដែលមានទុនវិនិយោគសមមូលនឹងប្រាំលានដុល្លារអាមេរិកចុះក្រោម និងដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគមក ដូចនេះអាជ្ញាធរថ្នាក់ខេត្តមានសិទ្ធិចុះអនុស្សរណៈផ្សេងៗ ឬក៏សម្រេចនានាទាក់ទងនឹងការវិនិយោគដែលមានតម្លៃទឹកប្រាក់ប្រាំលានដុល្លារចុះក្រោម។

ឯកឧត្តមអះអាងដូច្នេះថា៖«ក្នុងនាមជាខេត្ត ដែលមានសក្តានុពលសម្រាប់ការបើករោងចក្រសហគ្រាសនានា ជាពិសេសងាយស្រួលសម្រាប់ការដឹកជញ្ជូនឡូជីស្ទិក ទៅកាន់ផែព្រះសីហនុផងនោះ ខ្ញុំរំពឹងថា រោងចក្រសហគ្រាស នឹងកើតមានបន្ថែមទៀត នៅលើទឹកខេត្តកំពង់ស្ពឺរបស់យើង ហើយនៅពេលមានរោងចក្រសហគ្រាសកាន់តែច្រើន មានន័យថា យើងបង្កើតការងារបានយ៉ាងច្រើនដល់បងប្អូនប្រជាពលរដ្ឋរបស់យើង ដោយតាមរយៈប្រាក់ចំណូលសមរម្យដែលពួកគាត់ទទួលបាននឹងអាចផ្គត់ផ្គង់គ្រួសារបាន ក៏ដូចជារួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងការចំណាកស្រុកដោយខុសច្បាប់របស់បងប្អូនយើងដែរ»។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងដែរថា ខេត្តកំពង់ស្ពឺនេះ គឺជាខេត្តគោលដៅវិនិយោគមួយដ៏ទាក់ទាញសម្រាប់អ្នកវិនិយោគ ដោយសារតែខេត្តនេះ ស្ថិតនៅក្បែររាជធានីភ្នំពេញផង និង ជាច្រកសំខាន់ក្នុងដឹកជញ្ជូនទំនិញទៅកំពង់ផែសមុទ្រផង។ម្យ៉ាងវិញទៀតទាំងសណ្ឋានដីនៅក្នុងខេត្តនេះ ក៏មិនសូវជួបគ្រោះធម្មជាតិច្រើនដែរ។

ឧកញ៉ាបានបន្ថែមថា ដោយសារតែកំណើននៃការវិនិយោគបើករោងចក្រសហគ្រាសនៅក្នុងខេត្តកំពង់ស្ពឺបានធ្វើឱ្យខេត្តនេះ មានការខ្វះខាតកម្លាំងពលកម្ម ។

ឧកញ៉ា លឹម ហេង បញ្ជាក់ថា៖« ខ្ញុំគិតថាកម្មករកម្មាការិនី ដែលធ្វើការនៅរោងចក្រមួយចំនួនដែលនៅរាជធានីភ្នំពេញ និងខេត្តជិតៗខេត្តកំពង់ស្ពឺ ដែលបានផ្អាកបណ្តោះអាសន្ន ឬបានបិទទ្វារជាដើម អាចបំលាស់ទៅទៅរកការងារនៅខេត្តកំពង់ស្ពឺវិញ ព្រោះថាខេត្តនេះកំពុងខ្វះកំលាំងពលកម្ម»។

គួររម្លឹកថា កាលពីពេលថ្មីៗនេះក្រុមហ៊ុន Sabrina Group ដែលមានវត្តមាននៅកម្ពុជាប្រមាណ ២៥ ឆ្នាំកន្លងមកហើយនោះ ទើបតែបានបើកសម្ពោធរោងចក្រ Aroma Success Garment Co., LTD ជាប្រភេទរោងចក្រផលិតសម្លៀកបំពាក់ ដែលមានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ ដោយបានស្រូបយកកម្លាំងពលកម្មរាប់ពាន់នាក់។ អភិបាលខេត្តកំពង់ស្ពឺឱ្យដឹងថារហូតមកទល់សព្វថ្ងៃនេះ ខេត្តកំពង់ស្ពឺ មានរោងចក្រធុនធំ និងមធ្យម ដែលផលិតសម្លៀកបំពាក់ និងស្បែកជើង ក៏ដូចជាផលិតផលផ្សេងៗទៀត សរុបប្រមាណ ជាង៣៨០រោងចក្រ ដែលបានស្រូបទាញកម្មករបម្រើការងារប្រមាណជាង១៥ ០០០នាក់៕
ដោយៈវណ្ណ សុជាតា

ads banner