អាជ្ញាធរខេត្តព្រះសីហនុ បើកវគ្គបណ្ដុះបណ្ដាលស្តីពីការសង្គ្រោះជីវិតលើផ្ទៃសមុទ្រដល់ឆ្មាំសមុទ្រ
ព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុបើកវគ្គបណ្ដុះបណ្ដាលស្តីពីសង្គ្រោះជីវិតលើផ្ទៃសមុទ្រដល់ឆ្នាំសមុទ្រប្រចាំការនៅតាមឆ្នេរនានាក្នុងគោលដៅធានាសុវត្ថិភាពជូនភ្ញៀវទេសចរ។ការបណ្ដុះបណ្ដាលមានរយៈពេលប្រាំថ្ងៃចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី ១៧ ខែមីនា។វគ្គបណ្ដុះបណ្ដាលនេះជាមានជួយជ្រោមជ្រែងពីស្ថានទូតថៃប្រចាំនៅកម្ពុជា។
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុលើកឡើងថា វគ្គបណ្តុះបណ្តាល «ស្ដីពីការសង្គ្រោះជីវិតលើផ្ទៃសមុទ្រ ដើម្បីពង្រឹងសុវត្ថិភាពភ្ញៀវទេសចរនៅខេត្តព្រះសីហនុ» ។លោក សង្ឃឹមជឿជាក់យ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាល នឹងជួយជំរុញឱ្យកិច្ចសហប្រតិបត្តិការ ចំណងមិត្តភាព និងសាមគ្គីភាព រវាងថៃនិងកម្ពុជា កាន់តែមានភាពជិតស្និទ្ធ និងស៊ីជម្រៅថែមមួយកំរិតទៀត។លោករំពឹងថាវគ្គនេះ នឹងជួយពង្រឹងនិងអភិវឌ្ឍន៍សមត្ថភាពដល់មន្ត្រីឆ្មាំឆ្នេរសមុទ្រខេត្តព្រះសីហនុ ឱ្យកាន់តែមានសមត្ថភាពខ្លាំងថែមមួយកម្រិតទៀត។
លោកថ្លែងថាបច្ចុប្បន្នខេត្តព្រះសីហនុ មានឆ្មាំសមុទ្រដែលទទួលស្គាល់ជាផ្លូវមានចំនួន ១៨នាក់ បាននឹងកំពុងប្រចាំការនៅតាមគោលដៅដូចជា ឆ្នេរឯករាជ្យ ឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ ជាដើម។ ដោយឡែកឆ្មាំឆ្នេរសមុទ្រដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនាពេលនេះ មានចំនួន ៣០នាក់ ដែលរួមមានបុគ្គលិកឆ្មាំឆ្នេរពីបណ្តាលក្រុមហ៊ុនឯកជន ផ្សេងៗទៀត ក៏បានចូលរួម»។
លោកបន្ថែមថាទោះបីពួកគាត់ជាបុគ្គលិកក្រុមហ៊ុន ប៉ុន្តែពួកគាត់បានចូលរួមយ៉ាងសកម្មក្នុងការបម្រើការងារសុវត្ថិភាពទេសចរហើយពួកគាត់ថែមទាំងបានចូលរួមជួយសង្គ្រោះក្នុងព្រឹត្តិការណ៍ឧបទវហេតុនានា ដូចជាការលិចទូករបស់ភ្ញៀវទេសចរ និងទូកប្រជានេសាទ ជាដើម»។
លោក ឈើតគៀត អាថាកន ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជាថ្លែង ក្នុងវគ្គបណ្តុះបណ្តាលនាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ឱ្យដឹងថា ការបើកវគ្គបណ្តុះបណ្តាលការជួយសង្គ្រោះអាយុជីវិតជនរងគ្រោះខាងផ្លូវទឹក ឬ Water Rescue ជូនដល់សិក្ខាកាមក្នុងខេត្តព្រះសីហនុនាពេលនេះគឺដើម្បីអភិវឌ្ឍន៍សិក្ខាកាមក្នុងខេត្តជួយសង្គ្រោះអាយុជីវិតជនរងគ្រោះខាងផ្លូវទឹក។
លោកបន្តថា «វគ្គបណ្តុះបណ្តាលនៅក្នុងពេលនេះមានសារសំខាន់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនៅថ្នាក់ខេត្តនិងថ្នាក់ជាតិ ការពង្រឹងនូវសក្តានុភាពធនធានមនុស្សរបស់ខេត្តនៅក្នុងការផ្តល់សេវាកម្មទេសចរសុវត្ថិភាព និងជួយកាត់បន្ថយគ្រោះថ្នាក់និងការបាត់បង់ជីវិតដែលកើតឡើងចំពោះភ្ញៀវទេសចរជាតិនិងបរទេសជាច្រើននៅក្នុងមួយឆ្នាំៗ ដែលជាការជំរុញនូវវិស័យទេសចរណ៍ខេត្តជាប់មាត់សមុទ្រ ស្របតាមគោលនយោបាយរបស់កម្ពុជានិងថៃក្រោមតម្រោង Two Kingdoms One Destinationនឹងជាការជួយជំរុញការត្រៀមខ្លួនរបស់ខេត្តព្រះសីហនុ នៅក្នុងនាមជាខេត្តទទួលធ្វើម្ចាស់ផ្ទះកីឡាវិញ្ញាសារលើទឹកស៊ីហ្គេមឆ្នាំ២០២៣នេះផងដែរ»។
បើតាមរដ្ឋបាលខេត្តព្រះសីហនុឱ្យដឹងថា ភាគីកម្ពុជានិងថៃ ធ្វើការរួមគ្នាលើកិច្ចសហការក្នុងវិស័យផ្សេងៗទៀត ដូចជាវិស័យទេសចរណ៍ ពាណិជ្ជកម្ម ការតាំងពិព័រណ៍ សុខាភិបាល និងអប់រំជាដើមនៅក្នុងភូមិសាស្ត្រខេត្តនេះ៕
ដោយ៖យុទ្ធ វីរៈ