ឧបនាយករដ្ឋមន្រ្តី៖ ការបោសសំអាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ជាការងារមួយដែលសំខាន់មិនអាចខ្វះបាន
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ការបោសសំអាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ជាការងារមួយដែលសំខាន់មិនអាចខ្វះបានក្នុងការកាត់បន្ថយគ្រោះថ្នាក់ ដោយប្រែក្លាយពីដីគ្រោះថ្នាក់ទៅជាដីសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។នេះជាការលើកឡើងរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្ដាលនាថ្ងៃទី១៣ខែមីនាឆ្នាំ២០៣ ក្នុងពិធីអបអរសាទរការប្រកាសខេត្តកណ្ដាលអស់មីន។
ខេត្តកណ្តាលគឺជាខេត្តទី១០ ដែលត្រូវបានប្រកាសជាខេត្តអស់មីន នៅទូទាំងប្រទេស ដែលនេះគឺជាថ្ងៃប្រវត្តិសាស្រ្តសម្រាប់ប្រជាជនខេត្តកណ្តាលទាំងមូល បានទទួលនូវសេរីភាពរួចចាកផុតពីការគំរាមកំហែងដោយសារមីន។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានថ្លែងនាឱកាសនោះថា ៖ «កម្ពុជា បានប្រែក្លាយពីប្រទេសដែលរងគ្រោះដោយសារគ្រាប់មីនទៅជាប្រទេសដែលចែករំលែកបទពិសោធ ក្នុងការបោសសម្អាតមីន លើឆាកអន្តរជាតិ។ ចំនួនជនរងគ្រោះបាន ថយចុះយ៉ាងខ្លាំងពី ៤ ៣២០នាក់ក្នុងឆ្នាំ ១៩៩៦ មកនៅត្រឹម៤១នាក់ ក្នុងឆ្នាំ២០២២»។គិតត្រឹមខែធ្នូ ឆ្នាំ២០២២, ប្រតិបតិ្តករជាតិ និងអន្តរជាតិជាច្រើន បានបំពេញបេសកកម្មរបស់ខ្លួន តាមគម្រោងអាទិភាពរបស់សហគមន៍ លើផ្ទៃដីសង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ចំនួន ២ ៥៥៤ គីឡូម៉ែត្រការ៉េ។ ក្នុងនោះប្រតិបត្តិករទាំងនេះបានរកឃើញ និងកំទេចចោលមីនប្រឆាំងមនុស្ស ចំនួន ១ ១៥៣ ២១៧ គ្រាប់, មីនប្រឆាំងរថក្រោះ ចំនួន ២៦ ១៣៥ គ្រាប់ និង សំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៣ ០៣៤ ៧២៧គ្រាប់ ហើយបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជា ប្រមាណជាង ៩លាននាក់។
សូមបញ្ជាក់ថា ប្រតិបតិ្តករជាតិ និងអន្តរជាតិទាំងនោះរួមមាន កងយោធពលខេមរភូមិន្ទ, មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព, មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC), អង្គការហេឡូត្រាស់ (HALO Trust), អង្គការម៉ែក (MAG), អង្គការជំនួយប្រជាពលរដ្ឋន័រវេស (NPA), អង្គការដោះមីនកម្ពុជា (CSHD) និងអង្គការ APOPO។
យោងតាមអាជ្ញាធរមីន បានឱ្យដឹងថា សម្រាប់ខេត្តកណ្តាល ផ្ទៃដីសរុប ចំនួន ៩ ៧៨០ ២១០ ម៉ែត្រការ៉េ ត្រូវបានប្រតិបត្តិករបោសសម្អាតទាំងចម្ការមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដោយបានរកឃើញ និងបានកំទេចចោលមីនប្រឆាំងមនុស្ស ចំនួន ២ ៨៧៣ គ្រាប់, មីនប្រឆាំង រថក្រោះ ចំនួន ៤៩ គ្រាប់ និង សំណល់ជាតិផ្ទុះផ្សេងទៀតចំនួន ៩៤ ២៨៩ គ្រាប់ និងមានប្រជាពលរដ្ឋទទួលផលសរុប ចំនួន ១១ ៧៣៣នាក់។
កន្លងទៅ, អាជ្ញាធរមីនបានប្រកាសរាជធានី-ខេត្ត ចំនួន៩រួចហើយជាខេត្តអស់មីន ដែលមាន ខេត្តស្ទឹងត្រែង, ខេត្តកែប, ខេត្តព្រៃវែង, រាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, ខេត្តត្បូងឃ្មុំ, ខេត្តកំពង់ចាម, ខេត្តស្វាយរៀង និង ខេត្តកំពង់ឆ្នាំង។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ៖ «យើងនៅសល់តែ ១៥ខេត្តទៀតប៉ុណ្ណោះ ដែលនៅមានការគម្រាម ដោយសារគ្រាប់មីន ហើយក្នុងឆ្នាំ ២០២៣ នេះ, កម្ពុជាគ្រោងនឹងប្រកាសខេត្តអស់មីនចំនួន៨ខេត្តបន្ថែមទៀត បន្ទាប់ពីខេត្តកណ្តាល ក្នុងនោះ រួមមាន ខេត្តតាកែវ, ខេត្តកំពត, ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ធំ, ខេត្តសៀមរាប, ខេត្តក្រចេះ, ខេត្តមណ្ឌលគិរី និង ខេត្តរតនគិរី»។
នាឱកាសនោះផងដែរឯកឧត្តម លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសលើពិភពលោកដំបូងគេដែលធ្វើការបោសសម្អាតមីនមនុស្សធម៌ជាទ្រង់ទ្រាយធំ ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ជាប្រទេសឈានមុខគេក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោកជាប្រទេសដែលមានផ្ទៃដីបោសសម្អាតមីនរួច ធំជាងគេ។
លោកបន្តថាចាប់ពីឆ្នាំ១៩៩២ កម្ពុជា បានរំដោះផ្ទៃដីពីការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានចំនួន ២.៥៥៤ គីឡូម៉ែត្រក្រឡា រកឃើញ និងកំទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រាប់លានគ្រាប់ និងមានអ្នកទទួលផលជាងប្រាំបួនលាននាក់។
ឯកឧត្តម លី ធុជ មានប្រសាសន៍ថា ៖ «កម្ពុជាស្ថិតក្នុងចំណោមប្រទេស លើពិភពលោកដំបូងគេ ដែលធ្វើការបោសសម្អាតមីនមនុស្សធម៌ជាទ្រង់ទ្រាយធំ ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ជាប្រទេសឈានមុខគេក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោកជាប្រទេសដែលមានផ្ទៃដីបោសសម្អាតមីនរួច ធំជាងគេ»។
បើតាមឯកឧត្តម លី ធុជ ផ្ទៃដីមានមីន ៦៤៨ គីឡូម៉ែត្រក្រឡា ដែលកម្ពុជាមានមហិច្ឆតាត្រូវបោសសម្អាតឱ្យអស់ត្រឹមឆ្នាំ ២០២៥ ស្របតាមចក្ខុវិស័យរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ដោយឡែក ផ្ទៃដីសង្ស័យដែលមានគ្រាប់បែកចង្កោមមានចំនួន ៧៣៥ គីឡូម៉ែត្រក្រឡា និងផ្ទៃដីសង្ស័យមានយុទ្ធភណ្ឌមិនទាន់ផ្ទះចំនួន ៥៩៣ គីឡូម៉ែត្រក្រឡានឹងត្រូវបន្តដោះស្រាយក្រោយឆ្នាំ២០២៥ បន្ទាប់ពីចប់ការងារបោសសម្អាតមីន។
លោកបានបញ្ជាក់ថា ៖ «ខេត្តកណ្តាលមុននឹងឈានដល់ថ្ងៃនេះ គ្រាប់មីនប្រឆាំងមនុស្សចំនួន ២ ៨៧៣គ្រាប់, មីនប្រឆាំងរថក្រោះចំនួន ៤៩គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ចំនួន ៩៤ ២៨៩ គ្រាប់ ត្រូវបានរកឃើញ និងកំទេចចោល ក្នុងទំហំផ្ទៃដីប្រមាណជិត១០គីឡូម៉ែត្រក្រឡា»។
អភិបាលខេត្តកណ្តាលឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងបញ្ជាក់ដែរថា ប្រទេសកម្ពុជា ជាប្រទេសតូច ប៉ុន្តែមានបេះដូងធំ ដោយនៅក្នុងឆ្នាំ២០២២ ប្រទេសកម្ពុជាស្ថិតក្នុងលំដាប់លេខរៀងទី២ ជាប្រទេសដែលបញ្ជូនកងកម្លាំងក្នុងបុព្វហេតុថែរក្សាសន្តិភាព នៅក្នុងបណ្តាប្រទេសសហគមន៍អាស៊ាន។
លោកបានបន្តថា កម្ពុជាក៏ស្ថិតក្នុងលំដាប់លេខរៀងទី១២ នៅទូទាំងពិភពលោក ក្នុងចំណោមប្រទេស ដែលបានបរិច្ចាគកងកម្លាំង នៅក្រោមបេសកកម្មកងទ័ពមួកខៀវរបស់អង្គការសហប្រជាជាតិ៕
ដោយ៖នាង សុគន្ធា