ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជាលើកឡើងពីសារៈសំខាន់នៃតួនាទីចិនក្នុងពិភពលោកពហុប៉ូល
ភ្នំពេញ៖ នាវេទិកាបាគូសកលលើកទី១០ ក្នុងប្រទេសអាស៊ែបៃហ្សង់ កម្ពុជាបានផ្តល់តម្លៃនិងសារៈសំខាន់ចំពោះចិនក្នុងពិភពលោកពហុប៉ូល និងតួអង្គសំខាន់ក្នុងយន្តការពហុភាគីនិយម ប្រកបដោយភាពបើកចំហ និងបរិយាបន្ន សម្រាប់សន្តិភាព និងការអភិវឌ្ឍក្នុងពិភពលោក។
កំឡុងពេលទស្សនិច្ចជាងមួយសប្តាហ៍នៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៣ គណៈប្រតិភូរដ្ឋសភាកម្ពុជាដឹកនាំដោយលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី ២ នៃរដ្ឋសភា បានចូលរួមវេទិកាបាគូសកល លើកទី ១០ ដែលប្រព្រឹត្តទៅនៅទីក្រុងបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់ ដែលរៀបចំដោយមជ្ឈមណ្ឌលអន្តរជាតិនីហ្សាមី ហ្គាន់ចាវី (Nizami Ganjavi International Center-NGIC) ក្រោមអធិបតីភាពលោកអ៊ីលហាម អាលីយេវ (Ilham Aliyev) ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់។
គួរបញ្ជាក់ថា វេទិកាបាគូលើកទី ១០ នៅឆ្នាំ២០២៣ នេះ ប្រព្រឹត្តទៅក្រោមមូលបទ “ពិភពលោកពេលនេះ៖ បញ្ហាប្រឈម និងក្តីសង្ឃឹម” ដែលមានការចូលរួមពីមេដឹកនាំ ម្ចាស់ពានរង្វាន់សន្តិភាពណូបែល រួមទាំងតំណាងជាន់ខ្ពស់រដ្ឋាភិបាល អង្គការអន្តរជាតិ និងសង្គម ស៊ីវិល ប្រមាណជាង ៣៥០ រូប ពីចំណោមប្រទេសជាង ៦០ ជុំវិញពិភពលោក។
យោងតាមនាយកដ្ឋានព័ត៌មាននៃរដ្ឋសភាបានឱ្យដឹងថា នៅក្នុងវេទិកានោះ លោកជំទាវ ឃួន សុដារី ជាតំណាងកម្ពុជា បានធ្វើជាវាគ្មិនពិសេសនៅក្នុងកិច្ចពិភាក្សាលើប្រធានបទពី “តួនាទីរបស់ចិនលើកិច្ចការ សន្តិសុខ និងការអភិវឌ្ឍសកល” ដែលលោកជំទាវបញ្ជាក់ថា ជាប្រធានបទដ៏សំខាន់ និងទាន់ពេល ខណៈពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលផ្លាស់ប្តូរឆ្ពោះទៅរកពិភពលោកពហុប៉ូល។
លោកជំទាវ ឃួន សុដារី បានថ្លែងថា៖ ប្រទេសចិនមានជំហរយ៉ាងច្បាស់លាស់ក្នុងការលើកកម្ពស់ពហុភាគីនិយមមួយដែលពិតប្រាកដ ប្រកបដោយភាពបើកចំហ និងបរិយាបន្ន សម្រាប់សន្តិភាព និងការអភិវឌ្ឍន៍ក្នុងពិភពលោក។ ប្រទេសចិនបានផ្តួចផ្តើមយន្តការសហប្រតិបត្តិការជាសកលមួយចំនួនដូចជាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) និងគំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) ដែលបន្ថែមចក្ខុវិស័យ និងកម្លាំងជំរុញដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ។
ភាគីកម្ពុជាក៏បានចូលរួមពិភាក្សា លើប្រធានបទសំខាន់ៗផ្សេងទៀតផងដែរ រួមមាន ការកសាងភាពធន់នៅពេលពិភពលោក កំពុងបែកបាក់ យុគសម័យនៃការគំរាមកំហែងដ៏ធ្ងន់ធ្ងរ ការបង្កើតឡើងវិញ នូវពហុភាពនិយម ការកសាងសុខភាពពិភពលោកថ្មីមួយ និងកិច្ចពិភាក្សាផ្សេងៗទៀត។
ជុំវិញបញ្ហានេះបណ្ឌិតគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជ្យបណ្ឌិត្យសភាកម្ពុជាលើកឡើងថា ការផ្តល់តម្លៃនិងការគាំទ្រចិនលើឆាកអន្តរជាតិនេះ គឺស្របនឹងនយោបាយការបរទេសកម្ពុជាដែលផ្អែកលើទិដ្ឋភាពច្បាប់និងពហុភាគីនិយម។លោកថា ភាគីចិននិងកម្ពុជាបានប្តេជ្ញាបង្ហាញគាំទ្រដល់គ្នាទៅវិញទៅមកលើវេទិកាតំបនើ និងអន្តរជាតិ ខណៈទំនាក់ទំនងប្រទេសទាំងពីរឈានដល់ក្របខណ្ឌទំនាក់ទំនងត្បូងពេជ្យផង។
បណ្ឌិត គិន ភា បន្តថា៖ ការគាំទ្រចិននេះ មិនមែនជាការគាំទ្រឥតលក្ខខណ្ឌនោះដែរ គឺគាំទ្រទៅលើគំនិតផ្តួចផ្តើម និងយុទ្ធសាស្រ្តជាច្រើនដែលស្នើឡើងពីប្រទេសចិនហ្នឹង វាស្របនឹងផលប្រយោជន៍របស់កម្ពុជា ផលប្រយោជន៍តំបន់។ ការគាំទ្រទាំងនេះនាំឲ្យទំនាក់ទំនងកម្ពុជានិងចិនកាន់តែមានភាពស៊ីជម្រៅគ្រប់ជ្រុងជ្រោយ ហើយកម្ពុជាក៏អាចទាញផលប្រយោជន៍ពីទំនាក់ទំនងនេះតាមរយៈពាណិជ្ជកម្ម ការវិនិយោគ ជំនួយ វិស័យទេសចរណ៍។
បណ្ឌិត គិន ភា មើលឃើញពីតួនាទីសំខាន់របស់ចិនក្នុងពិភពលោកពហុប៉ូល និងយន្តការពហុភាគីនិយម ដែលគេអាចឆ្លុះបញ្ចាំងតាមរយៈសកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលចិនបានផ្តល់កិច្ចសការច្រើនលើជំនួយបច្ចេកទេស ផ្តល់នូវវ៉ាក់សាំង និងបុគ្គលិកសុខាភិបាលទៅកាន់បណ្តាប្រទេសជាច្រើន ហើយចិនមានពាក់ព័ន្ធច្រើនជាមួយពិភពលោកដូចជាសមាហរណកម្មសេដ្ឋកិច្ច។
ចិនបានផ្តួចផ្តើមបង្កើតផែនការធំៗពីរ។ ទី១ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល និង ទី២ គំនិតផ្តួចផ្តើមសន្តិសុខសាកល បន្ថែមពីលើគំនិតផ្តូចផ្តើមខ្សែក្រវាត់និងផ្លូវ(BRI) ដែលកំពុងមានឥទ្ធិពលនៅលើពិភពលោក។
សម្រាប់លោក វណ្ណ ប៊ុនណា អ្នកសិក្សាលើភូមិសាស្រ្តនយោបាយបញ្ជាក់ថា ជំហរគាំទ្ររបស់កម្ពុជាចំពោះចិនមិនមែនជារឿងថ្មីឡើយ ខណៈកម្ពុជាតែងគាំទ្រចិនជានិច្ចទាំងក្របខ័ណ្ឌជាតិ និងអន្តរជាតិតួយ៉ាងគោលការណ៍ចិនតែមួយ(One-China Policy) នៅអង្គការសហប្រជាជាតិជាដើម។ ការលើកឡើងរបស់គណៈប្រតិភូកម្ពុជានៅវេទិកាបាគូនេះ ជាការបង្ហាញពីការប្តេជ្ញាចិត្តបន្ថែមរបស់កម្ពុជាលើជំហរគាំទ្រចិនលើឆាកអន្តរជាតិ។
លោក វណ្ណ ប៊ុនណា ឯកភាពទៅលើតួនាទីសំខាន់របស់ចិនក្នុងពិភពលោកពហុប៉ូល ដែលជាប្រព័ន្ធទាមទារមហាអំណាចច្រើនធ្វើការជាមួយគ្នាក្នុងការដោះស្រាយវិបត្តិពិភពលោកតួយ៉ាង វិបត្តិអាកាសធាតុ បញ្ហាភេរវកម្ម ជាដើម។ ចិនត្រូវបានគេមើលឃើញពីតួនាទីសំខាន់ក្នុងប្រព័ន្ធសេដ្ឋកិច្ចសាកល ព្រោះចិនជាប្រទេសអ្នកមានដែលចូលរួមចំណែកធំក្នុងវិស័យសេដ្ឋកិច្ច ការផ្តល់ជំនួយដល់បណ្តាប្រទេសក្រីក្រតួយ៉ាងតំបន់អាហ្វ្រិក និងអាស៊ី។
គួរជម្រាបជូនថា វេទិកាបាគូសកលលើកទី១០ នេះ បានពិនិត្យ និងពិភាក្សាគ្នងលើកត្តាដែលគំរាមកំហែងដល់សណ្តាប់ធ្នាប់ពិភពលោកថ្មី រួមមាន បញ្ហាសន្តិសុខ និងទស្សនវិស័យសម្រាប់សន្តិភាព ការបង្កើតស្ថិរភាពក្នុងពិភពលោកដែលបែកបាក់គ្នានិងផលប៉ះពាល់ទៅលើសន្តិភាពសកល វិធីនៃការដោះស្រាយបញ្ហាប្រឈមនៅខាងមុខ ជម្លោះដែលអង្រួនពិភពលោក និងការគំរាមកំហែង៕
ដោយ៖ សំបាន ច័ន្ទដារ៉ា