រដ្ឋាភិបាលឥណ្ឌាប្រឆាំងនឹងការទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នា

ញូវដែលី៖ យោងតាមពាក្យបណ្ដឹងមួយទៅកាន់តុលាការកំពូលកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌាបានបង្ហាញជំហរប្រឆាំងដាច់ខាតជុំវិញការទទួលស្គាល់អាពាហ៍ពិពាហ៍រវាងមនុស្សភេទដូចគ្នា ដោយជំរុញឱ្យតុលាការបដិសេធរាល់សំណុំរឿងបច្ចុប្បន្នដែលបានដាក់ពាក្យបណ្ដឹងដោយមនុស្សស្រឡាញ់ភេទដូចគ្នា អ្នកកែភេទ និងអ្នកផ្សេងៗទៀតដែលហៅកាត់ថាជាក្រុម LGBT។

ក្រសួងនីតិនិងយុត្តិធម៌ឥណ្ឌាជឿជាក់ថា «បើទោះបីជាមានទម្រង់ផ្សេងៗគ្នានៃទំនាក់ទំនងនៅក្នុងសង្គមក៏ដោយ ការទទួលស្គាល់អាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ គឺផ្ដល់ជូនសម្រាប់ដៃគូដែលមានភេទផ្ទុយគ្នាតែប៉ុណ្ណោះ ហើយរដ្ឋក៏មានសិទ្ធិស្របច្បាប់ក្នុងការរក្សាទំនៀមទម្លាប់នេះបន្តទៅមុខទៀត»។ នេះបើយោងតាមឯកសារមួយដែលបានពិនិត្យឃើញដោយក្រុមសារព័ត៌មានរ៉យទ័រ ប៉ុន្តែវាមិនត្រូវបានផ្សាយជាសាធារណៈនោះទេ។

ក្រសួងដដែលបានលើកឡើងថា «ការរស់នៅជាមួយគ្នាជាដៃគូស្វាមីភរិយា និងការមានទំនាក់ទំនងផ្លូវភេទរវាងបុគ្គលភេទដូចគ្នា គឺមិនដូចទៅនឹងអត្ថន័យនៃពាក្យថា «គ្រួសារ» នៅក្នុងប្រទេសឥណ្ឌានោះទេ។ ពោលគឺគ្រួសារមួយត្រូវមានប្តី ប្រពន្ធ និងកូនៗ»។ ក្រសួងបានបន្តថា «តុលាការមិនអាចត្រូវបានស្នើឱ្យផ្លាស់ប្តូរគោលនយោបាយនីតិបញ្ញត្តិទាំងមូលរបស់ប្រទេស ដែលបានបង្កប់ទៅក្នុងបទដ្ឋានសាសនា និងសង្គមឥណ្ឌាយ៉ាងស៊ីជម្រៅនោះទេ»។

នៅក្នុងសាលក្រមជាប្រវត្តិសាស្ត្រមួយកាលពីឆ្នាំ២០១៨ តុលាការកំពូលរបស់ប្រទេសឥណ្ឌាធ្លាប់បានចាត់ទុកថា ការស្រឡាញ់ភេទដូចគ្នាជារឿងដែលមិនខុសច្បាប់នោះទេ ដោយបានលុបចោលបម្រាមលើការរួមភេទរវាងបុរសស្រឡាញ់ភេទដូចគ្នាទៀតផង។ ករណីបច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា វាជាការវិវត្តទៅដ៏សំខាន់មួយទៀតអំពីសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសឥណ្ឌា។

គួរដឹងដែរថា យ៉ាងហោចណាស់មានពាក្យស្នើសុំចំនួន ១៥ ដែលករណីខ្លះធ្វើឡើងដោយដៃគូដែលស្រលាញ់ភេទដូចគ្នា។ ពាក្យស្នើសុំទាំងនោះបានស្នើឱ្យតុលាការទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នារបស់ពួកគេ។ បញ្ហាប្រឈមមុខជាមួយផ្លូវច្បាប់នេះ ក៏ជាបញ្ហាមួយដែលរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី ណារ៉េនដ្រា ម៉ូឌី (Narendra Modi) មិនទទួលស្គាល់ផងដែរ។

នៅតំបន់អាស៊ី ប្រទេសភាគច្រើនមានការយឺតយ៉ាវក្នុងការទទួលស្គាល់អាពាហ៍ពិពាហ៍រវាងអ្នកស្រឡាញ់ភេទដូចគ្នា។ តៃវ៉ាន់គឺជាដែនកោះដំបូងគេនៅក្នុងតំបន់ ដែលទទួលស្គាល់សហជីព LGBT ខណៈដែលប្រទេសមួយចំនួននៅតែចាត់ទុកថាវាជារឿងខុសច្បាប់ ដូចជាប្រទេសម៉ាឡេស៊ីជាដើម។ កាលពីឆ្នាំមុន ប្រទេសសិង្ហបុរីបានបញ្ឈប់ការហាមប្រាមចំពោះការរួមភេទរវាងបុរសស្រឡាញ់ភេទដូចគ្នា ប៉ុន្តែបានចាត់វិធានការរារាំងមិនឱ្យមានការរៀបអាពាហ៍ពិពាហ៍រវាងអ្នកស្រឡាញ់ភេទដូចគ្នានោះទេ។

ដោយឡែកក្នុងចំណោមប្រទេសអ្នកមានទាំងប្រាំពីរ ឬ G7 ប្រទេសជប៉ុនគឺជាប្រទេសតែមួយគត់ដែលមិនបានទទួលស្គាល់ដោយស្របច្បាប់ចំពោះសហជីពភេទដូចគ្នា បើទោះបីជាសាធារណជនទូទៅក្នុងប្រទេសបង្ហាញការពេញចិត្តក្នុងការទទួលស្គាល់សហជីពនេះយ៉ាងទូលំទូលាយក៏ដោយ។នៅក្នុងប្រទេសឥណ្ឌាវិញ បញ្ហាចំណងអាពាហ៍ពិពាហ៍រវាងមនុស្សស្រឡាញ់ភេទដូចគ្នាគឺជាបញ្ហាដ៏រសើបខ្លាំង។ ការលើកឡើងមកនិយាយដោយបើកចំហអំពីការស្រឡាញ់ភេទដូចគ្នា គឺជាបម្រាមមួយយ៉ាងតឹងរ៉ឹងខ្លាំងនៅក្នុងប្រទេសអភិរក្សនិយមដែលមានប្រជាជនជាង ១,៤ ប៊ីលាននាក់មួយនេះ។

ជាការកត់សម្គាល់ បញ្ហានេះត្រូវបានលើកយកមកពិភាក្សាគ្នាច្រើននៅលើបណ្ដាញប្រព័ន្ធផ្សព្វផ្សាយ និងនៅក្នុងសភាឥណ្ឌាផ្ទាល់តែម្ដង ដោយកាលពីខែធ្នូ មានសមាជិកសភាម្នាក់មកពីគណបក្សជាតិនិយមហិណ្ឌូ ដែលជាបក្សកំពុងកាន់អំណាចរបស់លោក ម៉ូឌី បានស្នើឱ្យរដ្ឋាភិបាលប្រឆាំងដាច់ខាតចំពោះញត្តិដែលដាក់ទៅកាន់តុលាការកំពូល។ ប៉ុន្តែ សកម្មជនស្រឡាញ់ភេទដូចគ្នាបានលើកឡើងថា ខណៈដែលសេចក្តីសម្រេចមួយកាលពីឆ្នាំ២០១៨ បានបញ្ជាក់ពីសិទ្ធិក្នុងរដ្ឋធម្មនុញ្ញរបស់ពួកគេហើយនោះ វាមិនយុត្តិធម៌នោះទេដែលពួកគេនៅតែខ្វះការគាំទ្រផ្នែកច្បាប់ និងដែលវាគឺជាសិទ្ធិមូលដ្ឋានរបស់គូស្វាមីភរិយាស្រលាញ់ភេទដូចគ្នា គួរតែទទួលបាន។

កាលពីខែធ្នូ អ្នកជំនួញឥណ្ឌាម្នាក់ដែលស្រឡាញ់ភេទដូចគ្នា ឈ្មោះថាលោក Uday Raj Anand បានប្រាប់ទៅកាន់សារព័ត៌មានរ៉យទ័រ ថា «យើងមិនអាចធ្វើអ្វីបានច្រើននោះទេក្នុងដំណើរការរស់នៅប្រចាំថ្ងៃ និងការកសាងជីវិតរស់នៅជាមួយគ្នានេះ»។ រីឯនៅក្នុងបណ្ដឹងកាលពីថ្ងៃអាទិត្យវិញ រដ្ឋាភិបាលបានប្រកែកថា «សេចក្តីសម្រេចឆ្នាំ២០១៨ មិនអាចមានន័យថាជាការទទួលស្គាល់សិទ្ធិស្របច្បាប់ជាមូលដ្ឋានសម្រាប់អាពាហ៍ពិពាហ៍ភេទដូចគ្នានោះទេ»។

រដ្ឋាភិបាលឥណ្ឌាបានអះអាងថា «ចេតនានៅពីក្រោយប្រព័ន្ធច្បាប់បច្ចុប្បន្នស្តីពីអាពាហ៍ពិពាហ៍របស់ឥណ្ឌា គឺផ្ដោតទៅលើតែការទទួលស្គាល់ទំនាក់ទំនងផ្លូវច្បាប់នៃអាពាហ៍ពិពាហ៍រវាងបុរស និងស្ត្រី ដែលជាប្ដី និងប្រពន្ធតែប៉ុណ្ណោះ។ ការផ្លាស់ប្តូររចនាសម្ព័ន្ធច្បាប់ណាមួយគួរតែស្ថិតនៅក្រោមដែនយុត្តាធិការរបស់សភាជាប់ឆ្នោត មិនមែនតុលាការនោះទេ។ នៅថ្ងៃចន្ទនេះផងដែរ សវនាការនៅតុលាការកំពូលនឹងបើកដំណើរការលើសំណុំរឿងមួយនេះ។
ប្រែសម្រួល៖ ធា សុណា

ads banner