វិទ្យាស្ថានជាតិឣធិការកិច្ច ទទួលសិក្ខាកាមមកពីក្រសួង-ស្ថាប័ន ចំនួន១៦ បន្តវគ្គបណ្តុះបណ្តាលវិស័យឣធិការកិច្ច

ភ្នំពេញ៖ ឯ.ឧ ណុប ចាន់ណារិន្ទ ឣ្នកនាំពាក្យ និងរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងឣធិការកិច្ច ( ទ រ ព ឣ )បានឲ្យដឹងនៅថ្ងៃចន្ទ ទី១៣ ខែមីនា ថា វិទ្យាស្ថានជាតិអធិការកិច្ច នៃក្រសួងទ រ ព ឣ បានចាប់ផ្តើមបន្តបើកវគ្គបណ្តុះបណ្តាលបឋមវិស័យឣធិការកិច្ច ជំនាន់ទី៥ លើកទី២ វគ្គទី១ ឆ្នាំ២០២៣ ដោយមានសិក្ខាកាមចំនួន៤៨នាក់ ក្នុងនោះមាន១៦ក្រសួង-ស្ថាប័ន បានមកចូលរួម ។

ឣ្នកនាំពាក្យរូបនេះបានឲ្យដឹងទៀតថា: វគ្គបណ្តុះបណ្តាលនេះមានរយ:ពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី១៣ ខែមីនា ដោយបានធ្វើឡើងក្រោមឣធិបតីភាពឯ.ឧ ឆេង សារឿន រដ្ឋលេខាធិការប្រចាំការ និងជាតំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំឣន ឧបនាយករដ្ឋមន្ត្រី ។

ឯ.ឧ សោម បូរ៉ាន់ នាយកវិទ្យាស្ថានជាតិឣធិការកិច្ច នៃក្រសួងទ រ ព ឣ បានឲ្យដឹងថា វគ្គសិក្សាបានផ្តោតលើប្រធានបទចំនួន ៧ រូមមាន: ទស្សនៈទូទៅ នៃការងារអធិការកិច្ច ប្រព័ន្ធច្បាប់ ការប្រៀបធៀបស្ថាប័នអធិការកិច្ច៤នៅអាស៊ី គណនេយ្យ-ហិរញ្ញវត្ថុ ស្ថាប័នអធិការកិច្ច និងមន្រ្តីអធិការកិច្ច ផែនការ ការធ្វើកំណត់ហតុ និងរបាយការណ៍ និងវិធីសាស្រ្តអធិការកិច្ច។ ប្រធានបទទាំងនេះ គឺជាប្រធានបទដែលបានកំណត់ក្នុងកម្មវិធីបណ្តុះបណ្តាល ដែលត្រូវបានលោកជំទាវកិត្តសង្គហបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានចុះហត្ថលេខាកាលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២១ ។

តាំងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំឣន ឯ.ឧ ឆេង សារឿន បានបញ្ជាក់ថា លោកជំទាវ ឧបនាយករដ្ឋមន្ត្រី មានការយកចិត្តទុកដាក់ណាស់លើការបណ្តុះបណ្តាលធនធានមនុស្ស ពិសេសលើការងារឣធិការកិច្ច ឬការងារត្រួតពិនិត្យ ដែលក្រសួងនេះត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ជធ្វើជាសេនា ឬនិយាយបានថាជាអធិការកិច្ចរបស់រាជរដ្ឋាភិបាល និងមានភារកិច្ចធ្វើលើគ្រប់វិស័យ សំដៅបង្ការ ទប់ស្កាត់ កែលម្អ និងមានវិធានការដើម្បី ប្រឆាំង នឹង អំពើពុក រលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា។

ឯ.ឧ រដ្ឋលេខាធិការប្រចាំការ ឆេង សារឿន បានបន្ថែមថា ដើម្បីឱ្យយើងអាចបំពេញ ភារកិច្ច នេះ ប្រកបដោយប្រសិទ្ធភាព និងជោគជ័យ គឺទាមទារឱ្យមន្រ្តីយើងមានចំណេះដឹងច្បាស់ និងជ្រៅជ្រះពីការងារជំនាញ។ ដូច្នេះ ការបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ច គឺពិតជាមានសារៈសំខាន់ ព្រោះវាមិនត្រឹមតែផ្តល់ចំណេះដឹង និងលើកកម្ពស់ជំនាញមួយកម្រិតថែមទៀតដល់មន្រ្តីរាជការអធិការកិច្ច ដើម្បីពួកគាត់យកទៅបំពេញការងារឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងគណនេយ្យភាព ស្របតាមក្រមសីលធ៌មវិជ្ជាជីវៈអធិការកិច្ច ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កើននូវការទទួលស្គាល់ពីតម្លៃនៃការងារអធិការកិច្ចពីមជ្ឈដ្ឋាននានា ហើយលទ្ធផល ការងារអធិការកិច្ចគឺជាធាតុចូលមួយក្នុងការរួមចំណែកលើកកម្ពស់អភិបាលកិច្ចល្អនៅកម្ពុជា៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner