ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមបើកបវេសនកាលឆ្នាំទី១ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម

ភ្នំពេញ ៖ ក្នុងពិធីបើកបវេសនកាលឆ្នាំទី១ ឆ្នាំសិក្សា២០២២-២០២៣ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) នារសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្ដែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ លោកគ្រូអ្នកគ្រូ ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ច និងបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីចូលរួមក្នុងការអភិវឌ្ឍវិស័យកសិកម្ម ក៏ដូចជាលើកស្ទួយសេដ្ឋកិច្ចជាតិ។

ឯកឧត្តម បានលើកឡើងអំពីភាពសំខាន់នៃទស្សនវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស ដោយបានធ្វើការផ្តាំផ្ញើដល់ប្អូនៗនិស្សិតចាំបាច់ត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់ ដឹងចំណង់ចំណូលចិត្ត មានក្ដីស្រមៃ និងកំណត់គោលដៅខ្លួនឯងច្បាស់លាស់ ដែលជាត្រីវិស័យនាំផ្លូវដើរទៅរកភាពជោគជ័យ ដោយមិនបាក់ទឹកចិត្ត។

ទន្ទឹមនឹងនោះត្រូវតាមដានផែនការ បង្កើតទម្លាប់ ដោយដាក់ចិត្តរៀនដើម្បីចេះទាំងចំណេះដឹង ក្នុងនិងក្រៅសាលា ចេះឱ្យប្រាកដ ធ្វើឱ្យចេញជាលទ្ធផល និងឱ្យល្អបំផុត ហើយលើសពីនេះទៀតត្រូវពង្រឹងសមត្ថភាពបច្ចេកវិទ្យា ពិសេសភាសាផ្សារភ្ជាប់នឹងពិភពលោក ក្នុងការពង្រីកការយល់ដឹងឱ្យកាន់តែទូលំទូលាយ ដើម្បីឈានទៅរកការសម្រេចក្ដីស្រមៃជាអ្នកជំនាញកសិកម្ម និងទទួលបានឱកាសការងារក្នុងវិស័យរដ្ឋ ឯកជន និងអាចជាវិនិយោគិនក្នុងវិស័យកសិកម្ម ផងដែរ ។

នាឱកាសនៃការបើកបវេសនកាលថ្មី ក៏ដូចជាការបើកសម្ពោធមជ្ឈមណ្ឌលការងារនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់មជ្ឈមណ្ឌលការងារនេះ ជ្រើសរើសសំរ៉ាំងនិស្សិតដែលមានសក្តានុពល មានសមត្ថភាពពិតប្រាកដ ទាំងចំណេះដឹងនិងចំណេះធ្វើ ក្នុងការចាប់យកឱកាសការងារជាមួយក្រុមហ៊ុនឯកជនធំៗ និងជាការកសាងកេរ្តិ៍ឈ្មោះ បង្កើតទំនុកចិត្តចំពោះសាលាក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព។

ឯកឧត្តមរដ្ឋមន្ដ្រីបានផ្ដល់អនុសាសន៍ដល់សាលាឱ្យធ្វើការបន្ថែមទៀត ក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការអភិវឌ្ឍកម្មវិធីសិក្សា និងជំរុញឱ្យមានកម្មវិធីផ្សារភ្ជាប់ក្រុមហ៊ុននិងសាកលវិទ្យាល័យ ដើម្បីតម្រង់ទិសនិស្សិតឱ្យត្រូវនឹងតម្រូវការរបស់ក្រុមហ៊ុននិងដំណើរការធនធានមនុស្សរបស់ក្រុមហ៊ុន។ ដើម្បីចូលរួមបន្ថែមក្នុងការអភិវឌ្ឍធនធានមនុស្ស ឯកឧត្តម បានផ្តល់អាហារូបករណ៍សម្រាប់និស្សិតចំនួន ១៩នាក់ផងដែរ៕
ប្រភព៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner