សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា នឹងមានប៉ូលសេដ្ឋកិច្ចទី៤ ដោយផ្តោតលើគម្រោង មច្ឆា និងអង្ករ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជា នឹងមានប៉ូលសេដ្ឋកិច្ចទី៤ ដោយផ្តោតលើគម្រោងមច្ឆា និងអង្ករ ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ដូច្នេះក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា នឹងមានប៉ូលសេដ្ឋកិច្ចទី៤ ដែលមាន៤ខេត្ត គឺខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន។
សម្តេច បញ្ជាក់ថា គម្រោងប៉ូលសេដ្ឋកិច្ចទី៤នេះ ស្ថិតក្រោមគំនិតផ្តួចផ្តើមរបស់សម្តេច និងប្រធានាធិបតីចិន ស៊ី ជីនពីង ដោយផ្តោតលើគម្រោងមច្ឆា និងអង្ករ ដោយសារខេត្តទាំង៤នេះ សម្បូរទៅដោយស្រូវ និងត្រី។ ខេត្តទាំង៤នេះ ក៏ត្រូវបង្កើនផលិតផលផ្សេងៗទៀតផងដែរ ដើម្បីចូលរួមជាមួយទីផ្សារតំបន់ និងពិភពលោក ។
ជាមួយគ្នានេះដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានបានប្រាប់ឱ្យអភិបាលខេត្តនានា គិតឡើងវិញ ពីការសាងសង់ផ្លូវ ដែលមានគុណភាព ជាជាងត្រឹមតែដូរឈ្មោះផ្លូវ។ សម្ដេច ថា ការដូរឈ្មោះនេះ មិនត្រឹមបង្កការលំបាកដល់ប្រជាពលរដ្ឋ ក្នុងការកត់សម្គាល់ផ្លូវនោះទេ សូម្បីសម្ដេចដែលជានាយករដ្ឋមន្ត្រី ក៏មិនដឹងឈ្មោះផ្លូវដែលអភិបាលខេត្តទាំងនោះ បានប្ដូរផងដែរ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ