អ.ស.ប និងរុស្ស៊ី ចាប់ផ្តើមការចរចាស្តីពីកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញាជាតិអ៊ុយក្រែន
ហ្សឺណែវ៖ អង្គការសហប្រជាជាតិ និងរុស្ស៊ី ក្នុងថ្ងៃចន្ទសប្តាហ៍នេះ បានចាប់ផ្តើមការពិភាក្សាស្តីពីការបន្តកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន ដែលបានជួយបន្ធូរបន្ថយវិបត្តិស្បៀងអាហារពិភពលោក ដែលបង្កឡើងដោយប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។
ប្រធានផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ លោក ម៉ាទីន ហ្គ្រីសហ្វីត មិនបានធ្វើអត្ថាធិប្បាយទៅកាន់អ្នកសារព័ត៌មានទេ ខណៈដែលលោកបានមកដល់កិច្ចពិភាក្សានៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ ហើយក៏មិនមានវត្តមានលោកស្រី រ៉េប៊េកកា ហ្គ្រីនស្ពែន ប្រធានទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍ UNCTAD ដែរ។
បេសកកម្មរុស្ស៊ីនៅទីក្រុងហ្សឺណែវ បានប្រាប់សារព័ត៌មាន AFP ថា កិច្ចពិភាក្សាបានចាប់ផ្តើមហើយ។ បើតាមអង្គការសហប្រជាជាតិ គ្រាប់ធញ្ញាជាតិជាង ២៤.១លានតោនត្រូវបាននាំចេញស្ថិតក្រោមការសម្របសម្រួលពីអង្គការសហប្រជាជាតិ និងកិច្ចព្រមព្រៀង Black Sea Grain Initiative (BSGI) ដែលសម្របសម្រួលដោយតួកគី។ កិច្ចព្រមព្រៀង BSGI ដែលបានជួយបន្ធូរបន្ថយវិបត្តិស្បៀងអាហារសកលដែលបណ្តាលមកពីការលុកលុយរបស់រុស្ស៊ី នឹងបន្តដោយស្វ័យប្រវត្តិនៅថ្ងៃទី ១៨ ខែមីនា លុះត្រាតែទីក្រុងមូស្គូ ឬទីក្រុងកៀវជំទាស់។
កិច្ចព្រមព្រៀងទីពីររវាងទីក្រុងមូស្គូ និងអង្គការសហប្រជាជាតិ គឺសំដៅជួយសម្រួលដល់ការនាំចេញអាហារ និងជីរបស់រុស្ស៊ី ដែលត្រូវបានលើកលែងពីទណ្ឌកម្មរបស់លោកខាងលិចដែលដាក់លើទីក្រុងមូស្គូ។ ប៉ុន្តែវិមានក្រឹមឡាំងអះអាងថា កិច្ចព្រមព្រៀងប៉ារ៉ាឡែលលើការនាំចេញរបស់រុស្ស៊ីមិនត្រូវបានគេគោរពទេ។
បើតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ ជិតពាក់កណ្តាលនៃការនាំចេញដែលត្រូវបានដឹកជញ្ជូនក្រោមកិច្ចព្រមព្រៀងខាងលើនេះ គឺពោត ហើយច្រើនជាងមួយភាគបួនគឺជាស្រូវសាលី។ ហើយប្រហែល ៤៥ភាគរយនៃការនាំចេញគឺទៅកាន់ប្រទេសអភិវឌ្ឍន៍។ ប្រទេសទទួលបានច្រើនជាងគេ គឺចិន តាមពីក្រោយដោយអេស្ប៉ាញ តួកគី អ៊ីតាលី និងហូឡង់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា