លោក ស៊ី ជីនពីង នឹងទៅរុស្ស៊ីឆាប់ៗនេះ ដើម្បីជួបពិភាក្សាជាមួយលោក ពូទីន

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង មានគម្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីធ្វើកិច្ចពិភាក្សាជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នាសប្តាហ៍ក្រោយនេះ។ នេះបើតាមសារព័ត៌មានរ៉យទ័រស្រង់ប្រភពអនាមិកចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។

ទាំងវិមានក្រឹមឡាំង និងទីក្រុងប៉េកាំងមិនបានបញ្ជាក់ពីដំណើរទស្សនកិច្ចនេះខាងលើនៅឡើយទេ បើទោះបីជាសារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍កាលពីចុងខែមករាថា លោក ពូទីន បានអញ្ជើញមេដឹកនាំចិនទៅកាន់រដ្ឋធានីរបស់រុស្ស៊ីក៏ដោយ។ កាសែត Wall Street Journal ក៏បានរាយការណ៍កាលពីខែមុនដែរថា លោក ស៊ី អាចនឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូក្នុងខែមេសា ឬដើមខែឧសភាខាងមុខនេះ។

ដោយឡែកកាលពីសប្តាហ៍មុន អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ប៉េសកូវ បាននិយាយថា វិមានក្រឹមឡាំងនឹងមិនប្រកាសកាលបរិច្ឆេទនៃដំណើរទស្សនកិច្ចដែលអាចធ្វើទៅបានទេ ដោយសារតែមិនមានព័ត៌មានលម្អិតជាក់លាក់ណាមួយត្រូវបានបញ្ជាក់ ហើយថា រហូតមកទល់ពេលនេះ យើងមិនមានអ្វីត្រូវរាយការណ៍អំពីប្រធានបទនេះទេ។

ដំណើរទស្សនកិច្ចដ៏មានសក្តានុពលរបស់លោក ស៊ី នឹងផ្តោតលើការពង្រឹងទំនាក់ទំនងរវាងរុស្ស៊ី-ចិន ក៏ដូចជាការឈានទៅមុខនៃកិច្ចចរចាសន្តិភាពពហុភាគី ស្តីពីជម្លោះអ៊ុយក្រែន និងគូសបញ្ជាក់ពីសារៈសំខាន់នៃការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមសារព័ត៌មាន Wall Street Journal ។

ផ្ទុយពីលោកខាងលិច ចិនបានបដិសេធមិនថ្កោលទោសប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែនឡើយ ហើយក៏មិនបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើទីក្រុងមូស្គូនោះដែរ។ ផ្ទុយទៅវិញ ចិនបានអំពាវនាវម្ដងហើយម្ដងទៀតឱ្យមានដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner