សម្តេចតេជោ ហ៊ុន សែន៖ វារីអគ្គិសនី នៅតែជាជំរើសល្អមួយ ខណៈប្រទេសមួយចំនួននៅកំពុងប្រើប្រាស់ធ្យូងថ្ម ផលិតថាមពលអគ្គិសនីនៅឡើយ
ពោធ៌សាត់៖ ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា វារីអគ្គិសនី នៅតែជាជម្រើសល្អមួយ ក្នុងចំណោមជម្រើសនានាដើម្បីទាញយកថាមពលអគ្គិសនី ខណៈប្រទេសមួយចំនួននៅកំពុងប្រើប្រាស់ធ្យូងថ្ម ដើម្បីផលិតថាមពលអគ្គិសនីនៅឡើយទេ។ សម្ដេច បញ្ជាក់ថា ឥឡូវនេះ នៅទូទាំងប្រទេស ភូមិដែលបានភ្ជាប់ជាមួយបណ្ដាញអគ្គិសនីជាតិមានចំនួនទៅដល់ ៩៩ភាគរយហើយ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា សម័យនេះ គឺសម័យប្រើអគ្គិសនី មិនមែនសម័យប្រើចង្កៀង ឬចន្លុះទៀតនោះទេ ដូច្នេះរាជរដ្ឋាភិបាល ត្រូវស្វែងរកដំណោះស្រាយផ្ដល់អគ្គិសនីដល់ប្រជាពលរដ្ឋ ប៉ុន្ដែការដោះស្រាយនេះ គឺត្រូវដោះស្រាយផលប៉ះពាល់ផ្សេងៗ ។
សម្ដេច មានប្រសាសន៍ទៀតថា ការប្រើប្រាស់ថាមពលអគ្គិសនី គឺត្រូវគួបផ្សំផ្នែកវារីអគ្គិសនី បូករួមជាមួយផ្នែកដ៏ទៃទៀតដែលទទួលបានពីពន្លឺព្រះអាទិត្យ ដែលនេះ ជាផ្នែកមួយក្នុងការដោះស្រាយបញ្ហាអគ្គិសនី និងការផ្ដល់អគ្គិសនីដល់ប្រជាពលរដ្ឋ ដោយប្រើប្រាស់ថាមពលកកើតឡើងវិញ។ សម្ដេច បញ្ជាក់ថា រាជរដ្ឋាភិបាល បានខិតខំដោះស្រាយខ្លាំងណាស់ ដែលបច្ចុប្បន្នអគ្គិសនីនៅកម្ពុជា ជាង ៦២ភាគរយ ជាប្រភពអគ្គិសនីកកើតឡើងវិញ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា អគ្គិសនី មិនមែនត្រឹមតែជាតម្រូវការចាំបាច់ នៃការប្រើប្រាស់ប្រចាំថ្ងៃនោះទេ ក៏ប៉ុន្តែក៏ជាតម្រូវធំផ្នែកឧស្សាហកម្មជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ ក្នុងនោះក៏បូករួមវិស័យទេសចរណ៍ ព្រោះសម័យនេះមិនមែនជាសម័យទេសបក់ផ្លិតទៀតទេ ជាសម័យដេកសណ្ឋាគារ បើកម៉ាស៊ីនត្រជាក់ ស្របពេលដែលបច្ចុប្បន្ន នៅរាជធានីភ្នំពេញមួយ មានតម្រូវការប្រើប្រាស់អគ្គិសនីជាង ១ពាន់មេកាវ៉ាត់ ដែលកាលពីមុនមានតម្រូវការត្រឹម ៣០ មេកាវ៉ាត់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា កត្តាតម្រូវការអគ្គិសនីនេះ គឺតម្រូវឱ្យរាជរដ្ឋាភិបាល ស្វែងរកដំណោះស្រាយ ដើម្បីផ្ដល់អគ្គិសនីដល់ប្រជាពលរដ្ឋប្រើប្រាស់ ស្របពេលការកើនឡើងនៃការប្រើប្រាស់អគ្គិសនីនេះ គឺបានបង្ហាញកំណើន ការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។
សម្តេចតេជោ បានលើកឡើងថា នៅតំបន់អឺរ៉ុប កំពុងខ្វះខាតថាមពលប្រើប្រាស់ ដែលបណ្តាលមកពីឥទ្ធិពល នៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ សម្តេចបន្តថា ប្រជាជនអឺរ៉ុបបានប្រើប្រាស់អុសដើម្បីចម្អិនម្ហូបអាហារ និងកម្តៅ ខណៈដែលផ្សារទំនើបនានានៅតំបន់អឺរ៉ុបបានដាក់តាំងលក់អុសជាហូរហែរ ។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសដែរថា អគ្គិសនីនៅអឺរ៉ុបឡើងថ្លៃអស់ហើយ ដោយសារតែប្រទេសអឺរ៉ុបមួយចំនួន ដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី និងអឺរ៉ុបមួយចំនួនមិនទិញឧស្ម័នពីរុស្ស៊ី ហើយបែរមកប្រើធ្យូងថ្ម និងអុស ជំនួសអគ្គិសនីទៅវិញ និងបានចាប់ផ្ដើមប្រើប្រាស់ធ្យូងថ្មឡើងវិញ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ