លោក ស៊ី ជីនពីង នឹងពិភាក្សាតាមអនឡាញជាមួយលោក ហ្សេលេនស្គី បន្ទាប់ពីជួបលោក ពូទីន
កៀវ៖ សារព័ត៌មាន Wall Street Journal ដកស្រង់ប្រភពអនាមិកចេញផ្សាយនៅថ្ងៃចន្ទទី១៣ ខែមីនានេះថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង គ្រោងនឹងធ្វើកិច្ចពិភាក្សាជាមួយសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ជាលើកដំបូង ចាប់តាំងពីការចាប់ផ្តើមជម្លោះ ដែលកំពុងបន្តរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ។
Read. ប្រភពបានឱ្យដឹងថា “កិច្ចប្រជុំតាមអនឡាញ” ជាមួយលោក ហ្សេលេនស្គី ទំនងជានឹងកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ស៊ី ទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលត្រូវបានគេរំពឹងថា នឹងប្រព្រឹត្តទៅនៅដើមសប្តាហ៍ក្រោយនេះ។
ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ប្រធានាធិបតីចិនទៅកាន់ប្រទេសរុស្ស៊ី ដែលត្រូវបានបញ្ជាក់ផងដែរដោយកាសែតរ៉យទ័រនាពេលថ្មីៗនេះ ត្រូវបានកំណត់ថា នឹងក្លាយជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក ស៊ី ចាប់តាំងពីគាត់ទទួលបានអាណត្តិទីបីដែលមិនធ្លាប់មានពីមុនមក ក្នុងនាមជាមេដឹកនាំរបស់ប្រទេសចិន។
ការចរចាដ៏មានសក្តានុពល ត្រូវបានគេរំពឹងថា នឹងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនបន្ថែមទៀត ដើម្បីក្លាយជាអ្នកសម្រុះសម្រួលក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបានអូសបន្លាយអស់រយៈពេលជាងមួយឆ្នាំកន្លងមកនេះ។
តួយ៉ាងកាលពីចុងខែកុម្ភៈ ចិនបានបង្ហាញផែនទីបង្ហាញផ្លូវផ្ទាល់ខ្លួនចំនួន១២ចំណុច ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅរកសន្តិភាពនៅអ៊ុយក្រែន ប៉ុន្តែផែនការនេះ ត្រូវបានច្រានចោលដោយមន្រ្តីកំពូលៗនៅលោកខាងលិច។ ទោះបីជាយ៉ាងណាម ទីក្រុងប៉េកាំងបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ លើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយស្ថានការណ៍ដោយសន្តិវិធី និងបានជំរុញឱ្យភាគីទាំងពីរនៃជម្លោះ “រក្សាសមហេតុផល និងអនុវត្តការអត់ធ្មត់”៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

