ប្រធានាធិបតីចិន គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់រុស្ស៊ី នៅសប្តាហ៍ក្រោយ
ប៉េកាំង៖ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) កំពុងរៀបចំគម្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួបជាមួយសមភាគីលោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) នៅសប្តាហ៍ក្រោយនេះ។ប៉ុន្តែមនុស្សមួយចំនួនដែលបានដឹង និងតាមដានពីបញ្ហានេះបានលើកឡើងថា ដំណើរទស្សនកិច្ចនេះអាចប្រព្រឹត្តទៅលឿនជាងការរំពឹងទុក។
ផែនការដំណើរទស្សនកិច្ចនេះបានកើតឡើងនៅពេលដែលប្រទេសចិនបាននិងកំពុងត្រូវបានគេមើលឃើញថាជាប្រទេសមួយដែលព្យាយាមប្រកាន់ជំហរអព្យាក្រឹតជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។ យ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងរបស់ចិនតែងត្រូវបានប្រឈមមុខជាមួយនឹងការដាក់ការសង្ស័យពីសំណាក់បណ្ដាប្រទេសលោកខាងលិច ដោយចោទប្រកាន់ថារដ្ឋាភិបាលទីក្រុងប៉េកាំងបានផ្តល់ការគាំទ្រផ្នែកការទូតដល់ប្រទេសរុស្ស៊ី។
សូមរម្លឹកថា កាលពីខែមុន លោក ពូទីន បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី មកកាន់ប្រទេសរុស្ស៊ីត្រូវបានព្រមព្រៀងគ្នារួចស្រេចហើយ បើទោះបីប្រមុខដឹកនាំវិមានក្រឹមឡាំងមួយនេះមិនបានបញ្ជាក់ប្រាប់ពីកាលបរិច្ឆេទនៃដំណើរទស្សនកិច្ចនេះជាក់លាក់ក៏ដោយ។ កាលពីខែមុនកាសែត The Wall Street Journal បានរាយការណ៍ថា ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូអាចនឹងប្រព្រឹត្តទៅនៅខែមេសា ឬដើមខែឧសភា ខាងមុខនេះ។
ចំណែកក្រសួងការបរទេសចិនមិនបានផ្ដល់ការឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយអំពីលទ្ធភាពដែលលោក ស៊ី នឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូនៅពេលណានោះទេ។ បន្ថែមលើនេះ នៅពេលដែលមានការសាកសួរពីការរាយការណ៍របស់សារព័ត៌មាន Reuters វិមានក្រឹមឡាំងបានឱ្យដឹងថា ខ្លួនមិនមានអ្វីត្រូវនិយាយនោះទេជុំវិញបញ្ហានេះ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងមូស្គូថា «បើតាមក្បួនច្បាប់កន្លងមក ការប្រកាសអំពីដំណើរទស្សនកិច្ចផ្លូវការរបស់ប្រទេសនីមួយៗ តែងតែត្រូវបានសម្របសម្រួលគ្នាដោយកិច្ចព្រមព្រៀងរវាងគ្នាទៅវិញទៅមករបស់គូភាគីទាំងពីរជាមុនសិន»។
លោកបន្តថា ៖ «នៅពេលដែលមានការត្រៀមខ្លួនរួចរាល់ យើងនឹងប្រកាសប្រាប់អ្នកទាំងអស់គ្នា»។ រហូតមកទល់ពេលនេះ គេមិនទាន់ទទួលបានព័ត៌មានលម្អិតផ្សេងទៀតនោះទេ។ ប្រភពមួយដែលបានរាយការណ៍ប្រាប់អំពីបញ្ហានេះ បានបដិសេធមិនបញ្ចេញអត្តសញ្ញាណជាសាធារណៈ ដោយសារតែបញ្ហានេះជាបញ្ហាដែលមានភាពរសើបខ្លាំង។
គួររម្លឹកថា កាលពីខែមុន លោកពូទីនធ្លាប់បានរៀបចំទទួលភ្ញៀវការទូតកំពូលរបស់ប្រទេសចិនរួចម្ដងមកហើយ គឺលោក វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋចិន ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុងមូស្គូ។ ប្រភពមួយបានឱ្យដឹងថា ការធ្វើដំណើររបស់លោក វ៉ាង ទៅកាន់ទីក្រុងម៉ូស្គូនាពេលនោះ គឺធ្វើឡើងដើម្បីជួយរៀបចំជាមុនសម្រាប់ដំណើរទស្សនកិច្ចផ្លូវការរបស់លោក ស៊ី នាពេលក្រោយនេះ។
សូមកត់សម្គាល់ផងដែរថា ទំនាក់ទំនងរវាងប្រទេសចិន និងរុស្ស៊ីបានឈានដល់ដំណាក់កាលភាពជាដៃគូមួយដែលគ្មានដែនកំណត់ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ ពោលគឺនៅពេលដែលលោក ពូទីន បានបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងដើម្បីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះមុនពេលដែលរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន។ ភាគីទាំងពីរតែងតែបន្តអះអាងជាច្រើនលើកច្រើនសារ អំពីភាពរឹងមាំនៃទំនាក់ទំនងរបស់ពួកគេ។
ចាប់តាំងពីបានឡើងកាន់តំណែងជាប្រធានាធិបតីចិន លោក ស៊ី បានមានកិច្ចជំនួបជាមួយលោក ពូទីន ដោយផ្ទាល់ចំនួន ៣៩ ដងឯណោះ ដែលជំនួបថ្មីៗបំផុតគឺត្រូវបានធ្វើឡើងកាលពីខែកញ្ញា អំឡុងពេលកិច្ចប្រជុំកំពូលមួយបានប្រព្រឹត្តទៅនៅតំបន់អាស៊ីកណ្តាល។ កាលពីថ្ងៃចន្ទ លោក ស៊ី បានបិទបញ្ចប់សម័យប្រជុំប្រចាំឆ្នាំនៃសភាប្រជាជនចិនដ៏ធំមួយ ដោយលោកបានទទួលការគាំទ្រជាឯកច្ឆន្ទនៅក្នុងការដឹកនាំក្នុងអាណត្តិទី៣ ដែលនេះគឺជាព្រឹត្តិការណ៍មួយមិនធ្លាប់មានពីមុនមកនោះឡើយ ក្នុងនាមជាប្រធានាធិបតីចិន៕
ប្រែសម្រួល៖ធា សុណា
ប្រភព៖ https://www.reuters.com/world/chinas-xi-plans-russia-visit-soon-next-week-sources-2023-03-13/