ក្រសួងសាធារណការ កំពុងត្រៀមសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចំនួន១១ បន្ថែមទៀត ដើម្បីឱ្យប្រសើរឡើងនូវសេវាប្រើប្រាស់ផ្លូវល្បឿនលឿន
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងជំរុញឱ្យមានការទូទាត់តាមប្រព័ន្ធឌីជីថលបន្ថែមទៀត តាមរយៈការផ្តល់ជម្រើសកាន់តែសម្បូរបែបដល់ប្រជាពលរដ្ឋក្នុងការបង់កម្រៃសេវាសាធារណៈ និងសេវាប្រើប្រាស់ផ្លូវល្បឿនលឿន ដោយសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា។
នៅក្នុងកិច្ចប្រជុំជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ ដែលកំពុងដំណើរការប្រមូលចំណូល ចំនួន១២ និងបេក្ខភាពគ្រឹះស្ថានថ្មីចំនួន១១ ផ្សេងទៀត ក្នុងគោលបំណង ធ្វើឱ្យប្រសើរឡើង និងផ្តល់ជម្រើសកាន់តែសំបូរបែប ដល់ប្រជាពលរដ្ឋ អាចបង់កម្រៃសេវាសាធារណៈ និងសេវាប្រើប្រាស់ផ្លូវល្បឿនលឿន កាលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ បានថ្លែងថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ដើម្បីធ្វើបច្ចុប្បន្នភាពឱ្យកាន់តែមានភាពប្រសើរឡើង នូវនីតិវិធីក្នុងការប្រមូល និងបង្វែរចំណូលសេវាសាធារណៈ និងកម្រៃពាក់ព័ន្ធ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូនជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ ចំនួន១២ ដែលកំពុងដំណើរការ ជាមួយក្រសួង និងក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។
ឯកឧត្តមបានបន្ថែមថា កិច្ចប្រជុំក៏មានការពិភាក្សាដាច់ដោយឡែក ដើម្បីពន្យល់ពីវិធីក្នុងការស្នើសុំចូលរួមប្រមូលចំណូល អនុលោមតាមបែបបទ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ឯកឧត្តមបានបញ្ជាក់ថា ៖ «ការចូលរួមពីគ្រប់គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ នឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ អាចបង់កម្រៃសេវាសាធារណៈ និងសេវាប្រើប្រាស់ផ្លូវល្បឿនលឿនតាមជម្រើសគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារណាមួយ ដែលប្រជាពលរដ្ឋមានគណនីជាមួយ។ តាមរយៈ ការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីគ្រប់គ្រង និងផ្ទៀងផ្ទាត់កម្រៃសេវាជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ និងជួយសម្រួលដល់គ្រប់អង្គភាពពាក់ព័ន្ធជាមួយសុក្រឹតភាពរបាយការណ៍ និងពន្លឿនការផ្តល់សេវាឱ្យកាន់តែរហ័សជូនប្រជាពលរដ្ឋ»។
បើតាមក្រសួងសាធារណការ ក្នុងចំណោម ២៣គ្រឹះស្ថាននោះមាន ៧គ្រឹះស្ថាន អាចបង់កម្រៃប្រើប្រាស់ផ្លូវល្បឿនលឿន រួមមាន៖ ធនាគារ ACLEDA, CHIPMONG, ABA, WING, VATTANAC, CANADIA, និង LYHOUR។ ១២គ្រឹះស្ថាន អាចបង់កម្រៃសេវាសាធារណៈ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន រួមមាន ៧គ្រឹះស្ថានខាងលើ និងធនាគារ CAMPU, SATHAPANA, PIPAY, PRINCE និង FTB។ ដោយឡែក ១១គ្រឹះស្ថាន ផ្សេងទៀត ជាគ្រឹះស្ថានដែលមានបំណងចូលរួមបម្រើសេវាសាធារណៈ និងសេវាពាក់ព័ន្ធក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ហើយកំពុងក្នុងដំណើរការនីតិវិធីឯកសារ និងបច្ចេកទេស ដែលក្នុងនោះមានទាំង គ្រឹះស្ថាន VISA និង MASTER ផងដែរ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានប្រាប់ឱ្យដឹងថា ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលនេះ កាន់តែបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវល្បឿនលឿន ព្រោះថា ការរួមចំណែករបស់ធនាគារអេស៊ីលីដានេះ ក្នុងប្រមូលចំណូលនេះ អាចបង្កើនល្បឿននៃបង់ប្រាក់ ដូចទៅនឹងការធ្វើដំណើរតាមផ្លូវល្បឿនលឿនដែរ។
លោកបានបញ្ជាក់ថា ៖ «អេស៊ីលីដា នឹងខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពនៃការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីល ឱ្យកាន់តែលឿនរហ័សជាងនេះទៀត។ ឥឡូវនេះ យើងកំពុងពិភាក្សាជាមួយខាងក្រុមហ៊ុន Cambodia PPSHV Expressway ដោយធ្វើយ៉ាងណារៀបចំប្រព័ន្ធទូទាត់ប្រាក់តាម App ACLEDA ឱ្យកាន់តែទំនើបនិងលឿនរហ័សជាងនេះទៀត មានន័យថា ពលរដ្ឋអាចទូទាត់ប្រាក់ឱ្យរួចរាល់មុនពេលទៅដល់បញ្ជរ និងពេលទៅដល់បញ្ជរអាចចេញដំណើរទៅតែម្តង ដែលមិនចាំបាច់រងចាំយូរ ។យើងកំពុងតែពិភាក្សាគ្នាលើបញ្ហានេះ»។
នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាង សមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកម្ពុជា (CAMBA) និងក្រុមហ៊ុនផ្លូវល្បឿនលឿន (Cambodia PPSHV Expressway Co., Ltd ) កាលពីពេលថ្មីនេះ លោក ស៊ុន ចាន់ថុល បានលើកឡើងថា តំណាងក្រុមហ៊ុនផ្លូវល្បឿនលឿន (Cambodia PPSHV Expressway Co., Ltd ) ធ្លាប់បានលើកឡើងថា ចាប់តាំងពីបើកដំណើរការមក មានរថយន្តប្រមាណជាងមួយលានគ្រឿងហើយ ដែលបានធ្វើដំណើរកាត់ផ្លូវល្បឿនលឿនទៅមកភ្នំពេញ-ខេត្តព្រះសីហនុ ហើយក្រុមហ៊ុនសង្កេតឃើញថា ការយល់ដឹងរបស់ប្រ ជាជនខ្មែរចំពោះការបើកបរលើផ្លូវល្បឿនលឿន មានភាពល្អប្រសើរច្រើនជាង កាលបើកដំណើរការដំបូងៗ។
សូមជម្រាបថា ចាប់តាំងពីបើកឱ្យដំណើរការនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ មកដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ចរាចរណ៍សរុបបានឆ្លងកាត់លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានចំនួន ជិត១,៩លាន ក្នុងនោះ មានប្រមាណ ជាង ១,៤លាន ដែលគិតកម្រៃសេវា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ មកទល់ចុងខែកុម្ភៈ ឆ្នាំ២០២៣ និងប្រមូលចំណូលបានសរុប ជិត ១១លានដុល្លារសហរដ្ឋអាមេរិក៕
ដោយ៖វណ្ណ សុជាតា