សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យតំបន់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ប្រែទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ
ពោធិ៍សាត់៖ ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកពីបំណងចង់ប្រែក្លាយឱ្យតំបន់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ។
សម្តេចបានលើកឡើងថា៖ តិចទៀតនៅពេលយើងបិទ (វារី) អគ្គិសនីនេះ ខ្ញុំចង់ឱ្យតំបន់នេះក្លាយទៅជាតំបន់ទេសចរណ៍ដែលទាក់ទាញនៅពេលខាងមុខតាមរយៈការរៀបចំផ្លូវ ។ សម្តេចតេជោ ចង់ឱ្យក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនី បន្ថែមការបង្កើតកន្លែងកម្សាន្ត (Resort) ឱ្យបានច្រើននៅក្នុងតំបន់នោះផងដែរ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី ចង់ឱ្យមានការកែប្រែតំបន់នោះ ទៅជាតំបន់ទាក់ទាញភ្ញៀវទេសចរដូចនឹងតំបន់ទេសចរណ៍ធម្មជាតិនៅស្រុកវាលវែងដែលសម្បូរទៅដោយរមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញខណៈកន្លងមកស្រុកវាលវែង ជាកន្លែងដែលមានសង្រ្គាម។
តាមរបាយការណ៍របស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្នុងខេត្តពោធិ៍សាត់ មានរមណីយដ្ឋាន និងតំបន់ទេសចរណ៍ចំនួន ៣៩កន្លែង ក្នុងនោះមានរមណីយដ្ឋានវប្បធម៌ ៥កន្លែង រមណីយដ្ឋានទេសចរណ៍កែច្នៃ ១១កន្លែង រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ៩កន្លែង សហគមន៍ និងអេកូទេសចរណ៍ ១០កន្លែង និងកសិទេសចរណ៍ ៤កន្លែង៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ



