មនុស្សជាង ១០០នាក់ ត្រូវបានបាត់បង់ជីវិត បន្ទាប់ពីព្យុះ Freddy ហោះកាត់ប្រទេសម៉ូសំប៊ិក និងម៉ាឡាវី
ម៉ាពុយតូ៖ ប្រទេសម៉ូសំប៊ិក និងម៉ាឡាវីកំពុងទទួលរងគ្រោះដោយព្យុះត្រូពិក Freddy ជាលើកទីពីរដែលបណ្តាលឱ្យមនុស្សជាង ១០០ នាក់បានបាត់បង់ជីវិត និងរាប់រយនាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃចន្ទកន្លងទៅនេះ។
ព្យុះត្រូពិក Freddy ត្រូវបានគេស្គាល់ថាជាព្យុះដ៏ធំមួយក្នុងចំណោមព្យុះធំៗទាំងអស់ដែលមិនធ្លាប់មាន នៅអឌ្ឍគោលខាងត្បូង ហើយវាក៏អាចក្លាយទៅជាព្យុះស៊ីក្លូនត្រូពិចផងដែរ។ នេះបើយោងទៅតាមអង្គការឧតុនិយមពិភពលោក។
ព្យុះ Freddy បានវាយលុកប្រទេស ម៉ូសំប៊ិក កាលពីថ្ងៃសៅរ៍ដោយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងបង្កជាទឹកជំនន់ជនលិចយ៉ាងសន្ឋោសន្ឋៅនៅជុំវិញកំពង់ផែ Quelimane និងបានសម្លាប់មនុស្សអស់១០ នាក់ មុននឹងធ្វើដំណើរទៅកាន់ប្រទេសម៉ាឡាវី អមជាមួយនឹងភ្លៀងធ្លាក់យ៉ាងខ្លាំង។
លោក Charies Kalemba នាយកនៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ បាននិយាយកាលពីងថ្ងៃចន្ទថា ព្យុះនេះបានសម្លាប់មនុស្សអស់ ៩៩ នាក់នៅក្នុងប្រទេសម៉ាឡាវី ដែលក្នុងនោះ ៨៥ នាក់ស្ថិតនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មនៅទីក្រុង Blantyre អំឡុងពេលដែលព្យុះកំពុងបោះបោក។
លោកស្រី Marion Pechayre នាយកប្រចាំប្រទេសនៃគ្រូពេទ្យគ្មានព្រំដែន បានប្រាប់សារព័ត៌មានរ៉យទ័រតាមទូរស័ព្ទថា សាកសពយ៉ាងហោចណាស់ ៦០ នាក់ និងអ្នករងរបួស ២០០ នាក់ទៀតបានដឹកមកកាន់មន្ទីរពេទ្យកណ្តាលទីក្រុង Blantyre នាពេលរសៀល។ អ្នកស្រីបានបន្ថែមទៀតថា អ្នករងរបួសទាំងអស់គ្រោះថ្នាក់បណ្តាលមកពីការបាក់ដើមឈើ បាក់ដី និងទឹកជំនន់ និងរលំផ្ទះ។
លោក Peter Kalaya អ្នកនាំពាក្យប៉ូលីសក៏បានប្រាប់រ៉យទ័រដែរថា ក្រុមជួយសង្គ្រោះកំពុងស្វះស្វែងរក មនុស្សនៅក្នុងទីក្រុងពីរទៀត គឺទីក្រុង Chilobwe និងNdirande នៃប្រទេសម៉ាឡាវី ដោយសារទីក្រុងនេះបានទទួលរងឥទ្ធិពលភ្លៀងធ្លាក់ខ្លាំងជាងគេកាលពីថ្ងៃចន្ទនេះ។
លោកបានបន្តថា មិនតែប៉ុណ្ណោះក្រុមហ៊ុនអគ្គិសនីរបស់ប្រទេសម៉ាឡាវី Egenco ត្រូវបានផ្អាកការផ្តល់ថាមពលផងដែរ ដើម្បីការពារវារីអគ្គិសនីសំខាន់ៗរបស់ខ្លួនពីខ្យល់ព្យុះ។
ចំណែក លោក Guy Taylor ប្រធានផ្នែកតស៊ូមតិទំនាក់ទំនង និងភាពជាដៃគូជាសម្រាប់អង្គការ Unicef បានប្រាប់សារព័ត៌មានរ៉យទ័រថា ៖ «យើងបានសង្កេតឃើញអគារ និងគ្លីនិកជាច្រើនត្រូវបានបំផ្លាញ ផ្ទះប្រជាជនដួលរលំដោយសារខ្យល់កន្ត្រាក់ ទឹកជំនន់ជនលិចមុននិងខ្យល់ព្យុះបានមកដល់ ហើយវាបានបង្កើតហានិភ័យជាច្រើនដល់ដំណាំ និងបង្កើតជំងឺឆ្លងតាមទឹក»។
សូមបញ្ជាក់ផងដែរថា ប្រទេសម៉ូសំប៊ិក ប្រទះឃើញបរិមាណទឹកភ្លៀងច្រើនជាងឆ្នាំមុនៗ ក្នុងរយៈពេល ៤សប្តាហ៏កន្លងមកនេះ ស្របពេលដែលប្រទេសម៉ាឡាវីកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺអាសន្នរោគ (Chorela) ដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រខ្លួនដោយទីភ្នាក់ងារអង្គការសហប្រជាជាតិបានព្រមានថា ស្ថានភាពនេះនឹងអាក្រក់ៗទៅ៕
ប្រែសម្រួល៖ឡេង អារីតា ប្រភព៖ More than 100 killed as Storm Freddy returns to Mozambique and Malawi