អង់គ្លេស បង្កើនការផ្ដល់អាជ្ញាប័ណ្ណ នាំចេញគ្រឿងបន្លាស់នាវាមុជទឹក ទៅតៃវ៉ាន់
ឡុងដ៍៖ ចក្រភពអង់គ្លេសបានបង្កើនការផ្ដល់អាជ្ញាប័ណ្ណលើការនាំចេញគ្រឿងបន្លាស់ និងបច្ចេកវិទ្យានាវាមុជទឹកទៅកោះតៃវ៉ាន់កាលពីឆ្នាំមុន ស្របពេលដែលក្រុងតៃប៉ិពង្រឹងកងទ័ពជើងទឹករបស់ខ្លួន ដែលជាវិធានការមួយអាចប៉ះពាល់ដល់ទំនាក់ទំនងរបស់អង់គ្លេសជាមួយចិន។ នេះបើតាមការរាយការណ៍ផ្ដាច់មុខរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
តម្លៃអាជ្ញាប័ណ្ណដែលរដ្ឋាភិបាលអង់គ្លេសផ្តល់ទៅក្រុមហ៊ុនផ្សេងៗដើម្បីនាំចេញគ្រឿងបន្លាស់ និងបច្ចេកវិទ្យាប្រើប្រាស់លើនាវាមុជទឹកទៅកោះតៃវ៉ាន់មានចំនួនសរុបរហូតដល់ជាង ២០១ លានដុល្លារអាមេរិក ក្នុងកំឡុងពេលប្រាំបួនខែដំបូងនៃឆ្នាំ ២០២២។ នេះបើតាមទិន្នន័យអាជ្ញាប័ណ្ណនាំចេញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស ដែលតួលេខនេះត្រូវបានរ៉យទ័រវិភាគឃើញថា ច្រើនជាងការផ្ដល់ឱ្យរយៈពេលប្រាំមួយឆ្នាំមុន រួមបញ្ចូលគ្នា។
គួររំឭកថា ចិនចាត់ទុកកោះតៃវ៉ាន់ថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយប្រកាន់ជំហរយ៉ាងតឹងរ៉ឹងមិនឱ្យប្រទេសដទៃលូកដៃចូលបញ្ហានេះ ដែលខ្លួនអាចចាត់ទុកជាការព្យាយាមទទួលស្គាល់កោះតៃវ៉ាន់ថាជាប្រទេសឯករាជ្យ។
ឆ្លើយតបនឹងតួលេខនៃការបង្កើនការផ្ដល់របស់ចក្រភពអង់គ្លេស ក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ប្រសិនបើនេះជាការពិត វាគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ បំផ្លាញអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ចិន និងធ្វើឱ្យខូចដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់»។
ក្រសួងបានបន្តដោយជំរុញឱ្យចក្រភពអង់គ្លេស «បដិសេធមិនផ្តល់ការគាំទ្រផ្នែកយោធាដល់អាជ្ញាធរតៃវ៉ាន់» ហើយនិយាយថា ៖ «ចិនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីរឿងនេះ ហើយប្រឆាំងនឹងវាយ៉ាងម៉ឺងម៉ាត់»។
អង់គ្លេសមិនទទួលស្គាល់តៃវ៉ាន់ ឬមានទំនាក់ទំនងការទូតជាផ្លូវការជាមួយកោះនេះនោះទេ។ ប៉ុន្តែប្រទេសនេះរក្សាទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយមានស្ថានទូតបណ្ដោះអាសន្នប្រចាំទីក្រុងតៃប៉ិ។
ជុំវិញការរាយការណ៍ចុងក្រោយរបស់រ៉យទ័រ អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេសបានថ្លែងក្នុងសេចក្ដីថ្លែងការណ៍មួយថា ចក្រភពអង់គ្លេសមានកំណត់ត្រាយូរណាស់មកហើយ អំពីការផ្តល់អាជ្ញាប័ណ្ណសម្រាប់ការនាំចេញទំនិញទៅតៃវ៉ាន់ ដែលប្រតិបត្តិការនេះស្របតាមច្បាប់ដែលគ្រប់គ្រងការនាំចេញអាវុធ និងផលិតផលដែលប្រើប្រាស់បានទាំងសម្រាប់ស៊ីវិល និងយោធា»។
សេចក្តីថ្លែងការណ៍អង់គ្លេសបានបន្ថែមថា ៖ «យើងចាត់ទុកថា បញ្ហាតៃវ៉ាន់ត្រូវការការដោះស្រាយដោយសន្តិភាពដោយប្រជាជននៅសងខាងនៃច្រកសមុទ្រតៃវ៉ាន់ តាមរយៈការសន្ទនាក្នុងន័យស្ថាបនា ដោយគ្មានការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ឬការបង្ខិតបង្ខំ»។
មន្ត្រីរដ្ឋាភិបាលអង់គ្លេសពីររូប បានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះប្រាប់រ៉យទ័រថា ការបង្កើនអាជ្ញាប័ណ្ណ ឆ្លុះបញ្ចាំងពីតម្រូវការកាន់តែច្រើនរបស់តៃវ៉ាន់។ ចំណែកឯសមាជិកសភា២រូបទៀតដែលដឹងពីបញ្ហានេះ និងអតីតមន្ត្រី២នាក់ បានអះអាងប្រាប់ទីភ្នាក់ងារសារព័ត៌មានដដែលក្នុងលក្ខខណ្ឌដូចគ្នាថា ការផ្ដល់អាជ្ញាប័ណ្ណបានឆ្លុះបញ្ចាំងពីឆន្ទៈនៃការបង្កើនការគាំទ្រកោះតៃវ៉ាន់របស់ចក្រភពអង់គ្លេស ដោយសមាជិកសភាម្នាក់លើកឡើងថា វាគឺជាការផ្ដល់ «ភ្លើងខៀវ» ដើម្បីឱ្យតៃវ៉ាន់មានបំពាក់ដោយគ្រឿងការពារខ្លួនកាន់តែប្រសើរជាងមុន។
សូមបញ្ជាក់ថា ទិន្នន័យចុងក្រោយ ដែលគ្មានការអាប់ឌែតថ្មីមកទល់ពេលនេះ បានមកពីអង្គការត្រួតពិនិត្យការនាំចេញរបស់អង់គ្លេស ដែលទទួលខុសត្រូវលើការផ្តល់អាជ្ញាប័ណ្ណនាំចេញ និងស្ថិតនៅក្នុងក្រសួងពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេស។ ទិន្នន័យបង្ហាញថា រដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណនាំចេញចំនួន ២៥ ទៅកាន់តៃវ៉ាន់ក្នុងអំឡុងពេល៩ខែដំបូងនៃឆ្នាំ ២០២២ ក្នុងប្រភេទទំនិញ «សមាសធាតុនាវាមុជទឹក» និង «បច្ចេកវិទ្យាសម្រាប់នាវាមុជទឹក»។
ទិន្នន័យមិនបង្ហាញថាក្រុមហ៊ុនណាខ្លះដែលទទួលបានអាជ្ញាប័ណ្ណ ឬព័ត៌មានលម្អិតអំពីឧបករណ៍ជាក់លាក់ដែលនាំចេញទៅនោះទេ ប៉ុន្តែអាជ្ញាប័ណ្ណមួយប្រភេទ ឈ្មោះ ML9 ដែលមានក្នុងបញ្ជីត្រូវនាំចេញនៃបានរួមបញ្ចូលទាំង គ្រឿងនាវាចម្បាំង បរិក្ខារកងទ័ពជើងទឹកពិសេស គ្រឿងបន្លាស់ សមាសធាតុ និងគ្រឿងផ្សេងៗទៀតនៃនាវា។
នេះបើយោងតាមបញ្ជីរបស់ចក្រភពអង់គ្លេសនៃដែលតម្រូវឱ្យមានការអនុញ្ញាតការនាំចេញ។ ចំណែកឯប្រភេទអាជ្ញាប័ណ្ណមួយផ្សេងទៀតឈ្មោះ ML22 រួមមានបច្ចេកវិទ្យាដែលទាមទារការអភិវឌ្ឍន៍ ការផលិត ប្រតិបត្តិការ ការដំឡើង ការថែទាំ ឬជួសជុលបន្ថែម។
ជាមួយគ្នានេះផងដែរ កាលពីថ្ងៃចន្ទ រដ្ឋាភិបាលអង់គ្លេសបានប្រកាសពីការបង្កើនការចំណាយលើវិស័យការពារជាតិ ខណៈបង្ហាញការអាប់ដេតចំពោះអាទិភាពផ្នែកការពារ សន្តិសុខ និងគោលនយោបាយការបរទេសរបស់ខ្លួន ដោយកំណត់ពីរបៀបដែលប្រទេសមានផែនការ «ដោះស្រាយការគំរាមកំហែងថ្មី» ពីប្រទេសចិន និងរុស្ស៊ី។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីហ្ស៊ី ស៊ូណាក់ បានកំណត់ចំៗលើជំហរកាន់តែក្លៀវក្លារបស់ចិននៅសមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់ ថាជាបញ្ហាមួយដែលគំរាមកំហែងធ្វើឱ្យពិភពលោកប្រកបដោយគ្រោះថ្នាក់ ភាពវឹកវរ និងការបែងចែក ក៏ដូចជាធ្វើឱ្យខូចសណ្តាប់ធ្នាប់អន្តរជាតិ ដែលកាន់តែអំណោយផលដល់របបផ្តាច់ការ។
គេមើលឃើញថា ការធ្លាក់ចុះនៃទំនាក់ទំនងរវាងលោកខាង និងចិនមានទ្រង់ទ្រាយកាន់តែអាក្រក់ទៅៗក្នុងស្ថានភាពនៃភូមិសាស្រ្តនយោបាយបច្ចុប្បន្ន។ ចំណែកឯភាពតានតឹងនៃវិបត្តិច្រកតៃវ៉ាន់វិញ បានដោលឡើងដល់ចំណុចខ្ពស់បំផុតមិនធ្លាប់មានរាប់ទសវត្សរ៍ ចាប់តាំងពីឆ្នាំមុន បន្ទាប់ពីដំណើរទស្សនកិច្ចទៅក្រុងតៃប៉ិរបស់អតីតប្រធានសភាអាមេរិកលោកស្រី ណាន់ស៊ី ប៉េឡូស៊ី ដែលធ្វើឱ្យចិនឆ្លើយតបដោយខឹងសម្បារ តាមរយៈការបង្កើនសកម្មភាពយោធាទ្រង់ទ្រាយធំជុំវិញកោះ ដែលបដិសេធការគ្រប់គ្រងរបស់ក្រុងប៉េកាំងមួយនេះ។
ឆ្លើយតបទៅនឹងការបង្កើនការផ្ដល់អាជ្ញាប័ណ្ណនាំចេញគ្រឿងបន្លាស់នាវាមុជទឹកពីចក្រភពអង់គ្លេសក្រសួងការពារជាតិតៃវ៉ាន់និយាយក្នុងសេចក្តីថ្លែងការណ៍មួយថា កម្មវិធីផលិតនាវារបស់ខ្លួន គឺជា «គោលនយោបាយជាតិដ៏សំខាន់ ហើយកងទ័ពជើងទឹកបានផ្សព្វផ្សាយគម្រោងផ្សេងៗក្នុងវិធីជាក់ស្តែងនៅក្រោមកិច្ចការនេះ»។ ក្រសួងបាននិយាយបន្តតាមសំណើសុំការអត្ថាធិប្បាយរបស់រ៉យទ័រថា៖ «យើងសង្ឃឹមថា គ្រប់មជ្ឈដ្ឋាននឹងបន្តផ្តល់ការគាំទ្ររបស់ពួកគេ ដើម្បីរួមគ្នារក្សាសន្តិសុខ និងសន្តិភាពនៃច្រកសមុទ្រតៃវ៉ាន់»៕
ប្រែសម្រួល៖ហួន ឌីណា
ប្រភព៖ Exclusive: UK approves increased submarine-related exports to Taiwan, risking angering China https://www.reuters.com/world/uk/uk-approves-increased-submarine-related-exports-taiwan-risking-angering-china-2023-03-13/