សហគមន៍កសិកម្ម កសិករសាមគ្គីអមលាំង រកចំណូលពីការដាំបន្លែលើកទឹក ក្នុងមួយខែបានជាង១ពាន់ដុល្លារ
ខេត្តកំពង់ស្ពឺ៖ ការដាំដុះបន្លែលើទឹក (Hydroponic) ជាការដាំដុះមួយបែបដែលត្រូវបានសហគមន៍កសិកម្ម កសិករសាមគ្គីអមលាំង ខេត្តកំពង់ស្ពឺ បានទទួលជោគជ័យ ក្នុងការដាំសម្រាប់ផ្គត់ផ្គង់ទីផ្សារដែលបច្ចុប្បន្នអាចឈានទៅដល់បញ្ជូនទៅលក់កាន់ទីផ្សារទាំងក្នុងតំបន់ និងមួយផ្នែកទៀតបានចែកចាយលក់ទៅកាន់បណ្តាខេត្តដទៃទៀត។ សហគមន៍កសិកម្ម កសិករសាមគ្គីអមលាំងស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្ត កំពង់ស្ពឺ។
អ្នកស្រី ទឹម សំណួល ប្រធានសហគមន៍កសិកម្ម កសិករសាមគ្គីអមលាំងបានឱ្យដឹងថា បច្ចេកទេសដាំបន្លែលើទឹក ពោលគឺជាការដាំដោយមិនប្រើដីជា វិធីសាស្រ្តមួយដែលសហគមន៍របស់អ្នកស្រីបានទទួលជោគជ័យ និងព្រមជាមួយគ្នាថែមទាំងបានឈានទៅដល់បណ្តុះបណ្តាលដល់សហគមន៍ដទៃសម្រាប់សិក្សារៀនសូត្រជំនាញដើម្បីអនុវត្តក្នុងសហគមន៍របស់ខ្លួនថែមទៀត។
ក្នុងការអភិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័សពីប្រជាពលរដ្ឋដែលមិនមានមុខជំនាញអ្វីសោះ កាលពីមុនមក អ្នកស្រី ទឹម សំណូល បានឱ្យដឹងថាឆ្លងកាត់តាមរយៈអ្នកស្រីបានរៀនវគ្គបណ្តុះបណ្តាលជំនាញពីអង្គការនានាទីបំផុតអ្នកស្រីបានរៀនចេះជំនាញការដាំបន្លែលើទឹក និង ជំនាញកសិកម្មដទៃទៀតធ្វើឱ្យអ្នកស្រីអាចរកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ និង សហគមន៍បានល្អប្រសើរបើប្រៀបធៀបកាលពីមុនមកគឺខុសគ្នាឆ្ងាយខ្លាំងណាស់។
ប្រធានសហគមន៍រូបនេះបានប្រាប់ឱ្យដឹងផងថា “ចាប់ពីដាំរហូតប្រមូលផលគឺប្រើរយៈពេល២៨ថ្ងៃឡើងទៅ។ខ្ញុំដាំបន្លែច្រើនមុខដូចជា ស្ពៃក្រញាញ់ សាលាដនិងខាត់ណា”។
អ្នកស្រីបានបន្តឱ្យដឹងថា ក្នុងរយៈពេល១ខែដែលមាន២៣ធ្នើគឺអាចហុចផលប្រមាណ១តោន៥០០គីឡូក្រាមដោយបានថវិការសរុបជាង ១ពាន់ដុល្លារអាមេរិក ក្នុង១ខែឬបើមានការដាំចម្រុះថវិកាដែលទទួលបានក៏ច្រើនជាងនេះដែរ ពោលគឺអាស្រ័យទៅលើការហុចផល និង តម្លៃលើទីផ្សារប៉ុណ្ណោះ។
ក្នុងរយៈពេលដាំបន្លែលើកទឹកជាង៥ឆ្នាំមកនេះអ្នកស្រី ទឹម សំណូល បានឱ្យដឹងថាជួបឧបសគ្គខ្លះៗពិសេសពេលដំបូងអ្នកស្រី អាចដាំបានត្រឹម៣ទៅ៤ធ្នើ ហើយក៏បានចាប់ផ្តើមបង្កើនចំនួនបន្តបន្ទាប់រហូតមកដល់ពេលបច្ចុប្បន្នបានពង្រីកដល់ជាង ២០ធ្នើ ហើយការរកចំណូលក៏បានខ្ពស់ទៅតាមនោះដែរ។
អ្នកស្រីទឹម សំណូលបានបញ្ជាក់ប្រាប់ផងថា ក្រៅពីការដាំបន្លែលើទឹកនេះអ្នកស្រីក៏បានធ្វើការបណ្តុះបណ្តាលប្រជាសហគមន៍ ដែលកាលពីមុនមកមិនចេះដាំបន្លែ ចិញ្ចឹមសត្វ តែក្រោយការបង្កើតសហគមន៍ពួកគាត់បាននាំគ្នាដាំបន្លែបង្កា និងចិញ្ចឹមសត្វធ្វើឱ្យជីវភាពផ្លាស់ប្តូរ ។ កាលពីមុនពួកគាត់ខ្លះបានចូលព្រៃកាប់ឈើ និងបរបាញ់សត្វ ខ្លះធ្វើចំណាកស្រុក ខ្លះស៊ីឈ្នួលធ្វើស្មៅតាមចំការអំពៅឱ្យគេ តែបច្ចុប្បន្នបានងាកមកដាំបន្លែចិញ្ចឹមសត្វ ហើយបើក្រឡេកមកមើលជីវភាពពួកគាត់ឃើញថាល្អប្រសើរឡើងបន្តបន្ទាប់ ។
គួរបញ្ជាក់ថា៖ ក្រសួងកសិកម្ម បានបង្ហាញអំពីអត្ថប្រយោជន៍យ៉ាងច្រើន ដែលកសិករទទួលបាន ក្នុងការដាំបន្លែលើទឹក ក្នុងនេះដូចជា កសិករអាចដាំបន្លែបាន ទោះស្ថិតក្នុងតំបន់ដីមិនសូវសម្បូរជីជាតិ។ កសិករមិនចាំបាច់ត្រូវការផ្ទៃដីធំ សម្រាប់ដាំបន្លែ និងមិនចាំបាច់ភ្ជួររាស់ដី។ ការដាំបន្លែលើទឹក កសិករងាយគ្រប់គ្រងសត្វល្អិត និងជំងឺលើបន្លែ ហើយក៏មិនចាំបាច់ចំណាយលើការប្រើប្រាស់ថ្នាំគីមី។ជាមួយគ្នានេះការដាំបន្លែលើទឹក មិនប្រឈមការកើតជំងឺផ្សិត និងជំងឺផ្សេងៗ ដែលបង្កឡើងពីដី។ ពិសេស គេអាចដាំបន្លែលើទឹកទាំងរដូវប្រាំង និងរដូវវស្សា ព្រោះវាមិនចាំបាច់ស្រោចទឹកនោះទេ ៕
ដោយ៖ ម៉ាដេប៉ូ