សាលា Shrewsbury ភ្នំពេញ នឹងបង្កើតកម្មវិធីសម្តែង និងវាយតម្លៃ ដើម្បីទទួលបានអាហារូបករណ៍សិក្សាសម្រាប់កុមារ ពិសេសផ្តោតលើការអភិវឌ្ឍន៍ជំនាញលើមុខវិជ្ជា STEAM
ភ្នំពេញ ៖ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ កំពុងពង្រីកកម្មវិធីអាហារូបករណ៍របស់ខ្លួនដើម្បីរួមបញ្ចូលផ្នែកបីសំខាន់គឺ៖ ការសិក្សា សិល្បៈសម្តែង និងកីឡា។ សាលាលំដាប់ថ្នាក់ចក្រភពអង់គ្លេសនេះនឹងមានកម្មវិធីសម្តែងនិងវាយតម្លៃសម្រាប់ការទទួលបានអាហារូបករណ៍សាលា នៅថ្ងៃទី ០៦ ខែឧសភា សម្រាប់កុមារដែលមានសក្តានុពលក្នុងការទទួលបានអាហារូបករណ៍នេះ។ សាលាគ្រោងនឹងបង្កើតកម្មវិធីអាហារូបករណ៍បន្ថែមទៀតនាពេលអនាគត ដូចជាការផ្តោតលើការអភិវឌ្ឍន៍ជំនាញលើមុខវិជ្ជា STEAM។
នាយកគ្រប់គ្រងសាលា លោក Toby Waterson បានពន្យល់ពីកត្តាជំរុញរបស់សាលាក្នុងការអនុវត្តកម្មវិធីទាំងនេះថា៖ « កម្មវិធីអាហារូបករណ៍នេះមានគោលបំណងផ្គត់ផ្គង់គុណភាពនៃកម្មវិធីអប់រំដល់កុមារដែលមានសក្តានុពល។ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ប្តេជ្ញាផ្តល់ការអប់រំប្រកបដោយគុណភាពខ្ពស់ និងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា ស្របជាមួយនឹងសាលាអន្តរជាតិដទៃទៀតនៅក្នុងតំបន់។ សាលាមានគោលបំណងមិនត្រឹមតែផ្តល់ជូនសិស្សានុសិស្សនូវកម្មវិធីសិក្សា និងឱកាសនៅសាលាប៉ុណ្ណោះទេ ប៉ុន្តែគឺផ្តល់លទ្ធភាពឱ្យពួកគេអភិវឌ្ឍខ្លួន។ សាលាក៏បានប្តេជ្ញាចិត្តក្នុងការធានាថា ឱកាសគឺបើកចំហដល់កុមារមកពីគ្រប់មជ្ឈដ្ឋានសង្គម ដោយមិនគិតពីជីវភាពគ្រួសាររបស់ពួកគេឡើយ។ កម្មវិធីអាហារូបករណ៍បង្កើតភាពចម្រុះកាន់តែច្រើននៅក្នុងសាលារៀន ដែលមានសារៈសំខាន់កាន់តែខ្លាំងសម្រាប់ការជឿនលឿននិងសកលភាវូបនីយកម្មរបស់យើង។
ដំណើរការជ្រើសរើសនេះគឺមិនគិតថ្លៃនោះទេ ហើយបើកចំហរសម្រាប់កុមារទាំងអស់នៅប្រទេសកម្ពុជា។ គ្រួសារដែលចាប់អារម្មណ៍ក្នុងការឱ្យកូនៗចូលរួមកម្មវិធីសម្តែងនិងវាយតម្លៃសម្រាប់ការទទួលបានអាហារូបករណ៍សាលា នៅថ្ងៃទី ០៦ ខែឧសភា នឹងត្រូវដាក់ពាក្យសុំចុះឈ្មោះ ដែលត្រូវបានពិនិត្យជ្រើសរើសដោយសាលាមុនពេលកម្មវិធី។ ទម្រង់ពាក្យសុំ និងព័ត៌មានអំពីលក្ខណៈវិនិច្ឆ័យនៃការផ្តល់រង្វាន់មាននៅលើគេហទំព័រ និងទំព័រហ្វេសប៊ុករបស់សាលា ហើយត្រូវដាក់ពាក្យឱ្យបានមុនម៉ោង ៥ ល្ងាច ថ្ងៃទី ៣០ ខែមេសា ៕ ដោយ / គ្រី សម្បត្តិ