តៃវ៉ាន់ បង្ហាញយន្តហោះដ្រូនសម្រាប់វាយប្រហារចល័ត ខណៈភាពតានតឹងកំពុងកើនឡើងខ្លាំង

តៃប៉ិ៖ តៃវ៉ាន់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បានធ្វើការបង្ហាញយន្តហោះគ្មានមនុស្សបើក ឬហៅថាដ្រូនសម្រាប់ការវាយប្រហារចល័តជាលើកដំបូងរបស់ខ្លួន ដែលជាដ្រូនមានភាពស្រដៀងទៅនឹងគំរូរបស់សហរដ្ឋអាមេរិកដែលបានប្រើក្នុងសមរភូមិប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី ខណៈដែលចិនកំពុងដំឡើងសម្ពាធយោធាទៅលើកោះមួយនេះកាន់តែខ្លាំងឡើង។

កាលពីថ្ងៃអង្គារ វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិឆូងសាន (Chung-Shan) ដែលគ្រប់គ្រងដោយយោធា ឬហៅកាត់ថា NCSIST បានធ្វើការបង្ហាញយន្តហោះគ្មានមនុស្សបើកដែលអាចផ្ទុកគ្រាប់បែកជាមួយខ្លួនរបស់វាបាន និងដែលស្រដៀងទៅនឹងដ្រូនប្រភេទ Switchblade 300 ដែលផលិតដោយសហរដ្ឋអាមេរិក ហើយបច្ចុប្បន្ននេះ វាត្រូវបានកំពុងនឹងប្រើប្រាស់ដោយទាហានអ៊ុយក្រែន។

យោងតាមវិទ្យាស្ថាន NCSIST បានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើកនេះអាចប្រើបានតែម្ដងប៉ុណ្ណោះ ពោលគឺត្រូវបានរចនាឡើងក្នុងទំហំតូចល្មម អាចដាក់ចូលក្នុងកាបូបស្ពាយបាន ហើយអាចហោះនៅលើអាកាសបានរយៈពេល ១៥ នាទី។ លោក ឈី លីពីន (Chi Li-pin) ប្រធានផ្នែកស្រាវជ្រាវប្រព័ន្ធអាកាសចរណ៍របស់វិទ្យាស្ថាន NCSIST បានលើកឡើងថា «ដោយសារតែវាមានទម្ងន់ស្រាល និងអាចចល័តបាន ដូច្នេះ វាប្រៀបបានទៅនឹងគ្រាប់បែកដៃដ៏ធំមួយដែលអាចហោះហើរបាន»។

លោកបានបន្ថែមថា «វាមានប្រសិទ្ធភាពក្នុងការវាយប្រហារគោលដៅនៅជិតឆ្នេរសមុទ្ររបស់ពួកយើង»។ លោកក៏បានធ្វើការកត់សម្គាល់ផងដែរថា ចម្ងាយដែលដ្រូននេះអាចហោះបានជាអតិបរមាគឺរហូតដល់ទៅ ១០ គីឡូម៉ែត្រ។ ប្រធានផ្នែកស្រាវជ្រាវរូបនេះបានបញ្ជាក់ថា តៃវ៉ាន់កំពុងអភិវឌ្ឍន៍យន្តហោះគ្មានមនុស្សបើកសម្រាប់វាយប្រហារធ្វើអត្តឃាត ជំនាន់ក្រោយរបស់ខ្លួន រួមទាំងមានបច្ចេកវិទ្យាល្អប្រសើរជាងមុន ដែលអាចប្រើប្រាស់បានក្នុងការវាយប្រហារទៅកាន់គោលដៅស្ថិតនៅ
រយៈចម្ងាយឆ្ងាយ។

គួរបញ្ជាក់ផងដែរថា យន្តហោះគ្មានមនុស្សបើកសម្រាប់វាយប្រហារនេះ អាចហោះនៅលើអាកាសបាន ខណៈដែលខ្លួនរបស់វាអាចផ្ទុកគ្រឿងផ្ទុះផ្សេងៗ មុនពេលធ្លាក់ចូលទៅបំផ្ទុះគោលដៅទៅតាមការចង់បានរបស់អ្នកបញ្ជា។ ភាពតានតឹងបានកើនឡើងខ្លាំងកាលពីឆ្នាំមុន បន្ទាប់ពីទីក្រុងប៉េកាំងបានចាប់ផ្តើមធ្វើសមយុទ្ធយោធាដើម្បីជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី ណានស៊ី ប៉េឡូស៊ី (Nancy Pelosi) ទៅកាន់ទីក្រុងតៃប៉ិ។ កាលនោះ វាគឺជាព្រឹត្តិការណ៍មួយដែលអ្នកជំនាញមួយចំនួនបានមើលឃើញថា ជាការធ្វើសមយុទ្ធមួយក្នុងគោលបំណងហាត់សមមុនឈ្លានពានទៅលើកោះតៃវ៉ាន់។

ដោយឡែក ក្រុមសម្ព័ន្ធមិត្តជិតខាងបានជំរុញឱ្យកោះតៃវ៉ាន់ប្រកាន់យកនូវយុទ្ធសាស្ត្រមួយដែលអាចធ្វើឱ្យមានការលំបាកសម្រាប់យោធារបស់ចិន ហើយវាគឺជាយុទ្ធសាស្ត្រមួយដែលត្រូវធ្វើការពង្រឹងការការពារឱ្យបានរឹងមាំ ដូចទៅនឹងយុទ្ធសាស្ត្ររបស់កងកម្លាំងអ៊ុយក្រែនដែលធ្លាប់បានប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី។ យុទ្ធសាស្ត្រនោះសង្កត់ធ្ងន់ទៅលើការទិញប្រព័ន្ធអាវុធចល័ត និងអាវុធដែលមានតម្លៃធូរថ្លៃ ហើយត្រូវបណ្តុះបណ្តាលជនស៊ីវិលឱ្យចេះប្រយុទ្ធក្នុងសមរភូមិសង្គ្រាម៕
ប្រែសម្រួលដោយ៖ ធា សុណា

ប្រភព៖ https://www.channelnewsasia.com/asia/taiwan-unveils-portable-attack-drone-china-tensions-rise-3345711

ads banner