សហរដ្ឋអាមេរិកចោទ តែរុស្ស៊ីបដិសេដ ពាក់ព័ន្ធហេតុការណ៍ធ្លាក់យន្តហោះដ្រូនអាមេរិក នៅសមុទ្រខ្មៅ
មូស្គូ៖ យោធាអាមេរិកបាននិយាយថា យន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿង បានបុកជាមួយយន្តហោះគ្មានមនុស្សបើក MQ-9 Reaper របស់សហរដ្ឋអាមេរិក បណ្តាលឲ្យវាធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅ។
ឧបទ្ទវហេតុខាងលើនេះ បានបង្ហាញពីហានិភ័យកើនឡើង នៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងរុស្ស៊ី និងអាមេរិក ជុំវិញសង្គ្រាមអ៊ុយក្រែន។ ទន្ទឹមគ្នា សហរដ្ឋអាមេរិកបានបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើកនេះ កំពុងតែបំពេញបេសកកម្មជាប្រចាំនៅក្នុងដែនអាកាសអន្តរជាតិ នៅពេលដែលយន្តហោះរុស្ស៊ីពីរគ្រឿងព្យាយាមស្ទាក់ចាប់វា។
បើតាមយោធាអាមេរិក ហេតុការណ៍រវាងយន្តហោះនៃប្រទេសទាំងពីរ បានកើតឡើងនៅម៉ោង ៧៖០៣នាទីព្រឹកថ្ងៃ (ម៉ោងក្នុងតំបន់)។ ចំណែកខាងភាគីរុស្សីបាននិយាយថា យន្តហោះគ្មានមនុស្សបើកបានធ្លាក់ បន្ទាប់ពីសមយុទ្ធដ៏មុតស្រួច ហើយបានបដិសេធថា យន្តហោះទាំងពីរគ្រឿងរបស់ខ្លួនមិនបានពាក់ព័ន្ធនឹងបញ្ហានេះដោយផ្ទាល់ទេ។
បន្ថែមលើនេះ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជាលទ្ធផលនៃការធ្វើសមយុទ្ធយ៉ាងមុតស្រួច យន្តហោះគ្មានមនុស្សបើកអាមេរិក MQ-9 បានធ្វើការហោះហើរដែលមិនអាចគ្រប់គ្រងបាន វង្វេងរយៈកម្ពស់ និងបុកជាមួយផ្ទៃទឹក។ យោធារុស្ស៊ី មិនបានប្រើប្រាស់អាវុធ ឬផ្តាច់ទំនាក់ទំនងជាមួយយន្តហោះគ្មានមនុស្សរបស់អាមេរិកឡើយ ហើយបានត្រឡប់ទៅមូលដ្ឋានវិញដោយសុវត្ថិភាព៕ ប្រភព៖ BBC ប្រែសម្រួលដោយ៖ ទីណា