លោក ពូទីន ៖ អធិបតេយ្យភាពសេដ្ឋកិច្ចរបស់រុស្ស៊ី មិនបានដួលរលំ ដោយសារសម្ពាធទណ្ឌកម្មលោកខាងលិចឡើយ

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃទី១៤ ខែមីនានេះថ្លែងថា សេដ្ឋកិច្ចរុស្ស៊ីមិនបានដួលរលំដោយសារតែការរឹតត្បិតរបស់លោកខាងលិចនោះឡើយ ផ្ទុយទៅវិញ អធិបតេយ្យភាពរបស់ប្រទេសរុស្ស៊ីបានកើនឡើងជាច្រើនដង។

លោក ពូទីន បានធ្វើអត្ថាធិប្បាយនៅពេលជួបជាមួយនិយោជិតរោងចក្រយន្តហោះ Ulan-Ude នៅទីក្រុង Buryatia ក្នុងថ្ងៃអង្គារសប្តាហ៍នេះថា ប្រទេសរុស្ស៊ីបានឆ្លងកាត់ដំណាក់កាលដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍន៍របស់ខ្លួន ដែលអាចជាលទ្ធផលដ៏សំខាន់បំផុតនៃឆ្នាំ ២០២២។ យើងបានបង្កើនអធិបតេយ្យភាពសេដ្ឋកិច្ចរបស់យើងយ៉ាងខ្លាំង។

លោក ពូទីន បានសង្កត់ធ្ងន់ថា ការរំពឹងទុក គឺថាសហគ្រាសនឹងឈប់ដំណើរការ ដោយសារតែដៃគូរបស់យើងមិនព្រមធ្វើការជាមួយយើង, ប្រព័ន្ធហិរញ្ញវត្ថុនឹងដួលរលំ, មនុស្សរាប់ម៉ឺននាក់នឹងត្រូវទុកចោលដោយគ្មានការងារធ្វើ, ដើរតាមផ្លូវតវ៉ា, រុស្ស៊ីនឹងរង្គោះរង្គើផ្ទៃខាងក្នុង ហើយដួលរលំ ដែលទាំងនោះជាចេតនារបស់ពួកគេ (លោកខាងលិច) ប៉ុន្តែវាមិនបានកើតឡើងទេ។

ប្រធានាធិបតីរុស្ស៊ីរូបនេះបានចង្អុលបង្ហាញថា ប្រព័ន្ធហិរញ្ញវត្ថុរបស់រុស្ស៊ីបានរស់រានមានជីវិត, កើនឡើងកាន់តែរឹងមាំ និងកាន់តែមានភាពឯករាជ្យ ដោយសារសកម្មភាពរបស់ធនាគារកណ្តាល។ លោកថា អត្រាគ្មានការងារធ្វើនៅក្នុងប្រទេសរុស្ស៊ី បច្ចុប្បន្នមានកម្រិតទាបជាប្រវត្តិសាស្ត្រ ៣.៦ភាគរយ ខណៈដែលផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះត្រឹមតែ ១.២ភាគរយប៉ុណ្ណោះ។ បើតាមលោក ពូទីន មូលដ្ឋានគ្រឹះនៃស្ថិរភាពរបស់រុស្ស៊ី ឥឡូវនេះគឺ ខ្លាំងជាងអ្នកណាៗអាចស្រមៃដល់៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner