សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្ត និងផ្តល់នូវទស្សនៈមួយចំនួន ដើម្បីរួមចំណែកដល់ការលើកកម្ពស់ជនមានពិការភាពប្រកបដោយបរិយាប័ន្ន

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជា ប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ , បានលើកទឹកចិត្ត និងផ្តល់នូវទស្សនៈមួយចំនួន ដើម្បីរួមចំណែកដល់ការលើកកម្ពស់ជនមានពិការភាពប្រកបដោយបរិយាប័ន្ន ក្នុងសហគមន៍ និងក្នុងដំណើរការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យបានច្រើនជាអតិបរមា សម្ដេចតេជោ ។ សម្ដេចតេជោ មានប្រសាសន៍ដូច្នេះក្នុងពិធីបើកសន្និសីទជនមានពិការភាព ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី៥ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី១៥ មីនា ឆ្នាំ២០២៣ ។

សន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក លើកទី៥ ស្តីពីការអភិវឌ្ឍសហគមន៍តាមបែបបរិយាបន្ន បានរៀបចំឡើង ក្រោមប្រធានបទ «ការពង្រឹងការផ្តល់ភាពអង់អាចផ្នែកសង្គមនិងសេដ្ឋកិច្ច របស់ជនមានពិការភាព ក្នុងអំឡុងនិងក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ តាមរយៈការអភិវឌ្ឍតាមបែបបរិយាបន្ននៅសហគមន៍»។

ឯកឧត្តម វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានគូសបញ្ជាក់ថា សន្និសីទនេះ មានគោលបំណង ជំរុញការធ្វើបរិយាបន្នសេដ្ឋកិច្ចរបស់ជនមានពិការភាពនៅក្នុងតំបន់, លើកកម្ពស់សុខុមាលភាពសង្គម និងកិច្ចគាំពារសង្គមសម្រាប់ជនមានពិការភាព, ពង្រឹងកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូគ្រប់ភាគីពាក់ព័ន្ធសំដៅបង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍ នៅតាមសហគមន៍តាមបែបបរិយាបន្ន, ចែករំលែកបទពិសោធន៍ល្អៗ សក្ខីភាព និងនវានុវត្តន៍ក្នុងការអភិវឌ្ឍសហគមន៍តាមបែបបរិយាបន្ន ក្នុងអំឡុងពេលនិងក្រោយពេលការរាតត្បាតនៃជំងឺកូវីដ-១៩។ សន្និសីទនេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃ ទី១៧ ខែមីនា ដោយមានអ្នកចូលរួមប្រមាណ ៧០០នាក់ ជាឥស្សរជន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងអ្នកពាក់ព័ន្ធមកពីតាមក្រសួង ស្ថាប័ននានា ។

ក្នុងសន្និសីទនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានអំពាវនាវដល់សហគមន៍ជាតិ និងអន្តរជាតិ សូមបន្តរួមគ្នាអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពស្តីពីជនមានពិការភាព អនុសញ្ញាស្តីពីសិទ្ធិជនមាន-ពិការភាពរបស់អង្គការសហប្រជាជាតិ និងយុទ្ធសាស្រ្តទីក្រុង អ៊ីនឈុន ដើម្បីផ្តល់សិទ្ធិពិតប្រាកដដល់ជនមានពិការភាព ។

ជាមួយនេះដែរ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ជនមានពិការភាពប្រកបដោយបរិយាប័ន្នក្នុងសហគមន៍ និងក្នុងដំណើរការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យបានច្រើនជាអតិបរមា សម្ដេចតេជោ បានលើកទឹកចិត្ត និងផ្តល់នូវទស្សនៈមួយចំនួន រួមមាន៖

ទី១. គ្រប់កិច្ចអភិវឌ្ឍ រួមមានសកម្មភាពសង្គម សេដ្ឋកិច្ចនយោបាយ និងវប្បធម៌ត្រូវលើកទឹកចិត្ត និងលើកកម្ពស់ឱ្យ មានការចូលរួមជាអតិបរមារបស់ជនមានពិការភាពនៅកម្រិតសហគមន៍ឱ្យបានទូលំទូលាយ ដើម្បីសម្រេចបាននូវការអភិវឌ្ឍ ប្រកបដោយបរិយាប័ន្ន ទាំងទិដ្ឋភាព និងតួអង្គនៃការអភិវឌ្ឍ ។

ទី២. ការបង្កើនកិច្ចសហការរវាងប្រជាជន រដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងសង្គមស៊ីវិលត្រូវបានលើកទឹកចិត្ត សំដៅចែករំលែកបទពិសោធ ផ្លាស់ប្តូរបច្ចេកវិទ្យាព័ត៌មាន និងឧត្តមានុវត្តន៍ ជាក់ស្តែង ជាពិសេសមតិយោបល់ល្អៗនៃកិច្ចពិភាគ្សាគ្នាក្នុង រយៈពេល ៣ ថ្ងៃ នៃសន្និសីទនេះ សម្រាប់ជាធាតុចូលដល់ការ សម្រួចបន្ថែមលើផែនការអភិវឌ្ឍវិស័យពិការភាពនៅកម្រិត សហគមន៍ឱ្យបានកាន់តែស៊ីជម្រៅ ។

ទី៣. សម្ដេច លើកទឹកចិត្តឱ្យបង្កើនកិច្ចសហការរៀបចំ ការបណ្តុះបណ្តាលជំនាញពិសេស និងប្រើប្រាស់បច្ចេកទេស សមស្របសម្រាប់ការសិក្សារបស់ជនមានពិការភាព ដើម្បីលើកកម្ពស់សមត្ថភាព និងលទ្ធភាពទទួលបានការងារធ្វើជាមួយ បៀវត្សខ្ពស់ ក៏ដូចជាធ្វើឱ្យជនមានពិការភាពអាចចូលរួមកាន់ តែច្រើន ពេញលេញ និងស្មើសិទ្ធិក្នុងទីផ្សារការងារ ទាំងក្នុងវិស័យឯកជន និងវិស័យសាធារណៈ ។

ទី៤. សម្ដេចលើកទឹកចិត្តឱ្យបន្តពង្រឹងអនុវត្ត និងពង្រីកការអភិវឌ្ឍសហគមន៍ប្រកបដោយបរិយាប័ន្ន មានប្រសិទ្ធភាព និងទូលំទូលាយ និងសូមអំពាវនាវឱ្យមានការចូលរួមជាមួយគ្នា ក្នុងស្មារតីជវភាពនៃប្រព័ន្ធតួអង្គតែមួយ ក្នុងការអនុវត្តសេចក្តី-ថ្លែងការណ៍ ហ្សាកាតា ស្តីពីទសវត្សរ៍ជនមានពិការភាពប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ ២០២៣-២០៣២ ដើម្បីជាគុណ ប្រយោជន៍ដល់ជនមានពិការភាព ទាំងក្នុងប្រទេស តំបន់ និងសកល ។

សូមជម្រាបដែរថា សន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ត្រូវបាន បប្រារព្ធឡើង ៤លើករួចមកហើយ , លើកទី១ នៅប្រទេសថៃ ក្នុងឆ្នាំ ២០០៩, លើកទី២ នៅប្រទេសហ្វីលីពីន ក្នុងឆ្នាំ២០១២, លើកទី៣ នៅប្រទេស ជប៉ុន ក្នុងឆ្នាំ២០១៥ និងលើកទី៤ នៅប្រទេសម៉ុងហ្គោលីក្នុងឆ្នាំ២០១៩ ដែលកាលនោះ សន្និសីទ បានឯកភាពសម្រេចស្នើសុំកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទលើកទី៥នេះ ដោយមានកិច្ចសហការរួមគ្នា ជាមួយបណ្តាញការងារស្តារលទ្ធភាព ពលកម្មអាស៊ីប៉ាស៊ីហ្វិក ៕

អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner