ក្រុមសិទ្ធិមនុស្សជំរុញឱ្យ UNSC បញ្ជូនយោធាមីយ៉ាន់ម៉ាទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ
អ.ស.ប៖ សកម្មជនសិទ្ធិមនុស្សកំពុងជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បញ្ជូនយោធាមីយ៉ាន់ម៉ាទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិដោយលើកឡើងពីការរំលោភបំពាន និងអំពើហិង្សាដែលកំពុងបន្តនៅក្នុងប្រទេសមួយនេះ។ ការជំរុញនេះធ្វើឡើងស្របពេលដែលក្រុមប្រឹក្សាសន្តិសុខ រៀបចំកិច្ចប្រជុំមួយកាលពីថ្ងៃចន្ទស្តីពីវិបត្តិមីយ៉ាន់ម៉ា។
នាយិកាបណ្តាញសមភាពយេនឌ័រ ដែលជាសម្ព័ន្ធនៃអង្គការលើកកម្ពស់សិទ្ធិស្ត្រីក្នុងប្រទេសមីយ៉ាន់ម៉ា លោកស្រី May Sabe Phyu បានចោទប្រកាន់យោធាមីយ៉ាន់ម៉ាថាបានធ្វើ «យុទ្ធនាការភេរវកម្ម» និងប្រព្រឹត្ត «អំពើដ៏សាហាវឃោរឃៅ» ដែលបង្កើតជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ នេះបើតាមការស្រង់សម្ដីរបស់ទីភ្នាក់ងារសារព័ត៌មាន AP។
លោកស្រីបាននិយាយថា ក្រុមប្រឹក្សាសន្តិសុខគួរតែបញ្ជូនសំណុំរឿងនេះទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិដើម្បីកាត់ទោស។លោកស្រី Phyu ដែលនិរទេសខ្លួនទៅសហរដ្ឋអាមេរិកក្រោយរដ្ឋប្រហារ បានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខដាក់សម្ពាធប្រទេសជិតខាងរបស់មីយ៉ាន់ម៉ាកុំឱ្យគាំទ្ររដ្ឋាភិបាល ប៉ុន្តែត្រូវគាំទ្រជាសាធារណៈចំពោះកងកម្លាំងប្រជាធិបតេយ្យ រួមទាំងរដ្ឋាភិបាលឯកភាពជាតិ (NUG) ដែលនៅក្រៅស្រុក និងបង្កើតឡើងដោយក្រុមអ្នកនយោបាយនៃរដ្ឋាបាលចាស់។
ចំណែកឯអង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ត្រូវតែចាត់វិធានការជាក់ស្តែងបន្ថែមទៀតប្រឆាំងនឹងរបបយោធាដែលធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី។
គួររំឭកថា រដ្ឋប្រហារយោធាដែលធ្វើឡើងកាលពីរឆ្នាំមុននោះ បានបង្កឱ្យមានចលាចល និងអំពើហិង្សាដ៏ធំ រវាងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេស និងចលនាតស៊ូបង្កើតឡើងដោយក្រុមបាតុករ សកម្មជន ក៏ដូចជាក្រុមប្រដាប់អាវុធ។
យោងតាមទិន្នន័យចុងក្រោយពីក្រុមឃ្លាំមើលដែលមានមូលដ្ឋាននៅប្រទេសថៃ មនុស្សរាប់ពាន់នាក់ត្រូវបានចាប់ខ្លួន ឬសម្លាប់នៅក្នុងការបង្ក្រាបលើក្រុមប្រឆាំងរបស់ពួកយោធា។ អង្គការឃ្លាំមើលសិទ្ធិមនុស្សកំពុងជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខប្រើប្រាស់សេចក្ដីសម្រេចកាលពីខែធ្នូ ដែលទាមទារឱ្យបញ្ចប់អំពើហិង្សាជាបន្ទាន់ ហើយឱ្យរបបយោធាដោះលែងអ្នកទោសនយោបាយទាំងអស់។
នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សរបស់អ.ស.ប លោក Louis Charbonneau បានថ្លែងថា៖ «របបយោធាមីយ៉ាន់ម៉ាបានបង្ហាញថា វាមិនអាចខ្វះបានចំពោះការថ្លែងថ្កោលទោស ឬការព្រួយបារម្ភ»។ លោកបន្តថា ការមិនយកចិត្តទុកដាក់លើសេចក្តីសម្រេចកាលពីខែធ្នូរបស់ក្រុមប្រឹក្សាសន្តិសុខ បង្ហាញពីតម្រូវការសម្រាប់សេចក្ដីសម្រេចថ្មីមួយ ដែលដាក់វិធានការខ្លាំងដូចជាការហាមឃាត់អាវុធ និងការដាក់ទណ្ឌកម្មជាគោលដៅសម្រាប់មន្ត្រីយោធាជាន់ខ្ពស់ និងក្រុមហ៊ុនដែលពាក់ព័ន្ធនឹងក្រុមយោធា៕
ដោយ៖ហួន ឌីណា
ប្រភព៖ UN Security Council Urged to Refer Myanmar to International Criminal Court https://www.voanews.com/amp/un-security-council-urged-to-refer-myanmar-to-international-criminal-court-/7005371.html