អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានជិត ៥៤០ លានដុល្លារ ក្នុងរយៈពេលពីរខែ ឆ្នាំ២០២៣

ភ្នំពេញ៖ របាយការណ៍ពីអគ្គនាយកដ្ឋានពន្ធដាបានបង្ហាញថា នៅក្នុងរយៈពេលពីរខែចាប់ពីខែមករា ដល់កុម្ភៈ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារមានប្រមាណ ៥៣៩,២៣ លានដុល្លារអាមេរិកស្មើនឹង១៥,១០ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣ បើធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នាឆ្នាំ២០២២ គឺកើនឡើង២៧,០០ លានដុល្លារ ដែលស្មើនឹង ៥,២៧ភាគរយ។

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកុម្ភៈ និងសម្រាប់រយៈពេលពីរខែ ឆ្នាំ២០២៣ កាលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងថា នាខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញសម្រេចបាន ប្រមាណជា ២៣៨,៦០ លានដុល្លារ ប្រៀបធៀបនឹងចំណូល ពន្ធ-អាករប្រចាំខែកុម្ភៈ ឆ្នាំ២០២២ កើនឡើង ៦,៥៤ភាគរយ។

ឯកឧត្តមបានបន្ថែមថា ក្នុងរយៈពេលពីរខែនេះដែរ ចំណូលពីប្រភេទពន្ធសំខាន់ៗបានរក្សាកំណើនធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះ ពន្ធលើប្រាក់ចំណូល ១៤,៧៩ភាគរយ អាករលើតម្លៃបន្ថែម ៨,៩៣ភាគរយ និងពន្ធលើប្រាក់បៀវត្ស១១,០១ភាគរយ។ អគ្គនាយកដ្ឋានពន្ធដារបានផ្តួចផ្តើម ហើយនឹងដាក់ចេញឱ្យអនុវត្តនូវ E-Administration ក្នុងត្រីមាសទី២ ឆ្នាំ២០២៣ ក្នុងគោលដៅពង្រឹងគុណភាពសេវាសាធារណៈបន្ថែមទៀត ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ទទួលបានប្រមាណជា ១៤,៨៧ លានដុល្លារ) ។

ឯកឧត្តមបានបញ្ជាក់ថា អគ្គនាយកដា្ឋនពន្ធដារមានវិធានការចុះអង្កេតសហគ្រាស ដោយបានរកឃើញអាជីវកម្មជាច្រើនក្នុងនោះមានក្លឹបកម្សាន្តធំៗមួយចំនួនមិនបាន ចុះបញ្ជីពន្ធដារឬចុះបញ្ជីមិនបានត្រឹមត្រូវតាមកម្រិតផលរបរ។ឯកឧត្តមសូមរំលឹកឱ្យម្ចាស់អាជីវកម្ម ដែលមិនទាន់បាន ចុះបញ្ជីពន្ធដារ ឱ្យមកបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារនិងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស ចៀសវាងនូវការ ផាកពិន័យទោសទណ្ឌនានា។

សម្រាប់រដូវកាលប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដាររូបនេះ បានបង្ហាញពីការរំពឹងថាការប្រកាសនិងបង់ប្រាក់ពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ២០២២ នឹងទទួលបាននូវលទ្ធផលល្អប្រសើរនិងមិនមានការថមថយឡើយ តាមរយៈ ប្រព័ន្ធពន្ធដារ E-Filing និង ToI E-Filing ដែលរឹងមាំនិងមានតម្លាភាព និងជាយន្តការយ៉ាងសំខាន់ក្នុងការពង្រឹង ការផ្ទៀងផ្ទាត់ការដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធ (Cross check)។

អ្នកវិភាគសេដ្ឋកិច្ច នៃរាជបណ្ឌិតសភាកម្ពុជា​ លោក ហុង វណ្ណៈ បានប្រាប់ថា ការប្រមូល​ចំណូល​របស់​ពន្ធដារ​មាន​កំណើន​បែបនេះ បង្ហាញថា ការប្រកបមុខរបរ​និង​ចំណូល​របស់​ប្រជាពលរដ្ឋ មាន​ស្ថាន​ភាពល្អ​គួរសម ទោះបីជា​ស្ថិតនៅក្នុង​វិបត្តិ​កូ​វីដ១៩។ លោក​បាន​បន្ថែមថា កំណើន​នៃ​ចំណូល​ពន្ធ​នេះ​ទៀតសោត ក៏​បង្ហាញថា ដំណើរការ​នេះ​ច្រ​វ៉ា​ក់​ផលិតកម្ម​នៅក្នុង​វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម ចាប់ផ្តើម​ល្អប្រសើរ​ឡើងវិញ​ហើយ ខណៈដែល​វិស័យផ្សេងៗទៀត ដូចជា​ការទិញ​លក់​និង​សាងសង់​អ​ច​នល​ទ្រព្យ​ជាដើម ហាក់​មាន​ភាពល្អប្រសើរ​វិញ​ផងដែរ។

លោក​បាន​បញ្ជាក់ថា ក្រៅពីចំណូលពន្ធទាំងពីរប្រភេទ ដែលមានពន្ធដារ និងពន្ធគយហើយ ការពង្រឹង​លើ​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ ទេសចរណ៍ និង​ការជំរុញ​លំហូរ​វិនិយោគ​ផ្ទា​ល់ពី​ក្រៅប្រទេស (FDI) របស់​រាជរដ្ឋាភិបាល នឹង​អាចឱ្យ​កម្ពុជា​សម្រេច​គោលដៅ​កំណើនសេដ្ឋកិច្ច៥,៦ភាគរយ ក្នុង​ឆ្នាំ២០២២នេះ និង៦,៥ភាគរយ នៅ​ឆ្នាំ២០២៣។

សូមជម្រាបថា ក្នុងចំណោមជាទិសដៅសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៣ ជាច្រើនចំណុចរបស់អគ្គនាយកដ្ឋានពន្ធដារ ចំណុចដែលជាវិធានការនិងជាយុទ្ធសាស្ត្រសំខាន់ជាងនោះគឺ បន្តអនុវត្តវិធានការបន្ថែមរបស់រាជរដ្ឋាភិបាលសម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍នៅកម្ពុជា ក្នុងគោលបំណងបន្តកាត់បន្ថយផលប៉ះពាល់មកលើស្ថានភាពសង្គម-សេដ្ឋកិច្ច ព្រមទាំងបន្តជួយទ្រទ្រង់ និងស្តារអាជីវកម្ម និងធុរកិច្ចឱ្យងើបឡើងវិញ បន្តអនុវត្តវិធានការចាំបាច់នានាដូចមានកំណត់ក្នុងសារាចរណែនាំស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ ២០២៣ និងបន្តអនុវត្តដោយការយកចិត្តទុកដាក់នូវយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣៕ដោយ៖វណ្ណ សុជាតា

ads banner