លោក ស ខេង ជំរុញអាជ្ញាធរពង្រឹងការត្រួតពិនិត្យ និងផ្សព្វផ្សាយអប់រំដល់យុវជនពីការជួញដូរ និងប្រើប្រាស់គ្រឿងញៀន
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានលើកទឹកចិត្តដល់អាជ្ញាធរ ជំរុញសកម្មភាពត្រួតពិនិត្យ និងផ្សព្វផ្សាយអប់រំដល់យុវជនអំពី ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន តាមគោលការណ៍ «បីកុំ មួយរាយការណ៍»។ ការជំរុញដូចនេះ បានធ្វើឡើងនៅក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសមិទ្ធផលនានា នៅវត្តមេលប់ ស្ថិតនៅភូមិមេលប់ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង កាលថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៣។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានជំរុញទៅកាន់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវៈរបស់ខ្លួន ដើម្បីឱ្យការអនុវត្តន៍ច្បាប់មានប្រសិទ្ធភាពខ្ពស់។
លោកក៏បានពន្យល់ពីគោលការណ៍«បីកុំ មួយរាយការណ៍» ដូច្នេះថា៖« ៣កុំគឺ កុំពាក់ព័ន្ធគឺ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន, កុំអន្តរាគមន៍គឺ រារាំងការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឬមិត្តភក្តិក៏ដោយ, កុំលើកលែងគឺ កុំបន្ធូរបន្ថយការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវៈរបស់ខ្លួន ហើយជនគ្រប់រូប ត្រូវគោរព និងអនុវត្តច្បាប់ និងមួយរាយការណ៍គឺ ត្រូវរាយការណ៍ផ្ដល់ព័ត៌មានដល់សមត្ថកិច្ច អំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ទីតាំងកែច្នៃ ផលិត និងទីតាំងស្តុកទុកគ្រឿងញៀន»។
ក្រៅពីនេះ លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះ ក៏បានស្នើប្រជាពលរដ្ឋទាំងអស់ចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ដើម្បីលើកស្ទួយសិទ្ធិមនុស្ស ដោយសហការយ៉ាងមានប្រសិទ្ធភាពជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ក្រាប និងទប់ស្កាត់ពីការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងបានទាន់ពេលវេលា។
លោក ស ខេង ក៏បានណែនាំអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាការពារសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ចួន ស្របតាមពាក្យស្លោករបស់លោកនាយករដ្ឋមន្ត្រី «ថ្ងៃនេះ ថ្ងៃស្អែក កុំអោយមានគ្រោះថ្នាក់ចរាចរណ៍»ផងដែរ។
លោក ស ខេង អះអាងថា ការជំរុញត្រូវដល់អាជ្ញាធរនេះ គឺដើម្បីចូលរួមរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សន្តិភាព ស្ថេរភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ ជំរុញដំណើការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។
ពាក់ព័ន្ធនឹង ករណីគ្រឿងញៀននៅកម្ពុជានេះដែរ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ បានសម្តែងក្តីបារម្ភខ្លាំងជុំវិញបញ្ហានេះ ហើយយល់ថា បញ្ហានេះកំពុងតែធ្វើឱ្យយុវជនកម្ពុជា ទាំងនៅទីក្រុង និងជនបទកំពុងទទួលរងឥទ្ធិពលនៃគ្រឿងស្រវឹងនិងគ្រឿងញៀនដែលជាគ្រឿងបំផ្លាញអនាគតរបស់ពួកគេ បើសិនមិនមានការទប់ស្កាត់បានទាន់ពេលវេលាទេនោះ។ លោកបានឡើងដូច្នេះថា៖«បញ្ហានេះគឺទាមទារឱ្យពង្រឹងនូវការអនុវត្តច្បាប់របស់សមត្ថកិច្ច ជាពិសេសការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យកាន់តែល្អ និងមានប្រសិទ្ធភាពថែមទៀត ព្រោះបច្ចុប្បន្នមានបទល្មើសការជួញដូរ និងប្រើប្រាស់គ្រឿងញៀនកាន់តែច្រើន និងត្រូវបង្កើនកិច្ចសហការល្អជាមួយភាគីពាក់ព័ន្ធ ដើម្បីចូលរួមការ់បន្ថយបញ្ហាគ្រឿងញៀនក្នុងចំណោមយុវជន ក៏ដូចជាពលរដ្ឋកម្ពុជាឱ្យទទួលបានជោគជ័យ»។
បើតាមរបាយការណ៍ពីអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលចេញផ្សាយកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ បានបង្ហាញថា ពេញមួយឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀន (នគរបាល និងអាវុធហត្ថ) សរុបចំនួន ៦២៩០ករណី ដោយឃាត់ខ្លួនមនុស្សចំនួន ១៤៧៨៤នាក់ ក្នុងនោះមានជនបរទេស ២៥៩នាក់ (ស្រី៣៣នាក់) មាន៩សញ្ជាតិ។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ដែរថា ក្នុងចំណោមការបង្ក្រាបសរុបទាំង ៦ ២៩០ករណី និងឃាត់ខ្លួនមនុស្សចំនួន ១៤ ៧៨៤នាក់នេះ មានករណីជួញដូរចំនួន ៣ ០៩៧ករណី ឃាត់ខ្លួម ៦១២០នាក់ (ស្រី៤៨៣នាក់) ករណីដឹកជញ្ជូន រក្សាទុកចំនួន ១ ០៩៤ករណី ឃាត់ខ្លួន ១ ៧៧៨នាក់ (ស្រី ១០១នាក់) ករណីផលិត កែច្នៃចំនួន ១០ករណី ឃាត់ខ្លួន ៣៤នាក់, ករណីចាត់ចែង សម្រួលចំនួន ១២ករណី ឃាត់ខ្លួន ២១នាក់ (ស្រី៣នាក់) ករណីដាំដុះ ៣២ករណី ឃាត់ខ្លួន ចំនួន៥នាក់ ករណីបើកបរក្រោមឥទ្ធិពលគ្រឿងញៀនចំនួន ៣៨ករណី ឃាត់ខ្លួន៣៩នាក់ និងករណីប្រើប្រាស់ចំនួន ២ ០០៧ករណី ឃាត់ខ្លួន ៦ ៧៨៧នាក់ (ស្រី៣៦០នាក់) ។ ជាមួយគ្នានោះ ក៏មានករណីអនុវត្ដន៍ដីកាតុលាការផងដែរ ដោយមានចំនួន ៤៨៨ ដីកា ចាប់ខ្លួន ៤២៩នាក់ (ស្រី១៣នាក់)៕សែម ពិសី