សេដ្ឋកិច្ចកម្ពុជា ស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សក្នុងអត្រាកំណើរប្រមាណ ៥,២% ក្នុងឆ្នាំ២០២២ ហើយរំពឹងទុកថា នឹងមានកំណើន ៥,៦% នៅឆ្នាំ២០២៣នេះ
ខេត្តកំពង់ចាម៖ ក្នុងពិធីបិទ សន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម រសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រទេសយើងបានដាក់ចេញនូវវិធានការគ្រប់គ្រង និងឆ្លើយតបនឹងវិបត្តិ និងបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ឋភាព និងទាន់ពេលវេលាដើម្បីស្តារផលប៉ះពាល់នានាមកលើសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាជន ដែលបណ្តាលមកពីការឆ្លងរីករាលដាលជាសកលនៃជម្ងឺកូវីដ១៩, ការប្រែប្រួលអាកាសធាតុដែលបណ្តាលឲ្យកើតមានគ្រោះជំនន់ទឹកភ្លៀង និងវិបត្តិនានាជាសកល ធ្វើឲ្យសេដ្ឋកិច្ចជាតិយើងស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សក្នុងអត្រាកំណើរប្រមាណ ៥,២% ក្នុងឆ្នាំ២០២២ និងរំពឹងទុកថា នឹងមានកំណើន ៥,៦% នៅឆ្នាំ២០២៣នេះ ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ នៃមន្ទីរស្ថាប័ននានា និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងនៃខេត្តកំពង់ចាម ដែលបានខិតខំបំពេញភារកិច្ចបានយ៉ាងល្អ ប្រកបដោយប្រសិទ្ឋភាពក្នុងការរក្សាបាននូវសុខសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ព្រមទាំងដោះស្រាយបានយ៉ាងច្រើននូវសំណូមពរ និងទុក្ខកង្វល់របស់ប្រជាពលរដ្ឋ រួមចំណែកដល់ការកែលំអជីវភាពរស់នៅ និងគុណភាពជីវិតរបស់ពួកគាត់ ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបន្តថា លទ្ធផលទាំងនេះ បង្ហាញឲ្យឃើញពីសមត្ថភាពរបស់រាជរដ្ឋភិបាល ក្រសួងស្ថាប័ននានា និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រង ឆ្លើយបតនឹងវិបត្តិ និងបញ្ហាប្រឈមនានា សំដៅជំរុញការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត ៕ ប្រភព ៖ គណៈរដ្ឋមន្ត្រី