ម៉ាឡេស៊ី និយាយ ថាធនាគារ របស់ ខ្លួន ប្រឈម បញ្ហាតិចតួចបន្ទាប់ពីធនាគារ Silicon Valley របស់អាមេរិកដួលរលំ
គូឡាឡាំពួរ៖ រដ្ឋាភិបាលម៉ាឡេស៊ីកាលពីថ្ងៃពុធបាននិយាយថា ធនាគាររបស់ប្រទេសនេះមានការប៉ះពាល់តិចតួចបន្ទាប់ពីធនាគារ Silicon Valleyនៅក្នុងសហរដ្ឋអាមេរិក បានដួលរលំកាលពីសប្តាហ៍មុន ។ លោក Steven Sim អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ីនិយាយនៅក្នុងសភាថា៖«ផ្អែកលើការវាយតម្លៃរបស់អាជ្ញាធរក្នុងប្រទេសម៉ាឡេស៊ី ឃើញថាធនាគារក្នុងស្រុកម៉ាឡេស៊ីប្រឈមបញ្ហាតិចតួច ចំពោះវិបត្តិដែលបានកើតឡើងនៅសហរដ្ឋអាមេរិក» ។
លោក Sim បាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់សមាជិកសភាអំពីផលប៉ះពាល់ក្នុងស្រុកណាមួយពីវិបត្តិនេះ។លោកបន្តថា អាជ្ញាធរបានត្រួតពិនិត្យនិងតាមដានជាទៀងទាត់ នៅក្នុងប្រព័ន្ធធនាគារដើម្បីធានាថាម៉ាឡេស៊ីត្រៀមខ្លួនដើម្បីទប់ទល់នឹងសម្ពាធទីផ្សារណាមួយ។
ធនាគារ Silicon Valleyរបស់អាមេរិក បានដួលរលំកាលពីថ្ងៃសុក្រ។បញ្ហានេះជាវិបត្តិធំជាងគេបំផុតក្នុងវិស័យធនាគារសហរដ្ឋអាមេរិកក៏ដូចជាពិភពលោក ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ 2008 ។ អ្នកកាន់ប្រាក់បញ្ញើរបស់សហរដ្ឋអាមេរិកកំពុងស្វែងរកកន្លែងមានសុវត្ថិភាពដើម្បីទុកដាក់ប្រាក់របស់ពួកគេ ខណៈដែលអាជ្ញាធរហិរញ្ញវត្ថុនៅជុំវិញពិភពលោកកំពុងប្រុងជើង ការ ទប់ទល់នឹងចំហាយវិបត្តិធនាគារនេះ។
ទាក់ទងនឹង ការដួលរលំ ធនាគារ ឈ្មោះ SVB (Silicon Valley Bank) ដែល ជា ធនាគារ ដ៏ធំមួយ នៅ អាមេរិក កាលពីថ្ងៃ សុក្រ សប្តាហ៍មុន បាន ធ្វើ ឲ្យ អាជ្ញាធរ អាមេរិក សម្រេចចិត្ត បិទធនាគា និង យកទ្រព្យ របស់ធនាគារ មកដាក់ក្រោមការចាត់ចែង បណ្តោះអាសន្ន ដើម្បី ស្តារទំនុកចិត្ត និង ដើម្បីរំងាប់ក្តីបារម្ភ របស់សាធារណជន។ លោកចូ បៃដិន បាន ប្រកាស ចេញមុខ ធានា លើលុយតម្កល់របស់អតិថិជនធនាគារនេះកាលពីថ្ងៃចន្ទទី ១៣ មីនា។
សារព័ត៌មានជាច្រើនដែលសរសេរបញ្ហាវិបិត្តធនាគារ បានស្រង់សម្ដីរបស់អ្នកជំនាញវាយតម្លៃថា ធនាគារ SVB ស្ថិតក្នុង ក្រុមធនាគារមធ្យមនិង ធ្វើជំនួញសំខាន់ តែ ជាមួយ ក្រុមហ៊ុន បច្ចេកវិទ្យា Startup ជាហេតុធ្វើឱ្យវិបត្តិធនាគារ នៅអាមេរិក ទំនង នឹង មិន បង្ក ហានិភ័យ ធំដុំឬ ឆ្លងរាលដាល ទៅដល់ ធនាគារធំៗ នៅប្រទេស ដទៃ ទៀត ដែលមាន ប្រព័ន្ធ គ្រប់គ្រងរឹងមាំនោះទេ។ទោះជាយ៉ាងណាក្ដីគ្មានទេពាក្យថា គ្មានហានិភ័យ ក្នុង វិបត្តិធនាគារ ព្រោះថានៅពេល គេ និយាយ ពីធនាគារគេ និយាយ ពីទំនុកចិត្តពីសំណាក់សាធារណជន៕
ប្រែសម្រួល:វណ្ណ ស័ក្កិ