ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ កងយោធពលខេមរភូមិន្ទ ក្នុងនាមជាកម្លាំងរបស់ជាតិ និងប្រជាជន មានកាតព្វកិច្ចរក្សាភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា អនុលោមតាមរដ្ឋធម្មនុញ្ញ គោលការណ៍ច្បាប់ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺកងយោធពលខេមរភូមិន្ទ ក្នុងនាមជាកម្លាំងរបស់ជាតិ និងប្រជាជន មានកាតព្វកិច្ចរក្សាភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងមានភាពដាច់ខាតក្នុងការធានាការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ និងបន្តប្រុងប្រៀបត្រៀមលក្ខណៈធានាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ដើម្បីធានាការពារសន្តិភាព និរន្តរភាព និងផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ជាតិ។

ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង បំពាក់ឋានន្តរស័ក្តិជូននាយទាហាន នៃកងយោធពលខេមរភូមិន្ទ និងសម្ពោធសមិទ្ធផលនានា នៅសាលាពលទាហានទី៥ យោធភូមិភាគទី៥ កងទ័ពជើងគោក នៅខេត្តបាត់ដំបង កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាកក់ទៀតថា ការហ្វឹកហ្វឺន គឺជាមធ្យោបាយគន្លឹះនៃការធានាសមត្ថភាពកងទ័ព និងនិរន្តភាពនៃកិច្ចការពារជាតិ។ ក្នុងន័យនេះ សាលាហ្វឹកហ្វឺន គឺជាកន្លែងដ៏មានសារៈសំខាន់សម្រាប់បណ្តុះបណ្តាលយោធិននៃកងយោធពលខេមរភូមិន្ទឱ្យមានឆន្ទៈស្មោះត្រង់មោះមុតដាច់ខាត ស្មារតីប្រយុទ្ធរឹងមាំ ទឹកចិត្តតស៊ូក្លាហាន និងប្រកបដោយជំនាញច្បាស់លាស់ តាមរយៈការអភិរក្សផ្នែកស្មារតី និងការធ្វើទំនើបកម្មផ្នែកសម្ភារ ដើម្បីបម្រើឱ្យបុព្វហេតុការពារជាតិ និងប្រជាជន ពីមួយជំនាន់ទៅមួយជំនាន់។

ជាមួយគ្នានេះ មេបញ្ជាការកងទ័ពជើងគោក បានចូលរួមអបអរសាទរចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានាជាច្រើន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនសាលាពលទាហានទី៥ ដែលកន្លងមកនេះសម្រេចបាននូវសមិទ្ធផលការងារគួរជាទីមោទនៈ តាមរយៈតួនាទីស្នូលដ៏សំខាន់ក្នុងនាមជាថ្នាលហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញទ័ពថ្មើរជើងសម្រាប់យោធិនទូទាំងយោធភូមិភាគទី៥ ចាប់តាំងពីដំណាក់កាលដំបូងនៃបង្កើតយោធភូមិភាគនេះ នៅចុងទសវត្សរ៍ឆ្នាំ៨០។ ឯកឧត្តមបានចូលរួមអបអរសាទរជាមួយនាយទាហាន ដែលទទួលបានការទុកចិត្តពីព្រះមហាក្សត្រ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ចំពោះការតែងតាំងមុខតំណែងថ្មីក្នុងជួរថ្នាក់ដឹកនាំសាលាពលទាហានទី៥ ដែលស័ក្តិសមទៅនឹងសមត្ថភាព លក្ខណៈសម្បត្តិ គុណបំណាច់ និងស្នាដៃដែលបានខិតខំប្រឹងប្រែងបំពេញជូនជាតិមាតុភូមិ ប្រកបដោយស្មារតីទទួលខុសត្រូវនារយៈកាលកន្លងមក ហើយក៏ជាការផ្តល់នូវទំនុកចិត្ត និងឱកាសក្នុងការចូលរួមដឹកនាំពង្រឹងយោធភូមិភាគទី៥ និងសាលាពលទាហានទី៥ តទៅខាងមុខទៀត។ ផ្តើមចេញពីមូលដ្ឋាននេះ សូមនាយក នាយករង ជាថ្នាក់ដឹកនាំសាលា ខិតខំបំពេញភារកិច្ច០៣ សំខាន់៖ ទី១.ថែរក្សាសមិទ្ធផលដែលថ្នាក់ដឹកនាំជំនាន់មុនបានបន្សល់ទុកឱ្យ ទី២.កសាង និង ពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមទៀតលើគ្រប់វិស័យ ជាមួយនឹងការធ្វើទំនើបកម្មឥតឈប់ឈរទាំងលើកត្តាមនុស្ស និងកត្តាសម្ភារ និងទី៣.ខិតខំរៀបចំមូលដ្ឋានសម្រាប់កម្លាំងបន្តវេន៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត



