ឯកឧត្តម ហ៊ុន ម៉ានី មានការហួសចិត្ត និងសោកស្តាយចំពោះក្រុមជនខិលខូចដែលបន្លំចូលកាន់កាប់ដោយទុចរិតលើទំព័រផ្លូវការរបស់យុទ្ធនាការ #beyondthegames
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានមានការហួសចិត្ត និងសោកស្តាយចំពោះក្រុមជនខិលខូចដែលបន្លំចូលកាន់កាប់ដោយទុចរិតលើទំព័រផ្លូវការរបស់យុទ្ធនាការ #beyondthegames។ ដោយឯកឧត្តមបានចោទសួរថា តើអ្នកដែលចូលទៅកាន់ទំព័រនោះមានបំណងអ្វី? តើជាចេតនាចង់បំផ្លាញកម្មវិធីនេះ?។
ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៥ ខែមីនានេះថា “ខ្ញុំពិតជាមានការហួសចិត្ត និងសោកស្តាយយ៉ាងខ្លាំង ដែលថ្មីៗទំព័រផ្លូវការរបស់យុទ្ធនាការ #beyondthegames ត្រូវបានជនខិលខូចបន្លំចូលកាន់កាប់ដោយទុចរិត។ ពួកយើងខិតខំណាស់ក្នុងការរៀបចំយុទ្ធនាការមួយនេះឡើងដើម្បីបង្ហាញពីសេចក្តីស្រលាញ់ និងបង្ហាញមោទកភាពរបស់យើងទាំងអស់គ្នា ក្នុងនាមជាខ្មែរ ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡារបស់អាស៊ាននេះ។ ពិសេសជាងនេះទៅទៀត ចលនាមួយនេះ ក៏មានគោលបំណងលើកស្ទួយដល់វិស័យកីឡាជនដែលមានពិការភាព តាមរយៈកម្មវិធី «បេះដូងច្រើនជាងគេលើពិភពលោក» ដើម្បីស្វែងរកថវិកាជួយគាំទ្រដល់ពួកគាត់”។
ឯកឧត្តម ហ៊ុន ម៉ានី បានបន្តទៀតថា ឯកឧត្តមនៅឆ្ងល់ថា តើអ្នកដែលចូលទៅកាន់ទំព័រនោះមានបំណងអ្វី? តើជាចេតនាចង់បំផ្លាញកម្មវិធីនេះ? ឬក៏ចង់ប្រឆាំងនឹងបំណង និងឆន្ទៈរបស់បងប្អូនប្រជាពលរដ្ឋជាច្រើននាក់នៅទូទាំងប្រទេស និងជុំវិញសកលលោកដែលបាន និងកំពុងចូលរួមក្នុងយុទ្ធនាការនេះ?៕
ដោយ៖ពលជ័យ


