អ៊ុយក្រែនចោទថា លោក ពូទីន ចង់ពង្រីកសង្រ្គាម បន្ទាប់ពីទម្លាក់យន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក

កៀវ៖ រដ្ឋាភិបាលទីក្រុងកៀវ នៅថ្ងៃទី១៥ ខែមីនានេះ បានចោទប្រកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ពីការព្យាយាមពង្រីកជម្លោះក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបាននិយាយថា យន្តហោះចម្បាំងរុស្ស៊ីបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក ឬហៅកាត់ថា ដ្រូនរបស់សហរដ្ឋអាមេរិកនៅលើសមុទ្រខ្មៅ ដែលបណ្តាលឱ្យវាធ្លាក់។

លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ និងការពារជាតិរបស់អ៊ុយក្រែន លោក អូឡិចស៊ី ដានីលូវ បានបញ្ជាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ឧបទ្ទវហេតុកើតឡើងលើយន្តហោះដ្រូនចម្បាំង MQ-9 Reaper UAV របស់អាមេរិក ដែលបង្កឡើងដោយរុស្ស៊ីនៅសមុទ្រខ្មៅ គឺជាមធ្យោបាយរបស់លោក ពូទីន ក្នុងការបង្ហាញពីការត្រៀមខ្លួនរបស់គាត់ ក្នុងការពង្រីកជម្លោះ ដើម្បីធ្វើឱ្យមានការចូលរួមពីភាគីដទៃទៀត។

បើតាមទីបញ្ជាការយោធាអាមេរិកប្រចាំតំបន់អឺរ៉ុប យន្ដហោះចម្បាំងរុស្ស៉ី Su-27 ចំនួន២គ្រឿងបានហោះស្ទាក់យន្ដហោះដ្រូន MQ-9 Reaper នៅលើដែនទឹកអន្តរជាតិនៃតំបន់សមុទ្រខ្មៅ។ មុនហោះបំបុក យន្ដហោះចម្បាំរុស្ស៉ី Su-27 មួយគ្រឿងបានចាក់សាំងចោលលើយន្ដហោះដ្រូន MQ-9 Reaper ហើយបានហោះពីមុខយន្ដហោះដ្រូននេះ ដែលនេះជាសកម្មភាពគ្មានទំនួលខុសត្រូវ និងគ្មានវិជ្ជាជីវៈទាល់តែសោះ។

យ៉ាងណាមិញ រុស្ស៊ីបានបដិសេធការវាយប្រហារលើយន្តហោះដ្រូនរបស់អាមេរិក តែមិនបានលើកឡើងអំពីហេតុការណ៍លម្អិតនៃឧប្បត្តិហេតុនេះទេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner