សិក្ខាសាលាលើកកម្ពស់ ការយល់ដឹង នូវការជ្រើសរើសពូជស្អាត និងបច្ចេកទេស ផលិតកម្ម បន្សាំសម្រាប់ ដំណាំដំឡូងមី
បន្ទាយមានជ័យ ៖ ការយល់ដឹង នូវការ ជ្រើសរើសដើមពូជស្អាត និងបច្ចេកទេស ផលិតកម្ម បន្សាំសម្រាប់ ដំណាំដំឡូងមី ជាការលើកកម្ពស់នូវដំណាំកសិឧស្សាហកម្ម សម្រាប់ប្រជាកសិករ ឲ្យទទួលបានទិន្នផលខ្ពស់ ។ ដ្បិតអីដំណាំដំឡូមី ជាដំណាំ អាទិភាពទី២ បន្ទាប់ពី ដំណាំស្រូវ ។
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ដំណាំដំឡូងមី ជាអទិភាព ទីពីរបន្ទាប់ពីដំណាំស្រូវ ដែលប្រជាកសិករយើងតែងបានយកវាមកដាំដុះ អាស្រ័យផល ក្នុងការងារបង្ករបង្កើនផល។ តែការដាំដុះដំណាំដំឡូងមីនេះទៀតសោត ចាំបាច់បំផុតគេត្រូវការ ជ្រើសរើសដើមពូជឲ្យបានល្អឬស្អាត ដើម្បីជៀសវាង ជម្ងឺរាតត្បាតមកបំផ្លាញ វា រួមនិងវីធីដាំដុះដែលទទួលបានការបណ្ដុះបណ្ដាលពីអ្នកជំនាញ ផ្នែកដំណាំកសិឧស្សហកម្ម តាមរយៈសិក្ខាសាលាលើកកម្ពស់ ការយល់ដឹង នូវការជ្រើសរើសពូជស្អាត និងបច្ចេកទេសផលិតកម្ម បន្សាំសម្រាប់ ដំណាំដំឡូងមី នេះ ឲ្យទៅដល់ប្រជាកសិករ ។
សូមបញ្ជាក់ថា សិក្ខាសាលានេះបានរៀបចំឡើង នៅបរិវេណ ចំការដំណាំ សហគមន៍កសិករ ក្នុងក្រុងសិរីសោភ័ណ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។
លោក ឃ្លោក នួយ អភិបាលរងខេត្ត ក្នុងនាមឯកឧត្ដមអភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងពីដាំដំណាំដំឡូងមី មានការកើនឡើងដោយសារមានតម្រូវការទីផ្សារ បណ្ដាប្រទេសជិតខាងក៏ដូចជាពិភពលោក។ ម៉្យាងដំឡូងមីជាដំណាំយុទ្ធសាស្ត្រទី២ បន្ទាប់ពីដំណាំស្រូវ សម្រាប់ខេត្តបន្ទាយមានជ័យ ក៏ដូចជាក្របខ័ណ្ឌទូទាំងប្រទេសផងដែរ។
មួយវិញទៀតការចែករំលែក បទពិសោធន៍ល្អៗពីការចេះរើសយកដើមពូជដំឡូងមីស្អាត ឬគ្មានជម្ងឺ ជាមួយបច្ចេកទេសដាំដុះឲ្យវាបន្សាំជាមួយអាកាធាតុ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាកសិករដែល ដាំដំឡូងមី ។ ដូច្នេះសូមបន្តផ្សព្វផ្សាយជំនាញផ្នែកដំណាំនេះឲ្យបានទូលំទូលាយបានដល់អ្នកដាំដំឡូងមីនៅក្នុងវិស័យកសិកម្ម ៕ ដោយ គៀន ច័ន្ទហ៊ីន


