ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិត សាកលវិទ្យាល័យបៀលប្រាយជាង បួនពាន់នាក់
ភ្នំពេញ៖ សម្តេចអគ្គមហាសនេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិត សាកលវិទ្យាល័យបៀលប្រាយសរុប ៤,៥៦៦នាក់ (នារី ២,០៣២នាក់ )នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ។
សាកលវិទ្យាធិការសាកលវិទ្យាល័យបៀលប្រាយ បណ្ឌិត ឌៀប សីហា បានឱ្យដឹងថា និស្សិតទទួលសញ្ញាបត្រនាពេលនេះ មានកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់ បណ្ឌិត ។ និស្សិតទាំងអស់ បានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០១៩-២០២០, ឆ្នាំសិក្សា ២០២០-២០២១, និង ឆ្នាំសិក្សា២០២១-២០២២ មកពីទីតាំងគោលរាជធានីភ្នំពេញ, សាខាខេត្តតាកែវ, សាខាខេត្តស្ទឹងត្រែង, និងសាខាខេត្តរតនគិរី។ និស្សិតទាំងនេះ ក៏មាននិស្សិតជនជាតិដើមភាគតិចចំនួន ៤៦នាក់ នារី ១៨នាក់ផងដែរ។
បណ្ឌិត ឌៀប សីហា បានឱ្យដឹងថា យោងតាមការស្ទង់មតិ និស្សិតត្រូវទទួលសញ្ញាបត្រនេះ អ្នកមានការងារធ្វើ ស្មើនឹង ៩៥.៨៨ភាគរយ ក្នុងនោះ ការងារត្រូវជំនាញសិក្សា ស្មើ ៧៦.៣៦ភាគរយ, ការងារមិនត្រូវជំនាញសិក្សា ស្មើ ១២.៨៤ភាគរយ និងការងារជាអាជីវកម្មផ្ទាល់ខ្លួន ស្មើ ១០.៨១ភាគរយ។
បណ្ឌិត ឌៀប សីហា បានឱ្យដឹងថា បច្ចុប្បន្ន សាកលវិទ្យាល័យ មានទីតាំងគោលរាជធានីភ្នំពេញ ចំនួន ១ និងសាខាតាមខេត្ត ចំនួន ៨ផ្សេងទៀត រួមមាន៖ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តរតនគីរី ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តស្ទឹងត្រែង និង ខេត្តត្បូងឃ្មុំ, និងមាន ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក និងសាស្រ្តាចារ្យ សរុបចំនួន ១,១៣១នាក់ នារី ២០០នាក់ ៕
ដោយ :វណ្ណលុក