សម្តេចតេជោ ហ៊ុន សែន នឹងដង្ហែយាងព្រះរាជដំណើរព្រះមហាក្សត្រ ប្រទានព្រះអគ្គិកីឡាស៊ីហ្គេម នៅមុខប្រាសាទអង្គរវត្ត
ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយសរុប ៤,៥៦៦នាក់ នារី ២,០៣២នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្ដេច នឹងអញ្ជើញទៅខេត្តសៀមរាប ដង្ហែយាងព្រះរាជដំណើរព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រទានព្រះអគ្គិកីឡាស៊ីហ្គេម នៅមុខប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ។
សូមជម្រាបថា «ព្រះអគ្គិកីឡា» នឹងដង្ហែចេញពីប្រាសាទអង្គរវត្ត កាត់តាមវង់តូច និងចូលមកក្រុងសៀមរាបដោយរក្សាទុកក្នុងវត្តរាជបូណ៌។ បន្ទាប់មក នឹងដង្ហែចេញទៅកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ាន និងត្រឡប់មកកម្ពុជាវិញ ដោយឆ្លងកាត់ខេត្តមួយចំនួន ដោយការជិះកង់ ទៅកាន់ពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ដែលជាកន្លែងប្រារព្ឋពិធីបើក ត្រូវនឹងល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។
ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល។ SEA Games ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ


