សម្តេចតេជោ ហ៊ុន សែន៖ ការដួលរលំធនាគាររបស់អាមេរិក មិនបង្កផលប៉ះពាល់ដល់កម្ពុជានោះទេ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការដួលរលំធនាគាររបស់អាមេរិក មិនបង្កផលប៉ះពាល់ដល់កម្ពុជានោះទេ។ សម្ដេច ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប សូមកុំមានការស្លន់ស្លោរ និងណែនាំឱ្យពលរដ្ឋ ជឿទុកចិត្តចំពោះធនាគារនៅក្នុងប្រទេស ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយសរុប ៤,៥៦៦នាក់ នារី ២,០៣២នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ។
នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប សូមកុំមានការស្លន់ស្លោរ ពាក់ព័ន្ធនឹងព័ត៌មាន នៃការដួលរលំធនាគាររបស់អាមេរិក។ បញ្ហានៅអាមេរិកនោះ មិនបង្កផលប៉ះពាល់ដល់កម្ពុជានោះទេ ហើយសម្រាប់អាមេរិកផ្ទាល់ ក៏មានការប៉ះពាល់តិចតួចប៉ុណ្ណោះ។ ការដួលរលំធនាគារអាមេរិក គឺជាវិបត្តិជ្រាំដែល គឺគ្មានអ្វីត្រូវភិតភ័យឡើយ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសដល់ប្រជាពលរដ្ឋ សូមទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលលើវិស័យធនាគារ និងហិរញ្ញវត្ថុ ។ សម្ដេច ក៏បានណែនាំឱ្យពលរដ្ឋជឿទុកចិត្តចំពោះធនាគារនៅក្នុងប្រទេសកម្ពុជា ដែលសុទ្ធតែមានទុនបម្រុងរបស់ខ្លួនគ្រប់គ្រាន់ ទប់ទល់នឹងហានិភ័យនានាជាយថាហេតុ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ


