កាណាដាប្រកាសផ្តល់ជំនួយយោធាបន្ថែមដល់អ៊ុយក្រែន

អូតាវ៉ា៖ រដ្ឋមន្ត្រីការពារជាតិកាណាដា លោកស្រី អានីតា អាណាន់ នៅថ្ងៃទី១៥ ខែមីនានេះ បានប្រកាសផ្តល់ជំនួយយោធាបន្ថែមទៀតដល់ប្រទេសអ៊ុយក្រែន។

រដ្ឋមន្ត្រីការពារជាតិកាណាដា លោកស្រី អានីតា អាណាន់ បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ដែលចេញដោយក្រសួងការពារជាតិកាណាដាថា ប្រទេសកាណាដានឹងផ្តល់ជំនួយជាគ្រាប់រំសេវ ១៥៥មីលីម៉ែត្រប្រហែល ៨,០០០គ្រាប់ ក៏ដូចជាមីស៊ីលការពារដែនអាកាសចំនួន ១២គ្រាប់ ដែលបានមកពីកងកម្លាំងប្រដាប់អាវុធកាណាដា (CAF) ដើម្បីទ្រទ្រង់ប្រព័ន្ធការពារដែនអាកាសដែលកំពុងដាក់ពង្រាយក្នុងប្រទេសអ៊ុយក្រែន។

លោកស្រី អាណាន់ បាននិយាយថា កាណាដាក៏នឹងផ្តល់គ្រាប់រថក្រោះ ១០៥មីលីម៉ែត្រប្រហែល ១,៨០០គ្រាប់ផងដែរ ដើម្បីគាំទ្រដល់ការផ្គត់ផ្គង់រថក្រោះខ្លារខិន Leopard 1 ដែលប្រកាសដោយដាណឺម៉ាក អាល្លឺម៉ង់ និងហូឡង់។ លោកស្រីថា CAF ក៏បានចាប់ផ្តើមការដឹកជញ្ជូនរថក្រោះខ្លារខិន Leopard 2 បន្ថែមទៀត ដែលសន្យាដោយកាណាដាកាលពីចុងខែកុម្ភៈផងដែរ។

សរុបមក កាណាដាបានប្រគល់រថក្រោះខ្លារខិន Leopard 2 ចំនួន ៨គ្រឿងហើយទៅឱ្យអ៊ុយក្រែន។ ប្រភពបានឱ្យដឹងថា រថក្រោះទាំង៨គ្រឿង និងរថពាសដែកដែលបានប្រកាសពីមុន រួមទាំងគ្រឿងបរិក្ខារ និងគ្រាប់រំសេវដែលផ្តល់ដោយប្រទេសកាណាដា ត្រូវបានគេរំពឹងថា នឹងមានវត្តមាននៅក្នុងប្រទេសអ៊ុយក្រែនក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner