លោក ពូទីន ជំរុញឱ្យរដ្ឋអាជ្ញាបញ្ចេញប្រតិកម្មខ្លាំងៗ ចំពោះការប៉ុនប៉ងធ្វើឲ្យរុស្ស៊ីមានអស្ថិរភាព

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទាមទារឱ្យរដ្ឋអាជ្ញា ឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការប៉ុនប៉ងណាមួយ ដើម្បីធ្វើឱ្យមានអស្ថិរភាព ដល់ស្ថានភាពសង្គម និងនយោបាយនៅក្នុងប្រទេសរុស្ស៊ី។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សានៃការិយាល័យអគ្គរដ្ឋអាជ្ញានៅថ្ងៃទី១៥ ខែមីនានេះថា ព្រះរាជអាជ្ញាគួរតែសកម្មជាងមុន ក្នុងការប្រឆាំងនឹងភាពជ្រុលនិយម។ លោក ពូទីន បាននិយាយយ៉ាងដូច្នេះថា ដូចដែលខ្ញុំបានកត់សម្គាល់រួចហើយ នៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះនៃក្រុមប្រឹក្សា FSB ថា ចំនួននៃឧក្រិដ្ឋកម្មបែបនេះបានកើនឡើងកាលពីឆ្នាំមុន។

ខ្ញុំកំពុងស្នើសុំឱ្យអ្នកឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការប៉ុនប៉ងធ្វើឱ្យស្ថានភាពសង្គម-នយោបាយមានអស្ថិរភាពក្នុងប្រទេសរុស្ស៊ី។ នៅចុងបញ្ចប់នៃសុន្ទរកថាបើក លោក ពូទីន បានថ្លែងអំណរគុណដល់រដ្ឋអាជ្ញាចំពោះវិជ្ជាជីវៈ និងភាពឧស្សាហ៍ព្យាយាមរបស់ពួកគេ។

ជាមួយគ្នានេះ លោកបានបង្ហាញទំនុកចិត្តថា ព្រះរាជអាជ្ញានឹងរក្សាល្បឿនការងារ និងគុណភាពរបស់ខ្លួន ហើយប្រើប្រាស់អំណាចទាំងអស់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ សង្គម និងរដ្ឋ។ សូមអរគុណចំពោះការយកចិត្តទុកដាក់របស់ពួកអ្នក ហើយខ្ញុំសូមជូនពរឱ្យពួកអ្នកទទួលបានជោគជ័យ។ នេះជាសុន្ទរកថាបញ្ចប់របស់លោក ពូទីន៕ ប្រភព៖ Tass ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner