កូរ៉េខាងជើងបាញ់មីស៊ីល ផ្គើននឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូងទៅកាន់ជប៉ុន
តូក្យូ៖ ឆ្មាំសមុទ្រជប៉ុនបានរាយការណ៍នៅថ្ងៃទី១៦ ខែមីនានេះថា កូរ៉េខាងជើងបានបាញ់សាកល្បងនូវអ្វីដែលគេជឿជាក់ថា ជាមីស៊ីលបាលិស្ទីករយៈចម្ងាយឆ្ងាយមួយគ្រាប់ ហោះធ្លាក់ទៅក្នុងដែនសមុទ្រជប៉ុន។
ស្របពេលជាមួយគ្នានេះដែរ យោធាកូរ៉េខាងត្បូងក៏បានបញ្ជាក់អំពីការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងផងដែរ។ នេះជាការបាញ់សាកល្បងមីស៊ីលលើកទី ៥ ហើយរបស់កូរ៉េខាងជើង ចាប់តាំងពីដើមឆ្នាំមក។
ការបាញ់សាកល្បងមីស៊ីលចុងក្រោយនេះ កើតមានឡើងចំពេលដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានធ្វើដំណើរទៅដល់ប្រទេសជប៉ុនហើយ នៅក្នុងថ្ងៃព្រហស្បតិ៍នេះ ក្នុងគោលបំណងបើកទំព័រថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោក យូន ស៊ុកយុល បានថ្លែងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន AFP និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតក្នុងសប្តាហ៍នេះយ៉ាងដូច្នេះថា ខ្ញុំមានទំនុកចិត្តថា រដ្ឋាភិបាលជប៉ុននឹងចូលរួមជាមួយយើង ក្នុងការបើកទំព័រថ្មីនៃទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងជប៉ុន។ ខ្ញុំក៏សង្ឃឹមដែរថា ប្រជាជននៃប្រទេសយើងទាំងពីរនាពេលនេះ នឹងឈានទៅមុខជាមួយគ្នាឆ្ពោះទៅអនាគត ជាជាងការប្រឈមមុខនឹងអតីតកាល៕ ប្រភព៖ AFP និង Tass ប្រែសម្រួលដោយ៖ ឈឹម ទីណា

