ទិវាពិភពលោកកំចាត់រោគរបេង​ ឆ្នាំ២០២៣នេះ ប្រារព្វឡើងក្រោមប្រធានបទ «មែនហើយ យើងអាចបញ្ចប់ជំងឺរបេងបាន»

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាន​លើកឡើងថា ​កម្ពុជានៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងក្នុង​អ​ត្រាខ្ពស់នៅឡើយបើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀត និងនៅមានមនុស្សជាច្រើន​ដែលនៅពុំទាន់បានទទួលសេវាព្យាបាលជំងឺរបេង។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបាន​​លើកឡើងដូចនេះ​តាមរយៈសារលិខិត​​ចុះថ្ងៃទី៩ ខែមីនា និងបានចេញផ្សាយ​កាល​ពី​ថ្ងៃទី​១៥ ខែមីនា ស្ដីពីការប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង​ថ្ងៃទី២៤ ​មីនា ២០២៣​ ក្រោមប្រធានបទ «មែនហើយ យើងអាចបញ្ចប់ជំងឺរបេងបាន»​។​

កម្ពុជាបានធ្វើការស្រាវជ្រាវ និងព្យាបាលជំងឺរបេងទៅដល់ប្រជាជនដោយឥតបង់ថ្លៃ ដែលកិច្ចការនេះរីកចម្រើនដ៏គួរឲ្យកត់សម្គាល់ ជាហេតុធ្វើឲ្យអត្រាឈឺ និងស្លាប់ដោយសារជំងឺនៅក្នុងប្រទេសកម្ពុជាមានការធ្លាក់ចុះជាច្រើនជាងប្រទេសដទៃ។

​សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ៖ «ប្រទេសកម្ពុជាក៏នៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងខ្ពស់នៅ​ឡើយ បើ​ធៀបនឹងបណ្តាប្រទេសមួយចំនួនទៀត និងនៅមានមនុស្សច្រើននៅឡើយ ដែលនៅពុំទាន់បា​នទទួលសេវា»។ បញ្ហានេះតម្រូវឱ្យកម្ពុជា ត្រូវបង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការប​ន្ថែមទៀត ដើម្បីកាត់ប​ន្ថយឲ្យបានកាន់តែច្រើនថែម ទៀតនូវអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេង ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃព្រះរាជាណាចក្រកម្ពុជា និងសកលលោក។

យោងតាម​សារលិខិតដដែលនេះ​បាន​បញ្ជាក់ថា ជាក់ស្តែងអត្រាស្លាប់បានថយចុះពី៤២ករណី ក្នុងចំណោ​មប្រជាជន ១​សែននាក់ នៅឆ្នាំ២០០០ មកត្រឹម ២១ករណី ក្នុងចំណោមប្រជាជន ១សែននាក់ ក្នុងឆ្នាំ២០២១ ដែលមានអត្រាធ្លាក់ចុះស្មើនឹង៥០ភាគរយ។ រីឯអត្រាកើតមានជំងឺថ្មី (អាំងស៊ីដង់) បានធ្លាក់ចុះ ពី៥៧៩ ករណី ក្នុងចំណោមប្រជាជនមួយសែននាក់ នៅឆ្នាំ២០០០ មកដល់ ២៨៣ ករណី ក្នុងចំណោមប្រជាជនមួយសែននាក់ នៅឆ្នាំ២០២១ ដែលស្មើនឹង ៥០ភាគរយ។

សម្ដេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាបញ្ជាក់ថា ៖ «នេះជាអ្វីដែលកម្ពុជាបានសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សពាក់ព័ន្ធនឹងការកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងនេះរួចហើ​យនៅមុនកាលកំណត់ ៤ឆ្នាំ។ ជោគជ័យរបស់កម្ពុជាក្នុងការកំចាត់ជំងឺរបេង គឺជាស្នាដៃមួយដែលមានប្រទេស ក្នុងចំនួនតិចតួចប៉ុណ្ណោះ អាចសម្រេចបាន»។

​សម្ដេចតេជោ ហ៊ុន សែន មានជំនឿយ៉ាងមុតមាំថា ៖ «ប្រធានបទ​ឆ្នាំនេះ ធ្វើ​ឲ្យពិភពលោកទាំ​ង​មូ​ល​មានជំនឿ​ថាមនុស្សទាំងអស់​អាចបញ្ចប់ជំងឺរបេងបាន ដោយ​ទាំងអស់គ្នារួបរួមបង្កើនល្បឿន ដើម្បីបំ​ពេញកិច្ចការដ៏ច្រើនបន្ថែមទៀត ជាពិសេសដើម្បីជំរុញឱ្យមានសេវាថែទាំ បង្កើនការស្រាវជ្រាវ និងព្យាបា​លជំ​ងឺរបេងជាសកលនៅគ្រប់ទីកន្លែង និងសម្រាប់ជនគ្រប់រូប»។

តាមការប៉ាន់ស្មាននៅក្នុងពិភពលោក ក្នុងមួយឆ្នាំៗ​ប្រជាជនប្រមាណ ១០លាននាក់ កើតជំងឺរបេង ប៉ុន្តែអ្ន​កជំងឺប្រហែល ៣ លាននាក់ ក្នុងមួយឆ្នាំៗពុំទាន់បានទទួលសេវាថែទាំ និងព្យាបាលនៅឡើយ។ នេះបើតាមការ​បញ្ជាក់ពី​លោក ហ៊ុន សែន ដោយ​លោក​រំពឹងថា ប្រធានបទនេះនឹងសំដៅជំរុញការស្រា​វជ្រា​វរកឲ្យឃើញ និងព្យាបាលឲ្យជាសះស្បើយដល់អ្នកជំងឺរបេងប្រមាណបីលាននាក់ ទៅបួនលាននាក់ នៅក្នុងពិភពលោកដែលពុំទាន់បានទទួលសេវា។

​លោក​ ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន បានប្រាប់ឱ្យដឹងថា ទាំងកា​រស្រាវជ្រាវជំងឺរបេង និងការព្យាបាលជំងឺនៅក្នុងឆ្នាំ២០២២កន្លងមកនេះ ទទួលបានលទ្ធផលល្អប្រសើរជា​ងក្នុងឆ្នាំ២០២១ ពីព្រោះក្នុង​ឆ្នាំ២០២១​​កម្ពុជា​មានបញ្ហាជំងឺកូវីដ​១៩ ហើយបច្ចុប្បន្ននេះស្ថានភាពនៃការកំចាត់ជំងឺរបេងនៅក្នុងប្រទេសកម្ពុជា កំពុងធ្វើការអនុវត្តទៅតាមផែនការយុទ្ធសាស្ត្ររយៈពេល១០ឆ្នាំ ដើម្បីឈានទៅសម្រេចបាន លើការបញ្ចប់ការរាតត្បាតជំងឺរបេង នាឆ្នាំ២០៣០ ខាងមុខនេះផងដែរ។

លោកបញ្ជាក់ថា នៅក្នុងឆ្នាំនេះ លោកសង្ឃឹមថានឹងមានស្ថាប័នពាក់ព័ន្ធចូលរួម​កាន់តែច្រើនជាងមុន ដើ​ម្បីអាចឈានដល់ការបញ្ចប់ជំងឺរបេង ខណៈដែលប្រទេសកម្ពុជាបានបើកប្រទេសឡើងវិញ ក្រោយពីបញ្ហាជំងឺកូវីដ១៩បានស្ងប់ស្ងាត់។

លោក ហួត ចាន់យុដា បាន​ប្រាប់ថា ទោះជាយ៉ាងណា ក៏យើងនៅតែមានកង្វល់ខ្លះដែរ ដោយសារតែយើងមានវិបត្តិកូវីដ១៩ក្នុងរយៈពេលពីរឆ្នាំជាប់គ្នានេះ ។​ កាលដែលយើងធ្វើការស្រាវជ្រាវ ឬក៏ធ្វើការព្យា​បាល វាហាក់បីដូចជាយើងត្រូវការជំនួយ ដើម្បីបន្តជួយទៅដល់កម្ពុជាយើងនេះ ឆ្លងផុតនូវអ្វីដែលជាហានិភ័យមួយសម្រាប់សុខភាពសាធារណៈ»។

លោកបានបន្ថែមថា ប្រធានបទនៃ​ទិវារបេងពិភពលោក​ឆ្នាំ២០២៣នេះ ​​ជាជំហានមួយដែលធ្វើឲ្យប្រទេសកម្ពុជាអាចឈានទៅដល់ការបញ្ចប់ជំងឺរបេងបាន នៅក្នុងឆ្នាំ២០៣០៕ជា សុខនី

ads banner