​​​​​ដ្រូនអាមេរិក​ និង​យន្តហោះ​ចម្បាំង​រុស្ស៊ី​ប៉ះ​ទង្គិច​គ្នា​លើ​សមុទ្រ​ខ្មៅ​

មូស្គូ៖ ដ្រូន​ចារកម្ម​របស់​អាមេរិក​ និង​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​បាន​​ប៉ះ​ទង្គិច​គ្នា​​ពី​​លើ​សមុទ្រ​ខ្មៅ​​ក្បែរ​តំបន់​គ្រីមៀភាគ​ខាង​លិច​កាល​ពី​ថ្ងៃ​អង្គារ​​ ​ក្នុង​​ការ​ប្រឈម​​មុខយោធា​ដាក់​គ្នា​​ដោយ​ផ្ទាល់ដ៏​កម្រ ស្រប​ពេល​ដែល​ទំ​នាក់​ទំនង​រវាង​មហា​អំណាច​ទាំង​ពីរ​បាន​ធ្លាក់​ចុះ​​ដុន​ដាប​​រួច​ទៅ​ហើយ​ ដោយ​សារតែ​​ការ​ឈ្លាន​ពាន​អ៊ុយក្រែន​របស់​រុស្ស៊ី​។

ក្រោយ​ហេតុការណ៍​ដ៏​​ក្ដៅ​គគុក​ចុង​ក្រោយ​នេះ​ ភាគី​ទាំង​សង​ខាង​បាន​ឆ្លើយ​យក​ត្រូវ​ក្រោម​ហេតុ​ផល​​រៀង​ៗ​ខ្លួន​ ខណៈ​មាន​ការ​ព្រមាន​ពី​ការ​កើន​ឡើង​ភាព​តាន​តឹង​នៃ​ជម្លោះ​។

​សេចក្ដី​រាយការណ៍​ផ្សេងៗដែល​ស្រង់​សម្ដី​​មន្រ្តី​នៃ​ប្រទេស​ទាំង​ពីរ​ ​បាន​ឱ្យ​ដឹង​ថា​​ ការ​ប៉ះ​ទង្គិច​កើត​ឡើង​រវាង​ដ្រូន​ចារកម្ម​របស់​អាមេរិក​ ​MQ-9 Reaper ​ដែល​មាន​តម្លៃ​ជាង​ ៣០ លាន​ដុល្លារ​ និង​បំពាក់​ទៅ​ដោយ​​បច្ចេក​វិទ្យាចារកម្មអាមេរិក​​ដ៏​រសើប​​និង​យន្តហោះ​ចម្បាំង​រុស្ស៊ី​ធុន​​ Su-27 ​ចំនួន​ពីរ​គ្រឿង​ ដែល​ដាក់​ពង្រាយ​ដើម្បី​ស្ទាក់​ចាប់​ដ្រូន​របស់​អាមេរិក​។ ​

​មន្ទីរ​បញ្ចកោណ​បាន​អះ​អាង​ថា​ ​យន្តហោះ​ចម្បាំង​រុស្ស៊ី​ Su-27 ទាំង​ពីរគ្រឿង​បាន​ស្ទាក់​ចាប់​MQ-9 Reaper ហើយ​​បន្ទាប់​មក​​ចាក់​សាំង​ពី​លើ​​វា​ ​ខណៈ​​​ដែល​ដ្រូនមួយ​​នេះ​គ្រាន់​តែ​​ធ្វើ​ការ​ឃ្លាំ​មើល​ជា​​ដូច​សព្វ​រាល់​ដង​នៅ​លើ​​សមុទ្រ​ខ្មៅ​ក្នុង «​ដែន​អាកាស​អន្តរជាតិ​» ប៉ុណ្ណោះ​។

​បន្ថែម​ពី​លើ​នេះ​ មន្រ្តី​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា​ ​​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​បាន​ហោះ​ជុំ​វិញ​ និង​នៅ​ពី​មុខ​ដ្រូន​​ជា​ច្រើន​ដង​ក្នុង​រយៈ​ពេល​ពី​ ៣០-៤០​ នាទី​ ​ហើយ​បន្ទាប់​មក​​​យន្តហោះ​ចម្បាំង​ Su-27 ​​មួយ​បាន​បុក​ទៅ​លើ​​ស្លាប​របស់​ដ្រូន​ដែល​តម្រូវ​ឱ្យ​កង​​កម្លាំង​អាមេរិក​បញ្ជា​ដ្រូន​នេះ​ឱ្យ​ទម្លាក់​ខ្លួន​ចូល​ក្នុង​​ដែន​ទឹក​អន្តរជាតិ​។ ​

​អ្នក​នាំ​ពាក្យបញ្ចកោណ​អះ​អាង​ថា​ ​ការ​ប៉ះ​ទង្គិច​គ្នា​ទំនង​ជា​ធ្វើ​ឱ្យ​ខូច​ខាត​ដល់​យន្តហោះ​ចម្បាំង​រុស្ស៊ី​មួយ​គ្រឿង​ផង​ដែរ​។  គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ​ ​​មិន​ទាន់​មាន​ការ​បញ្ជាក់​ឱ្យ​ច្បាស់​ថា​​តើ​វា​ជា​ការ​បុក​ដោយ​ចេតនា​ពី​កង​កម្លាំង​រុស្ស៊ី​ ឬ​យ៉ាង​ណា​នោះ​ទេ​ ប៉ុន្តែ​ភាគី​ទាំង​សង​ខាង​សុទ្ធ​តែ​បាន​រាយការណ៍ថា​​​ ការ​​ប៉ះ​ទង្គិច​នេះ​ស្ថិត​​​ក្នុង​ប្រតិបត្តិការ​ស្ទាក់​ចាប់​ដ្រូន​របស់​អាមេរិក​ ដែលក្រុម​​មន្រ្តី​ក្រុង​វ៉ាស៊ីនតោន និង​​ប្រទេស​សម្ព័ន្ធ​មិត្ត​ ​ទទូច​ថា​ហោះ​លើ​ដែន​អាកាស​អន្តរជាតិ​។

ទោះ​បី​បែប​ណា​ក៏​ដោយ​ ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​អះ​អាង​ថា​ ដ្រូន​អាមេរិក​បាន​ហោះ​ហើរ​នៅ​ជិត​ព្រំដែ​ន​រុស្ស៊ី ​រួច​មក​​​​ជ្រៀត​ជ្រែក​ចូល​ទៅ​ក្នុង​តំបន់​មួយ​​ដែល​អាជ្ញាធរ​រុស្ស៊ី​បាន​ប្រកាស​បិទ​ ហើយ​​យន្តហោះ​ចម្បាំ​ងរបស់​​រុស្ស៊ី​ទាំង​ពីរ​​បាន​ព្យាយាម​ស្ទាក់​ចាប់​ដ្រូននោះ។​ ​ ​​ចំណែក​​​ឯកអគ្គ​រដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​អាមេរិក បាន​​អះ​អាង​ថា​ ​ដ្រូន​របស់​អាមេរិក​នោះ​បាន​បិទ​ឧបករណ៍​បញ្ជូន​ព័ត៌មាន​​ ​ដែល​ជា​ឧបករណ៍​អាច​​​​ឱ្យ​គេ​​កំណត់​អត្ត​សញ្ញាណ​​នៅ​លើ​អាកាសបាន​។​

ក្រសួង​ការពារជាតិ​រុស្ស៊ី​បាន​អះ​អាង​ទៀត​ថា​ យន្តហោះ​ចម្បាំង​របស់​ខ្លួន​មិន​បាន​​ប្រើ​​អាវុធដែល​​បំពាក់​លើ​យន្តហោះ​ ដើម្បី​​បាញ់​លើ​ដ្រូន​អាមេរិក​នោះ​ទេ​ ហើយ​ក៏​មិន​បាន​ប៉ះ​ពារ​លើ​តួ​​ដ្រូន​​នោះ​ដែរ​។ ​ក្រសួង​គូស​បញ្ជាក់​​ថា​ ​ដ្រូន​នោះ​បាន​ធ្លាក់​ចុះ​ដោយ​ខ្លួន​ឯង​។ ​

គួរ​រំឮក​ថា​ រុស្ស៊ី​​បាន​ប្រកាស​បិទ​ការ​ហោះ​ហើរ​លើ​តំបន់​ដ៏​ធំ​ក្បែរ​គ្រីមៀដែល​​ក្រុង​មូស្គូ​កាត់​យក​ពី​អ៊ុយក្រែន​ក្នុង​ឆ្នាំ​ ២០១៤​ ​ប៉ុន្តែ​​គួរ​កត់​សម្គាល់​ថា​ ​អាមេរិក​ និង​ប្រទេស​ ៩៩ ផ្សេង​ទៀត​ ​មិនបាន​​ទទួល​ស្គាល់​​ឧប​ទ្វីប​នេះ ​ថា​ជា​ទឹក​ដី​របស់​រុស្ស៊ី​ក្នុង​សេចក្ដី​សម្រេច​​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​នោះ​ទេ​។

​ជុំ​វិញ​បញ្ហា​ចុង​ក្រោយ​ដដែល​ ​ឯកអគ្គ​រដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​​សហរដ្ឋ​អាមេរិក ​លោក​ Anatoly Antonov ​បាន​លើក​ឡើងក្នុង​បណ្ដាញ​តេឡេក្រាម​នៅ​ថ្ងៃ​ពុធ​​ថា​ ​ដ្រូន​អាមេរិក​បាន​ប្រមូល​ព័ត៌មាន​សម្ងាត់​ ដើម្បី​​យក​ទៅ​ឱ្យ​កង​កម្លាំង​អ៊ុយក្រែន​ប្រើ​ប្រាស់​ ក្នុង​គោល​បំណង​វាយ​ប្រហារ​រុស្ស៊ី​។ ​​

​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​​ឯ​នោះ​វិញ​បាន​កោះ​ហៅ​​លោក​ Antonov ​ឱ្យ​ជួប​ជាមួយ​លោក​ស្រី​ Karen Donfried ដែល​ជំនួយ​ការ​រដ្ឋ​លេខាធិការ​​អាមេរិក​ទទួល​បន្ទុក​កិច្ច​ការ​អឺរ៉ុប​។​ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​ លោក​ ណេដ ប្រាយស៍​ បាន​ថ្លែង​ថា ​ ​«​​​​យើង​កំពុង​ចូល​រួម​ដោយ​ផ្ទាល់​ជាមួយ​រុស្ស៊ី​ ​ ​ដើ​ម្បី​​បង្ហាញ​ការ​ជំទាស់​យ៉ាងដាច់​អហង្ការ​​របស់​យើង​ចំពោះ​ការ​ស្ទាក់​ចាប់​(ដ្រូន​)ដោយ​​គ្មាន​​សុវត្ថិភាព​ និង​គ្មាន​វិជ្ជាជីវៈ​នេះ​ ដែល​បណ្តាល​ឱ្យ​​ដ្រូន​របស់​អាមេរិក​ធ្លាក់​»។

​​ក្រោយ​​ការ​កោះ​ហៅ​របស់​អាមេរិក​ លោក​ឯកអគ្គ​រដ្ឋ​ទូត Antonov បាន​និយាយ​ថា​ រុស្ស៊ី​ចាត់​ទុក​ការ​ប៉ះ​ទង្គិច​រវាង​ដ្រូន​ និង​យន្តហោះ​ចម្បាំង​រុស្ស៊ី​ ថា​ជា​ «ការ​បង្ក​ហេតុ» ដាក់​រុស្ស៊ី​​។ នេះ​បើ​តាម​ការ​ស្រង់​សម្ដី​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី​ RIA ។

​ប៉ុន្តែ​​មេ​ដឹក​នាំ​ក្រុម​ភាគ​ច្រើន​នៃ​ព្រឹទ្ធ​សភា​អាមេរិក​​ លោក ​​Chuck Schumer បាន​ហៅ​ការ​ប៉ះ​ទង្គិច​គ្នា​ថា​ជា​ «​​ទង្វើ​មិន​ប្រុង​ប្រយ័ត្ន​មួយ​ផ្សេង​ទៀត​»​ របស់​​ប្រធានាធិបតី​រុស្ស៊ី​លោក​ វ្ល៉ាឌីមៀរ​ ពូទីន​ និង​យោធា​រុស្ស៊ី​​។ លោក​ថ្លែង​ក្នុង​សុន្ទរកថា​បើក​ព្រឹទ្ធ​សភា​អាមេរិក​កាល​ពី​ថ្ងៃ​អង្គារ​ថា​​៖ «​ខ្ញុំ​ចង់​ប្រាប់​លោក​ ពូទីន​ ឱ្យ​បញ្ឈប់​អាកប្បកិរិយា​នេះ​ មុន​ពេល​អ្នក​គឺ​ជា​ហេតុ​ផល​​ចំពោះ​ការ​កើន​ឡើង​នៃ​ភាព​តាន​តឹង​​ដោយ​អចេតនា​ណា​មួយ​»​។

ចំណែក​ឯ​ អ្នក​ជំនាញ​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន​ American Enterprise ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ឌីស៊ី​ លោក​ស្រី​ Elisabeth Braw បាន​និយាយ​ថា​ វា​ជា​ «​ដំណាក់​កាល​ដ៏​រសើប​ក្នុង​ជម្លោះ​នេះ​ ព្រោះ​វា​ពិត​ជា​​ការ​ប្រ​ឈម​មុខ​ដាក់​គ្នា​ដោយ​ផ្ទាល់​​ដំបូង​គេ​ ដែល​​​សាធារណ​ជន​ដឹង​អំពី​លោក​ខាង​លិច​ និង​រុស្ស៊ី​»​។

គួរ​បញ្ជាក់​ជា​ថ្មី​ថា​ ​ការ​ឈ្លាន​ពាន​អ៊ុយក្រែន​​របស់​​រុស្ស៊ី​​បាន​បង្កើន​ភាព​តាន​តឹង​រវាង​ទីក្រុង​មូស្គូ​ និង​វ៉ាស៊ីនតោន​ ហើយ​បាន​ធ្វើ​ឱ្យ​សមុទ្រ​ខ្មៅ​​ប្រែ​ក្លាយ​ជា​​​តំបន់​ប្រយុទ្ធ​យុទ្ធសាស្រ្ត​ដ៏​សំខាន់​។ ​​សង្រ្គាម​នេះ​ក៏​បាន​ធ្វើ​ឱ្យ​អង្គការ​សន្ធិ​សញ្ញា​អាត្លង់ទិក​ខាង​ជើង​(ណាតូ​)​កាន់​តែ​ស្អិត​រមួត​​ជាមួយ​គ្នា​​ ដោយ​ការ​ពង្រឹង​ទំនាក់​ទំនង​រវាង​ទីក្រុង​វ៉ាស៊ីនតោន​ និង​សមាជិក​ដែល​មាន​ព្រំដែន​ជាប់​រុស្ស៊ី ​ដូច​ជា​​ប្រទេស​ប៉ូឡូញ​ និង​បណ្ដា​រដ្ឋ​បាល់ទិក​ជា​ដើម​​។ ​បណ្តា​ប្រទេស​ណាតូ​ ក៏​បាន​ចាក់​ជំនួយ​យោធា​រាប់​ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​អ៊ុយក្រែន។​ ​យ៉ាង​ណា​មិញ​ សម្ព័ន្ធ​មិត្ត​យោធា​នេះ​បាន​ព្យាយាម​ជៀស​វាង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ផ្ទាល់​ជាមួយ​រុស្ស៊ី ​ដែល​ជា​រដ្ឋ​ប្រដាប់​ដោយ​អាវុធ​នុយក្លេអ៊ែរ​។​

កន្លង​មក​ មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​មាន​ការ​ព្រួយ​បារម្ភ​ថា​ ​ហេតុ​ការ​ណ៍ ​ឬ​ទំនាក់​ទំនង​មិន​ប្រក្រតី​មួយ​ចំនួន​នៅ​លើ​សមុទ្រ​ខ្មៅ​ អាច​នាំ​ឱ្យ​មាន​បញ្ហា​ធំ​ជាង​នេះ​។​ កាល​ពី​ខែ​តុលា​ឆ្នាំ​មុន​ រុស្ស៊ី​បាន​បាញ់​​មីស៊ីល​មួយ​គ្រាប់​នៅ​ជិត​​​យន្តហោះ​ឈ្លប​យក​ការណ៍​​អង់គ្លេស​​ដែល​​គ្មាន​បំពាក់​​អាវុធ​​​ ហើយ​កំពុង​ហោះ​លើ​សមុទ្រ​ខ្មៅ​ ដែល​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ក្លា​ពី​អង់គ្លេស​។​

ជុំ​វិញ​​បញ្ហា​ចុង​ក្រោយ​ រ​ដ្ឋ​មន្ត្រី​ការពារ​ជាតិ​ចក្រភព​អង់គ្លេស​ Ben Wallace ដូច​នឹង​​មន្ត្រី​របស់​សហរដ្ឋ​អាមេរិក​ដែរ​ ​បាន​​ជំរុញ​​​ឱ្យ​​ទីក្រុង​ម៉ូស្គូ ​គោរព​ដែន​អាកាស​អន្តរជាតិ។ លោក​ថ្លែង​​​ប្រាប់​​ទីភ្នាក់ងារ​​ព័ត៌មាន​រ៉យទ័រ​​ក្នុង​​អំឡុង​​ពេល​​បំពេញ​​ទស្សនកិច្ច​​នៅ​​ទីក្រុង​​តូក្យូ​នៅ​ថ្ងៃ​ពុធ​​ថា​ ​«​ចំណុច​​សំខាន់​គឺ​ថា​ ​​​​ភាគី​​ទាំង​​អស់​​គោរព​​ដែន​អាកាស​​អន្តរជាតិ​ ហើយ​​យើង​​ជំរុញ​​ឱ្យ​រុស្ស៊ី​​​ធ្វើ​​ដូច្នេះ​ដែរ​​»​។

​ប្រែសម្រួល៖ហួន ឌីណា

ប្រភព​៖ US accuses Russian jet of downing US drone: What we know so far  https://www.aljazeera.com/news/2023/3/15/us-accuses-russian-jet-of-downing-us-drone-what-we-know-so-far

US says Russian jet caused spy drone crash over Black Sea, Moscow denies collision  https://www.reuters.com/world/us-says-russian-jet-caused-spy-drone-crash-over-black-sea-moscow-denies-2023-03-14/

Russian Warplane Hits American Drone Over Black Sea, U.S. Says  https://www.nytimes.com/2023/03/14/us/politics/russia-us-drone-black-sea.html

ads banner