សត្វរមាំង ជាប្រភេទសត្វជិតផុតពូជលើពិភពលោក និងកំពុងមានវត្តមាននៅប្រទេសកម្ពុជា
រាជធានីភ្នំពេញ ៖ សត្វរមាំង ឬ ល្មាំង ( Eld’s Deer ) ដែលមានឈ្មោះវិទ្យាសាស្ត្រ Cervus eldii សត្វប្រភេទនេះគេកំពុងឃើញមានវត្តមាននៅកម្ពុជា។
យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០២៣នេះថារមាំងជាប្រភេទសត្វជិតផុតពូជ (EN) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមានពេញមួយឆ្នាំនៅប្រទេសកម្ពុជាយើង ភាគច្រើនរស់នៅជាហ្វូង តាមតំបន់ទំនាបក្នុងព្រៃល្បះ ដែលសម្បូដោយ ស្មៅ ស្បូវ ព្រេច ល្បះរុក្ខជាតិ រួមជាមួយ ថ្លុក បឹង ត្រពាំង និងវាលស្រែ នៃបណ្តាខេត្តមួយចំនួនរួមមាន ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ។
រមាំងជាថនិកសត្វ តិណាសី និងមិនសូវផ្អើល មានមាឌតូចជាងប្រើស តែធំជាងឈ្លូសបន្តិច រមាំងឈ្មោលមាឌធំជាង រមាំងញី និងមានសម្បុរលឿងស្រអាប់ ឬ លឿងក្រម៉ៅ មានអុចៗស នៅចំហៀងខ្លួន ក្រោមពោះ និងក ពណ៌ស ។
ស្នែងរបស់វាខុសពីប្រើស និងឈ្លូស ដោយនៅគល់ស្នែងមានបែកខ្នែងពី មួយស្រួចគ្របលើ ចិញ្ចើមដុះលយទៅមុខ និងមួយទៀតដុះឡើងលើពេនចេញមកក្រៅហើយកោងខុបទៅមុខ នៅចុង ស្នែងរាងសំប៉ែតបែកជាម្រាម ហើយវាតែងជម្រុះស្នែងរាល់ឆ្នាំ ជាពិសេសនៅរដូវវស្សាដែលជារដូវសម្បូរ ចំណីអាហារសម្រាប់ការលូតលាស់ស្នែងថ្មីរបស់វា ប៉ុន្តែមានតែរមាំងឈ្មោលទេដែលមានដុះស្នែង៕ ដោយ ៖ ម៉ាដេប៉ូ


