មន្ត្រី​សន្តិសុខ​កំពូល ​របស់​អ៊ីរ៉ង់​​ ទស្សនកិច្ច​នៅអេមីរ៉ាតអារ៉ាប់រួម ខណៈទំនាក់ទំនងប្រទេសទាំងពីរកំពុងត្រូវបានផ្សះផ្សារឡើងវិញ​

តេហេរ៉ង់ ៖ សារព័ត៌មានមួយដែលមានទំនាក់ទំនងជាមួយស្ថាប័នសន្តិសុខរបស់អ៊ីរ៉ង់ឈ្មោះថា Nour News កាលពី​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ បានរាយការណ៍ថា នៅថ្ងៃព្រហស្បតិ៍នេះ អគ្គលេខាធិការក្រុមប្រឹក្សាស​ន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ លោក អាលី សាខានី (Ali Shamkhani) នឹងធ្វើដំណើរទៅបំពេញទ​ស្ស​នកិច្ចនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម។​

ដំណើរ​ទស្សន​កិច្ច​របស់អគ្គលេខាធិការរូបនេះ​ទៅកាន់​ទីក្រុងអាប៊ុយដាប៊ី (Abu Dhabi) ប្រទេសអេមីរ៉ា​តអារ៉ាប់រួម កំពុងប្រព្រឹត្តទៅចំ​ពេល​ដែល​​ទំនាក់ទំនង​រវាង​ប្រទេស​អ៊ីរ៉ង់ ​និង​បណ្ដាប្រទេសនៅតាមឈូ​ងសមុទ្រ មានភាពប្រសើរឡើងជាងមុន។

សូមរំឭកថា កាលពីសប្តាហ៍មុន លោក សាខានី បានចូលរួមក្នុងកិច្ចចរចាមួយដែលមានការសម្របស​ម្រួ​ល​ដោយភាគីចិន ក្នុងការផ្សះផ្សារទំនាក់ទំនងគ្នាឡើងវិញរវាងប្រទេសអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់ ដើ​ម្បីឱ្យភាគីទាំងពីរអាចចាប់ផ្តើមទំនាក់ទំនងការទូតសារឡើងវិញបន្ទាប់ពីត្រូវបានផ្ដាច់ទំនាក់ទំនងគ្នាចាប់តាំងពីឆ្នាំ២០១៦។​

សូមបញ្ជាក់ដែរថា ព័ត៌មាននៃដំណើរទស្សនកិច្ចនេះបានលេចឮឡើងនៅពេលដែលរដ្ឋមន្ត្រីក្រសួងហិ​រញ្ញវត្ថុអារ៉ាប៊ីសាអូឌីត លោក ម៉ូហាម៉ាដ អាល់ចាដាន (Mohammed al-Jadaan) បានឱ្យដឹងថា ការវិនិយោគរបស់អារ៉ាប៊ីសាអូឌីតទៅក្នុងប្រទេសអ៊ីរ៉ង់ អាចនឹងកើតមានឡើងនាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីកិច្ចព្រមព្រៀងកាលពីសប្តាហ៍មុនបានបញ្ចប់ទៅ។​

ដំណើរទស្សនកិច្ចរបស់លោក សាខានី ទៅកាន់ប្រទេសអេមីរ៉ាត់អារ៉ាប់រួមលើកនេះ បានបង្ហាញពីដំ​ណើរឆ្ពោះទៅរកភាពវិជ្ជមានឡើងវិញនៃទំនាក់ទំនងរវាងទីក្រុងតេហេរ៉ង់ និងទីក្រុងអាប៊ុយដាប៊ី បន្ទាប់ពីអេមីរ៉ាត់អារ៉ាប់រួម​បានបញ្ជូនឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ត្រឡប់ទៅកាន់ប្រទេសអ៊ីរ៉ង់វិញកាលពីខែកញ្ញា។ រហូតមកទល់ពេលនេះ វាមានរយៈពេលជាងប្រាំមួយឆ្នាំហើយ ក្រោយពីអេមីរ៉ាត់អារ៉ាប់រួមដែលជាប្រទេសជាប់ឈូងសមុទ្រ បានកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយប្រទេសអ៊ីរ៉ង់ដែលជាសាធារណរដ្ឋអ៊ីស្លាម។

យោងតាមសារព័ត៌មាន Nour News បានឱ្យដឹងកាលពីថ្ងៃពុធថា ៖ «លោក សាខានី នឹងធ្វើដំណើរទៅកាន់ទីក្រុងអាប៊ុយដាប៊ីនៅថ្ងៃព្រហស្បតិ៍ ដើម្បីជាការឆ្លើយតបទៅនឹងការអញ្ជើញជាផ្លូវការរបស់សមភាគីលោក Sheikh Tahnoun bin Zayed Al Nahyan ទីប្រឹក្សាសន្តិសុខជាតិនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម​ ដើម្បីពិភាក្សាអំ​ពីបញ្ហាទ្វេភាគី បញ្ហាក្នុងតំបន់ និងអន្តរជាតិជារួម»។​

យោងតាមប្រភពខាងលើបានបន្ថែមថា ៖ «ក្រុមមន្ត្រីសេដ្ឋកិច្ច ធនាគារ និងសន្តិសុខកំពូលរបស់អ៊ីរ៉ង់ នឹ​ងអមដំណើរអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់ទៅកាន់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម​ផងដែរ»។

លោក អាល់ចាដាន បានថ្លែងឱ្យដឹងនៅក្នុងវេទិកាមួយនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតថា ប្រទេសអ៊ីរ៉ង់បានធ្វើបទបង្ហាញអំពីឱកាសវិនិយោគជាច្រើន។

លោក អាល់ចាដាន បានមានប្រសាសន៍ថា ៖ «វាពិតជាមានឱកាសជាច្រើនសម្រាប់ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងការវិនិយោគនៅក្នុងប្រទេសអ៊ីរ៉ង់។ យើងមិនឃើញមានឧបសគ្គអ្វីទេ ដរាបណាលក្ខខណ្ឌនៃកិច្ចព្រមព្រៀងត្រូវបានគោរព»។

ទន្ទឹមនឹងនេះដែរ កាលពីថ្ងៃពុធ ប្រទេសចិន ដែលជាម្ចាស់ផ្ទះជំនួបចុងក្រោយនៃកិច្ចពិភាក្សារវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ បានប្រកាសពីគម្រោងការចាប់ផ្តើមនៃសមយុទ្ធយោធាដែនសមុទ្ររួមគ្នានៅឈូងសមុទ្រអូម៉ង់ (Gulf of Oman) ជាមួយនឹងកងទ័ពជើងទឹករុស្ស៊ី និងអ៊ីរ៉ង់។​

សមយុទ្ធយោធាដែលនឹងបន្តរហូតដល់ថ្ងៃអាទិត្យ ​ជាសមយុទ្ធប្រភេទទី៤ហើយ ចាប់តាំងពីប្រទេសទាំ​ងបីបានចាប់ផ្តើមប្រតិបត្តិការក្នុងឆ្នាំ២០១៩។

ដោយឡែក គួររម្លឹកបន្ថែមទៀតថា ប្រទេសអេមីរ៉ាត់អារ៉ា​ប់រួម ធ្លាប់បានកាត់ផ្ដាច់ទំនាក់ទំនងរបស់ខ្លួនជាមួយអ៊ីរ៉ង់ បន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីតបានផ្តាច់ទំ​នាក់ទំនងជាមួយអ៊ីរ៉ង់ជាមុនក្នុងខែមករា ឆ្នាំ២០១៦។ ការកាត់ផ្ដាច់ទំនាក់ទំនងកាលនោះ គឺដោយសា​រមានការសម្រុកចូលទៅក្នុងស្ថានទូតអារ៉ាប៊ីសាអូឌីតនៅទីក្រុងតេហេរ៉ង់ដោយក្រុមបាតុករអ៊ីរ៉ង់ ប​ន្ទាប់ពីរដ្ឋាភិបាលទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីតបានប្រហារជីវិតបព្វជិតនិកាយស៊ីអ៊ីតដ៏លេចធ្លោម្នាក់។​

គេមិនភ្លេចនោះទេថា ប្រទេសអេមីរ៉ាតអារ៉ាប់រួមបានមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសអ៊ីរ៉ង់អស់រយៈពេលជាងមួយសតវត្សមកហើយ ដោយទីក្រុងឌូបៃបានដើរតួយ៉ាងសំខាន់សម្រាប់ប្រទេសអ៊ីរ៉ង់ ដើម្បីភ្ជាប់ទំនាក់ទំនងទៅកាន់ពិភពលោកខាងក្រៅ៕

ប្រែសម្រួល៖ ធា សុខណា

ប្រភព៖ https://www.reuters.com/world/middle-east/irans-top-security-official-shamkhani-visit-uae-2023-03-15/

ads banner