កូរ៉េខាងត្បូង គ្រោង​សាងសង់​មជ្ឈមណ្ឌល​ផលិត​បន្ទះ​ឈីប​ដ៏ធំ​ជាង​គេ​នៅលើ​ពិភពលោកក្នុងទឹកប្រាក់​វិនិយោគ​ ២៣០ ប៊ី​លាន​ដុល្លារ​

សេអ៊ូល៖ នាថ្ងៃទី១៥ខែមីនា​ ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន សុកយុល (Yoon Suk Yeol) បានប្រ​កា​សថា កូរ៉េខាងត្បូងនឹងសាងសង់មជ្ឈមណ្ឌលផលិតបន្ទះសៀគ្វីកុំព្យូទ័រដ៏ធំមួយនៅក្នុងទីក្រុងសេអ៊ូល ជា​មួយនឹងការវិនិយោគជាទឹកប្រាក់ប្រមាណជា ២៣០ ប៊ីលានដុល្លារអាមេរិកពីក្រុមហ៊ុនអេឡិចត្រូនិកយក្សមួយនៅលើពិភពលោកគឺក្រុមហ៊ុនសាំសុង (Samsung) ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបអ​ង្គ​ចងចាំដ៏ល្បីល្បាញ។​

យោងតាមសារព័ត៌មាន CNN ប្រធានាធិបតីរូបនេះបានមានប្រសាសន៍ថា ៖ «យើងនឹងសាងសង់ច​ង្កោ​មនៃវត្ថុពាក់កណ្ដាលចម្លង (Semiconductor) ឬអាចហៅម៉្យាងទៀតបានថាជាបន្ទះឈីប ដែលមា​នប្រព័ន្ធបច្ចេកវិទ្យាខ្ពស់ដ៏ធំបំផុតនៅលើពិភពលោក នៅក្នុងទីក្រុងសេអ៊ូល ដោយផ្អែកលើការវិនិ​យោ​គពីឯកជនទ្រង់ទ្រាយធំ ដែលមានទឹកប្រាក់ជិត ៣០០ ទ្រីលានវ៉ុនរបស់កូរ៉េខាងត្បូង»។​

លោកបាន​បន្តថា៖«លើសពីនេះទៀតយើងនឹងពង្រីកចង្កោមបន្ទះឈីបខ្នាតយក្ស (Mega Semiconductor) ឱ្យកាន់តែធំជាងគេនៅលើពិភពលោកដោយភ្ជាប់ទំនាក់ទំនងជាមួយនឹងរោងចក្រផលិ​តអង្គចងចាំដែលមានស្រាប់នាពេលបច្ចុប្បន្ន»។

យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានឱ្យដឹងថា ចង្កោមបន្ទះឈីបនេះនឹងមានទីតាំងនៅក្នុ​ងខេត្តយ៉ុងហ្គី (Gyeonggi) ដែលជាផ្នែកមួយនៃទីក្រុងសេអ៊ូល ហើយរយៈពេលនៃការវិនិយោគស​រុប អាចនឹងត្រូវចំណាយពេលរហូតដល់ទៅ ២០ ឆ្នាំឯណោះ។​

ដើម្បីការពារកម្មសិទ្ធិបញ្ញា កូរ៉េខាងត្បូងនឹងធ្វើវិសោធនកម្មច្បាប់ស្ដីពីការការពារបច្ចេកវិទ្យាឧស្សាហកម្មឡើងវិញ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដដែល ប៉ុន្តែវាមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ កាលពីខែឧសភាឆ្នាំមុន ក្រុមហ៊ុន Samsung (SSNLF) បានគូសបញ្ជាក់អំពីផែនការវិនិយោគមួយដែលមានទឹកប្រាក់ច្រើនជាង ៣៥០ ប៊ីលានដុល្លារទៅក្នុងអាជីវកម្មរបស់ខ្លួន និងអាចបង្កើ​តការងារថ្មីសម្រាប់មនុស្សរាប់ម៉ឺននាក់គិតត្រឹមឆ្នាំ២០២៦។ ក្រុមហ៊ុននេះក៏បានឱ្យដឹងថា ខ្លួននឹងវិនិយោ​គទៅក្នុងអាជីវកម្មស្នូល ដូចជាការផលិតបន្ទះឈីប និងជីវឱសថជាដើម។

យ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់នោះទេថាតើការវិនិយោគដែលបានប្រកាសកាលពីឆ្នាំមុន ជា​ន់គ្នាជាមួយនឹងគម្រោងដែលបានប្រកាសដោយរដ្ឋាភិបាលកាលពីថ្ងៃពុធដែរឬក៏យ៉ាងណានោះទេ។​

លោក សានជីវ រ៉ាណា (Sanjeev Rana) អ្នកវិភាគមកពីក្រុមហ៊ុនទីផ្សារមូលធនមួយឈ្មោះថា CLSA បាននិយាយ​ទៅ​កាន់សារព័ត៌មាន CNN ថា ៖ «បើគិតជាមធ្យម ផែនការវិនិយោគរបស់ក្រុមហ៊ុន Samsung ក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ មានទំហំទឹកប្រាក់ប្រហែល ១៥ ទ្រីលានវ៉ុនជារៀងរាល់ឆ្នាំ។ តួលេខនៃទឹកប្រាក់ដ៏ច្រើនសម្បើមនេះ ស្ទើរតែស្មើនឹងការចំណាយដើមទុនប្រចាំឆ្នាំរបស់ក្រុមហ៊ុនបាត់ទៅហើយ»។​

អ្នកវិភាគទីផ្សារមូលធនរូបនេះបាន​បន្ត​ថា​ ​ផែនការនេះ​គឺធ្វើឡើង​ស្រប​ទៅតាម​ការ​រំពឹង​ទុក​របស់​ទីផ្សា​រ។ ក្រុមហ៊ុន Samsung ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនល្អបំផុតមួយខាងផ្នែកផលិតឧបករណ៍អេឡិចត្រូនិករបស់ខ្លួន ក្នុងនោះរួមមានដូចជាទូរស័ព្ទដៃ និងទូរទស្សន៍ជាដើម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបានវិវត្តឈានទៅមុខជាបន្តបន្ទាប់ទៀត ក្នុងតួនាទីជាអ្នកផលិត និងផ្គត់ផ្គង់បន្ទះឈីប ខណៈដែលក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកនៅជុំវិញពិភពលោកកំពុងកង្វះខាតផ្នែកដ៏សំខាន់មួយនេះ។​

យោងតាមក្រុមហ៊ុនយក្ស​ដដែលនេះបានឱ្យដឹងថា បន្ទះឈីបអង្គចងចាំគឺជាប្រភពប្រាក់ចំណូលដ៏សំ​ខាន់សម្រាប់ក្រុមហ៊ុន Samsung ហើយក្រុមហ៊ុននឹងបន្តផ្ដោតលើគម្រោងវិនិយោគបន្ថែមទៀត។ គួរកត់សម្គាល់ថា នៅក្នុងវិស័យផលិតបន្ទះឈីបកុំព្យូទ័រស្តង់ដារខ្ពស់បែបនេះ ក្រុមហ៊ុន Samsung ក៏មា​នដៃគូប្រកួតប្រជែងដោយផ្ទាល់មួយចំនួនផងដែរថា ដូចជាក្រុមហ៊ុន Intel (INTC) និងក្រុមហ៊ុន T​S​M​C របស់តៃវ៉ាន់។​

បន្ទះមីក្រូឈីបទំនើបៗភាគច្រើនរបស់ពិភពលោក ត្រូវបានផលិតចេញពីតំបន់ពីរកន្លែងប៉ុណ្ណោះ គឺកោះ​តៃវ៉ាន់ និងប្រទេសកូរ៉េខាងត្បូង។ ឧស្សាហកម្មផលិតបន្ទះឈីប​របស់​តៃវ៉ាន់​មានទ្រង់ទ្រាយ​ធំ ​និង​មាន​ភាព​លេចធ្លោ​ខ្លាំង ប៉ុន្តែវាជាអ្វីដែល​កូរ៉េខាងត្បូង​ចង់ធ្វើការ​ប្រកួតប្រជែងជាមួយផងដែរ។​

ការដែលពិភពលោកត្រូវបានផ្គត់ផ្គង់បន្ទះឈីបចេញពីទីតាំងផលិតតែពីរកន្លែងបែបនេះ បានបង្កឱ្យមានការព្រួយបារម្ភអំពីស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់សកល ដោយសារតែកូរ៉េខាងត្បូង និងតៃវ៉ាន់បាននិ​ងកំពុងត្រូវបានគំរាមកំហែងផ្នែកយោធាដោយប្រទេសជិតខាង ពោលគឺប្រទេសកូរ៉េខាងជើង និងប្រ​ទេ​សចិន។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសសេដ្ឋកិច្ចធំៗបានបង្ហាញពីការព្រួយបារម្ភអំពីការបាត់​ប​ង់លទ្ធភាពទទួលបានឧបករណ៍អេឡិចត្រូនិកប្រើប្រាស់ ជាពិសេសដោយសារភាពតានតឹងផ្នែកនយោ​បា​យ និងសេដ្ឋកិច្ចបានកើនឡើងរវាងប្រទេសចិន និងសហរដ្ឋអាមេរិក។ កន្លងមក រដ្ឋាភិបាលមួយចំ​នួន រួមទាំងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងក្រុមហ៊ុនធំៗដូចជាក្រុមហ៊ុន Apple បានស្នើឱ្យក្រុមហ៊ុនផលិតបន្ទះឈីបទាំងអស់ ធ្វើមូលដ្ឋានីយកម្មប្រតិបត្តិការរបស់ពួកគេទៅកាន់ប្រទេសផ្សេងៗទៀត ដើ​ម្បី​កាត់បន្ថយហានិភ័យនៃអស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់សកលនាថ្ងៃអនាគត៕

ប្រែសម្រួល៖ ធា សុខណា

ប្រភព៖ https://edition.cnn.com/2023/03/15/tech/korea-chips-investment-hnk-intl/index.html

ads banner