តុលាការប៉ាគីស្ថាន បញ្ជាឱ្យប៉ូលីសផ្អាកការចាប់ខ្លួន លោក អ៊ីមរ៉ាន ខាន់
អ៊ីស្លាម៉ាបាដ៖ តុលាការប្រទេសប៉ាគីស្ថានបានចេញបញ្ជាឱ្យតាមចាប់ខ្លួនអតីតនាយករដ្ឋមន្រ្តី លោក អ៊ីមរ៉ាន ខាន់( Imran Khan) កាលពីថ្ងៃអង្គារកន្លងទៅនេះ ប៉ុន្តែត្រូវបានផ្អាកបន្ទាប់ពីក្រុមបាតុករគាំទ្រលោកបានបង្កអំពើហិង្សាប៉ះពាល់ដល់សុវត្ថិភាពរបស់សមត្ថកិច្ច។
យោងតាមរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក Amir Mir បានប្រាប់ទៅកាន់សារព័ត៌មានរ៉យទ័រថា កិច្ចខិតខំប្រឹងប្រែងរបស់ប៉ូលីសត្រូវបានពន្យារពេលកាលពីថ្ងៃពុធនេះបន្ទាប់ពីផ្ទុះការប៉ះទង្គិចរជាមួយនឹងក្រុមអ្នកគាំទ្រនៅជុំវិញលំនៅដ្ឋានរបស់លោក Khan នៅពេលដែលលោកបានសុំឱ្យពួកគេជួយការពារគាត់ពីប្រតិបត្តិការចាប់ខ្លួននេះ។
លោក Khan ត្រូវបានគេចោទប្រកាន់ថាជាអ្នកលក់អំណោយរបស់រដ្ឋដោយខុសច្បាប់ក្នុងអំឡុងពេលកាន់តំណែងរបស់ខ្លួន ក្នុងចន្លោះឆ្នាំ ២០១៨ ដល់២០២២ ប៉ុន្តែត្រូវបានបដិសេធ ដោយលោកអះអាងថា លោកមិនធ្វើនោះទេ។
ការប៉ះទង្គិចគ្នានេះបានបណ្តាលឱ្យប៉ូលីសជាង ៦០ នាក់ និងបាតុករ៨នាក់ រងរបួស ចំណែកបាតុករ១៥ នាក់ទៀតត្រូវបានចាប់ខ្លួន។ ក្រុមប៉ូលីសបានចោទប្រកាន់ពួកអ្នកគាំទ្រលោក Khan ដោយប្រើប្រាស់គ្រាប់បែក សាំង ម៉ាស៊ីនបំលែង និងដុតរថយន្តដើម្បីប្រឆាំងទៅនឹងពួកគេ។ ជាមួយគ្នានោះដែរលោក Khan បានពណ៌នាសកម្មភាពនេះថាជាភាពអនាធិបតេយ្យ ដោយលើកឡើងថា ខ្លួនមិនមានការគ្រប់គ្រងទៅលើពួកបាតុករទេ។
លោកបាននិយាយថា៖ «ពួកនៅខាងក្រៅមិនស្តាប់ខ្ញុំទេ នៅពេលដែលភាពអនាធិបតេយ្យ និងការបាញ់ផ្លោងនេះកើតឡើង ពួកគេលែងស្តាប់ខ្ញុំហើយ ខ្ញុំអត់មានការគ្រប់គ្រងទៅលើពួកគេនោះទេ»។ ក្រៅពីនេះអតីតរដ្ឋមន្ត្រីក្រសួងព័ត៍មាន លោក Fawad Chaudhry ដែលជាជំនួយការជិតស្និទ្ធលោក Khan ក៏បាននិយាយគាំទ្រលោកផងដែរថា ពួកគេមិនអាចគ្រប់គ្រងអ្នកគាំទ្ររបស់ខ្លួនបាននោះទេ ហើយលោកបានបន្តទៀតថា លោកមានការព្រួយបារម្ភដល់លោក Khan ដោយសារកន្លងមកលោកត្រូវបានគេប៉ុនប៉ងធ្វើឃាត ស្របពេលរដ្ឋមន្រ្តីក្រសួងមហាផ្ទៃកំពុងធ្វើការគំរាមកំហែងទៅលើរូបលោក។
លោក Muneeb Farooq អ្នកវិភាគនយោបាយមួយរូបបាននិយាយថា ប្រសិនបើ លោក Khan ត្រូវបានចាប់ខ្លួននោះ រាជរដ្ឋាភិបាលត្រូវការពារសុវត្ថិភាពរបស់គាត់ ហើយរដ្ឋាភិបាលមិនអាចប៉ះពាល់រូបលោកបាននោះទេ ពីព្រោះគាត់មិនមែនជាមនុស្សធម្មតាឡើយ ហើយលោក Khan ក៏ដើរតួនាទីយ៉ាងសំខាន់នៅក្នុងអំណាចប្រជាធិបតេយ្យរបស់ប្រទេសផងដែរ។
គួរបញ្ជាក់ឱ្យដឹងផងដែរថា ការប្រឆាំងគ្នាផ្នែកនយោបាយ ជារឿងធម្មតាទៅហើយនៅក្នុងប្រទេសប៉ាគីស្ថាន ដែលមិនមាននាយករដ្ឋមន្រ្តីណាមួយបានដឹកនាំអណត្តិរបស់ខ្លួនពេញលេញទេ។ ក្នុងនោះផងដែរ លោក Khan បន្ទាប់ពីត្រូវបានបណ្តេញចេញពីតំណែង ក្នុងការបោះឆ្នោតសភាឆ្នាំមុន លោកបានបង្កភាពចលាចល ដោយដឹកនាំអ្នកគាំទ្ររបស់លោកធ្វើបាតុកម្មឱ្យទាមទារការបោះឆ្នោតម្តងទៀត គ្រានោះផងដែរ លោកត្រូវបានគេបាញ់ប្រហារ និងរងរបួសយ៉ងធ្ងន់ធ្ងរពីជនមិនស្គាល់មុខ៕
ប្រែសម្រួល៖ឡេង អារីតា