ក្រុមបាល់ទះនារី វិទ្យាល័យ GVA ប្តេជ្ញាដណ្តើមឲ្យបានជើងឯកបាល់ទះនារី ពីការប្រកួតកីឡាសិស្សវិទ្យាល័យជើងឯករាជធានីភ្នំពេញ
ភ្នំពេញ ៖ ក្រុមបាល់ទះនារីវិទ្យាល័យ GVA ក្នុងការប្រកួតកីឡាសិស្សវិទ្យាល័យជើងឯករាជធានីភ្នំពេញប្រចាំឆ្នាំ២០២៣ បានឈ្នះដៃគូប្រជែងបានពីរវិទ្យាល័យហើយ គឺក្រុមបាល់ទះនារីវិទ្យាល័យដុនបុសហ្គូនៅថ្ងៃទី១៤ និងបន្តឈ្នះក្រុមបាល់ទះនារីវិទ្យាល័យសិលាមាសនភថ្ងៃទី១៥ ដោយលទ្ធផល៣សិតទល់០ក្នុងពិន្ទុ ២៥ទល់១០ .២៥ទល់១៩និង២៥ទល់៧ ខណៈថ្ងៃទី១៦ បន្តប៉ះក្រុមបាល់ទះនារីវិទ្យាល័យជាស៊ីសាមគ្គី ក្នុងការដណ្តើមតំណែងជើងឯក។
កីឡាការិនី អៀង សុវណ្ណលីណា ប្រធានក្រុមបាល់ទះនារីវិទ្យាល័យ GVA បានបង្ហាញអារម្មណ៍សប្បាយរីករាយចំពោះជ័យជំនះ២ប្រកួតជាប់ៗគ្នានេះ និងប្តេជ្ញាចិត្តរួបរួមសាមគ្គីគ្នា ដណ្តើមជើងឯកជូនសាលាឲ្យបានបន្តទៀត ។
លោក ម៉ុន សុជា នាយកសាលា GVA បានលើកឡើងថា ការដែលលោកដឹកនាំក្រុមបាល់ទះសាលារបស់លោក មកចូលរួមក្នុងការប្រកួតមួយនេះ គឺ លោក ចង់ចូលរួមចំណែកការអភិវឌ្ឍវិស័យកីឡាកីឡាបាល់ទះផ្នែកនារីនៅកម្ពុជា និងចង់ឲ្យសិស្សនារីមានរាងកាយមាំមួន ប្រាជ្ញាឆ្នាតវៃ សុខភាពល្អ ពិសេស អាចបញ្ចេញសមត្ថភាពនិងទេពកោសល្យផ្នែកកីឡាបាល់ទះ។
សូមបញ្ជាក់ថា សាលារៀនGVA ការប្រកួតកីឡាដែលរៀបចំដោយមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ គឺផ្នែកវិញ្ញាសាបាល់ទះនារី ដណ្តើមបានពានឯកចំនួន២ហើយ គឺ បាល់ទះនារីបឋមសិក្សា បាល់ទះនារី អនុវិទ្យាល័យ ខណៈបាល់ទះវិទ្យាល័យនឹងដណ្តើមជើងឯកនៅថ្ងៃស្អែក ដោយត្រូវប៉ះក្រុមកីឡាការិនីវិទ្យាល័យជាស៊ីសាមគ្គី៕ អត្ថបទៈ ជាវ ចន្ធូ


