សម្ដេចតេជោ ហ៊ុន សែន៖ មូលដ្ឋានសមុទ្ទរាម នឹងត្រូវបន្តធ្វើទៅមុខរហូតបញ្ចប់ការសាងសង់ ព្រោះនេះជាសិទ្ធអធិបតេយ្យរបស់កម្ពុជា ក្នុងការការពារខ្លួន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា មូលដ្ឋានសមុទ្ទរាម នឹងត្រូវបន្តធ្វើទៅមុខរហូតបញ្ចប់ការសាងសង់ ព្រោះនេះជាសិទ្ធអធិបតេយ្យរបស់កម្ពុជា ក្នុងការការពារខ្លួន។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិត សាកលវិទ្យាល័យបៀលប្រាយសរុប ៤,៥៦៦នាក់ នារី ២,០៣២នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជា អាចនឹងពិចារណាឡើងវិញ រឿងការអភិវឌ្ឍន៍នាវាមុជទឹកដើរដោយនុយក្លេអ៊ែររវាង អូស្ត្រាលី អង់គ្លេស និងអាមេរិក (AUKUS) បន្ទាប់ពីមានការវាយប្រហារជាថ្មី រឿងមូលដ្ឋានជើងទឹកសមុទ្ររាមរបស់កម្ពុជា។ សម្ដេច ឆ្ងល់ថា ហេតុអីពួកលោកខាងលិច ព្យាយាមឱ្យកម្ពុជា យល់ពីខ្លួន ខណៈខ្លួន មិនយល់ពីកម្ពុជា ។ សម្តេចតេជោ បានប្រកាសដល់បរទេសទាំងឡាយ សូមកុំធ្វើសកម្មភាពបំផ្លាញមុខមាត់ និងកិត្តិយសរបស់កម្ពុជា តាមរយៈការបំភ្លៃ បំភ្លើសព័ត៌មានអកុសលពាក់ព័ន្ធការ ស្ថាបនា កំពង់ផែ នៅតំបន់សមុទ្ររាមបើទោះបីកម្ពុជា បើកចំហរចំពោះការសាងសង់មូលដ្ឋាន សមុទ្ទរាមនេះរួចហើយ។ សម្ដេច បញ្ជាក់ថា មូលដ្ឋានសមុទ្ទរាម នឹងត្រូវតែបន្តធ្វើទៅមុខទៀតរហូតបញ្ចប់ការសាងសង់ ព្រោះនេះជាសិទ្ធអធិបតេយ្យរបស់កម្ពុជា ក្នុងការការពារខ្លួនប៉ុណ្ណោះ។

សម្ដេចក៏បានបញ្ជាក់ជាថ្មីថា គ្មានវត្តមានកងទ័ពចិនណាម្នាក់នៅកម្ពុជានោះទេ និងផ្ដាំទៅប្រទេសទាំងនោះឱ្យឆ្កួតតែឯងទៅ។ សម្ដេចថា៖ កុំអាងថា ប្រទេសធំមកធ្វើបាបប្រទេសតូច។ កុំបបួលខ្មែរ និងចិនឆ្កួត សុំឆ្កួតខ្លួនឯងទៅ ។ សម្តេច បញ្ជាក់ថា ពេលកំពង់ផែសមុទ្ររាមស្ថាបនារួចរាល់ កម្ពុជា ស្វាគមន៍នាវាកងទ័ពគ្រប់បណ្តាប្រទេសទាំងអស់មិនថា ចិន អាមេរិក ជប៉ុន អូស្ត្រាលីបារាំង ដែលមានបំណងចូលចត និងធ្វើកិច្ចសហប្រតិបត្តិការកងទ័ពជាមួយកម្ពុជា។

សម្ដេចតេជោ នៅតែមិនអស់ចម្ងល់ថា រឿងហេតុអ្វីបានជាកម្ពុជា ខំពន្យល់ជាច្រើន ហើយនៅតែប្រទេសលោកខាងលិចទាំងនោះ មិនយល់ពីកម្ពុជា ខណៈកម្ពុជា យល់ពីការបកស្រាយរឿង AUKUS របស់អូស្ត្រាលី ។ សម្តេចតេជោ ហ៊ុន សែន ក៏បានចង្អុលបង្ហាញថា សូមកុំមើលកម្ពុជាត្រឹមកម្ពុជា សូមមើលកម្ពុជាឱ្យបានវែងឆ្ងាយ និងពិនិត្យមើលលើទំនាក់ទំនងរបស់កម្ពុជា ជាមួយបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner