ប្រទេសប៊ុលហ្គារី បង្ហាញពីឆន្ទះ បន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី និងតំបន់ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ពិសេសលើវិស័យកសិកម្ម ជាមួយកម្ពុជា

ភ្នំពេញ៖ លោកជំទាវ ម៉ារីនេឡា ផេតកូវ៉ា (Marinela Petkova ) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប៊ុលហា្គរីប្រចាំ កម្ពុជា បានបញ្ជាក់ពីក្តីរំពឹងយ៉ាងមុតមាំថា ក្នុងអាណត្តិបេសកកម្មរបស់ឯកអគ្គរដ្ឋទូតថ្មី ដែលនិងបន្តវេនពីលោកជំទាវដែលបញ្ចប់អាណត្តិនេះ នឹងមានការបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី និងតំបន់ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ។ ជាពិសេស គឺ ការលើកទឹកចិត្តដល់ពាណិជ្ជករ និងវិនិយោគិនប៊ុលហ្គារី ឱ្យស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ ក្នុងវិស័យកសិកម្ម និងទេសចរណ៍នៅកម្ពុជា ដែលកត្តាទាំងនេះ អាចរួមចំណែកដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និងជួយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ប៊ុលហ្គារីថែមមួយកម្រិតទៀត។

ការថ្លែងឡើងបែបនេះ របស់លោកជំទាវ ឯកអគ្គរដ្ឋទូត ធ្វើឡើងកាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញ ចូលជួបពិភាក្សាការងារ និងជម្រាបលា ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ។ ភាគីទាំងពីរ ក៏បានកត់សម្គាល់ពីការកើនឡើង នៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលសម្រេចបានប្រមាណ ៨,១ លានដុល្លារអាមេរិក នៅឆ្នាំ២០២២ ជាមួយនឹងកំណើនប្រមាណ ៧៨% បើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលសម្រេចបាន ៤,៥៤ លានដុល្លារអាមេរិក ។ ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅប៊ុលហ្គារី រួមមាន៖ សំលៀកបំពាក់ ស្បែកជើង ស្ករ និងថ្នាំជក់ជាដើម រីឯទំនិញនាំចូលសក្តានុពលពីប៊ុលហ្គារីមកវិញ រួមមាន៖ ជីកសិកម្ម ស្ពាន់ កែវ និង ម៉្សៅ ជាដើម ។

ស្របគ្នានេះដែរ ភាគីទាំងពីរ ក៏បានបង្ហាញពីឆន្ទៈក្នុងការពន្លឿននីតិវិធីបង្កើតគណៈកម្មការចម្រុះអន្តរ រដ្ឋាភិបាលស្តីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយយោងតាមកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បច្ចេកទេស និងវិទ្យាសាស្ត្រ ដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០១៩។ បន្ថែមពីនេះ ភាគីទាំងពីរ ក៏បានរំលេច ពីសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់រវាងអាស៊ាន និងសហភាពអឺរ៉ុប៕

ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner