រដ្ឋាភិបាល សម្រេចផ្តល់ប្រាក់ឧបត្ថម្ភចន្លោះពី៣៥ទៅ៧០ដុល្លារ ដល់កម្មករដែលព្យួរកិច្ចសន្យាការងារ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឧបត្ថម្ភប្រាក់ជូនកម្មករ-កម្មការិនីចន្លោះពី ៣៥ ដុល្លារដល់ ៧០ ដុល្លារ ក្នុងកំឡុងពេលដែលត្រូវព្យួរកិច្ចសន្យាការងារចាប់ពីខែមេសា ឆ្នាំ ២០២៣តទៅ ដើម្បីរក្សាលំនឹងជីវភាពរបស់បងប្អូនកម្មករ និងធានាបាននូវស្ថិរភាពអាជីវកម្មរោងចក្រដែលមានការថមថយច្រវាក់ផលិតកម្មក្នុងបរិបទនៃវិបត្តិសេដ្ឋកិច្ចសកល។
សេចក្តីណែនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី១៥ ខែមីនានេះ បានណែនាំដល់ម្ចាស់ឬនាយករោងចក្រត្រូវធ្វើការពិភាក្សាគ្នាជាមួយតំណាងបងប្អូនកម្មករនិយោជិត ដើម្បីកំណត់ការឆ្លាស់វេនគ្នាធ្វើការនៅពេលមានការព្យួរកិច្ចសន្យាការងារក្នុងពេលកំណត់ណាមួយដោយផ្អែកលើគោលការណ៍សមភាព។
ក្រសួងការងារបន្តថា៖«បងប្អូនកម្មករនិយោជិតដែលត្រូវបានព្យួរកិច្ចសន្យាការងារចាប់ពីថ្ងៃទី១ខែមេសាឆ្នាំ ២០២៣ នឹងត្រូវទទួលបានប្រាក់ឧបត្ថម្ភ ចំនួន២០ដុល្លារ ពីរាជរដ្ឋាភិបាល និងចំនួន ១៥ដុល្លារ ពីនិយោជក សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ទៅ ១៤ថ្ងៃ។ ចំនួន ៤០ដុល្លារ ពីរាជរដ្ឋាភិបាលនិងចំនួន៣០ដុល្លារពីនិយោជកសម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១៥ថ្ងៃ ទៅ ១ខែ»។
ប្រភពដដែលបន្តថា ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមណែនាំដល់ម្ចាស់ឬនាយករោងចក្រក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ត្រូវដាក់លិខិតស្នើសុំព្យួរកិច្ចសន្យាការងារមករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យបានយ៉ាងតិច ៥ថ្ងៃ នៃថ្ងៃធ្វើការ មុនកាលបរិច្ឆេទនៃការចាប់ផ្តើមព្យួរកិច្ចសន្យាការងារ។ រយៈពេលព្យួរកិច្ចសន្យា ការងារជាអតិបរមាមានចំនួន ២ខែ និងអាចពន្យារបន្ថែម ក្នុងករណីចាំបាច់ និងស្ថានភាពជាក់ស្ដែង ក្រោយពីមានការត្រួតពិនិត្យនិងអនុញ្ញាតដោយអធិការការងារផ្សព្វផ្សាយ និងជូនដំណឹងឱ្យបានទូលំទូលាយ និងជាចំហដល់បងប្អូនកម្មករនិយោជិត ដែលត្រូវព្យួរ កិច្ចសន្យាការងារ។
ពាក់ព័ន្ធការរៀបចំផ្តល់ប្រាក់ឧបត្ថម្ភនេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាកាលពីថ្ងៃទី៧ខែមីនា ឆ្នាំ ២០២៣ បានថ្លែងថា សម្ដេចបានចុះហត្ថលេខារួចហើយលើការផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករ កម្មការិនីរោងចក្រដែលរោងចក្រព្យួរការងារ។សម្ដេចតេជោបន្ថែមថា៖«រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានបញ្ជូនសំណើរមកដល់ខ្ញុំហើយ បន្ទាប់ពីខ្ញុំបានផ្តល់អនុសាសន៍ ដូច្នេះខ្ញុំបានសម្រេចរួចហើយដែលកម្មករកម្មការិនីរបស់យើងនឹងទទួលបានប្រាក់នោះដូចកាលពីសម័យកូវីដដែរ »។
សម្ដេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាបានឱ្យដឹងដែរថា កម្មករនិយោជិតដែលនឹងត្រូវព្យួរកិច្ចសន្យាការងារមានចំនួន ៣២ ០០០នាក់។
ក្រសួងការងារ បានបញ្ជាក់ថា ការផ្តល់ប្រាក់ឧបត្ថម្ភព្យួរកិច្ចសន្យាការងារ នឹងត្រូវអនុវត្តសម្រាប់រោងចក្រក្នុងវិស័យ វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ដែលទទួលបានការអនុញ្ញាតឱ្យព្យួរកិច្ចសន្យាការងារ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ តទៅ។
ដោយឡែក ការព្យួរកិច្ចសន្យាការងារដែលបានអនុវត្តមុនថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ ត្រូវអនុវត្តតាមការព្រមព្រៀងគ្នារវាងភាគីនិយោជក និងបងប្អូនកម្មករនិយោជិត។
ក្រសួងការងារ បន្ថែមថា ក្នុងអំឡុងពេលព្យួរកិច្ចសន្យាការងារនេះ ដើម្បីធានាបានសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ និងលើកកម្ពស់ផលិតភាពការងារ ក្រសួងលើកទឹកចិត្តឱ្យម្ចាស់ ឬនាយករោងចក្រពិភាក្សាជាមួយវិទ្យាស្ថានបណ្តុះបណ្តាល វិស័យកាត់ដេរនៅកម្ពុជា ឬវិទ្យាស្ថានបណ្តុះបណ្តាលផ្សេងទៀត រៀបចំបណ្ដុះបណ្តាលលើមុខជំនាញច្បាប់ពាក់ព័ន្ធនឹងវិស័យការងារ ជំនាញទន់ និងជំនាញបច្ចេកទេសចាំបាច់នានាក្នុងរោងចក្រ ដល់កម្មករនិយោជិត ជាពិសេសថ្នាក់ដឹកនាំរដ្ឋបាល និងប្រធានផ្នែក៕
ដោយ៖សុខ រក្សា