កម្ពុជា-ប៊ុលហ្គារី ប្តេជ្ញាពង្រឹងទំនាក់ទំនងពាណិជ្ជកម្មបន្ថែម ខណៈសម្រេចបានកំណើន ៧៨ភាគរយ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ កម្ពុជា និងប៊ុលហ្គារី ប្តេជ្ញាពង្រឹងបន្ថែមនូវទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ខណៈនៅឆ្នាំ២០២២ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរសម្រេចបានកំណើន ៧៨ភាគរយក្នុងរង្វង់ទឹកប្រាក់ ៨,១ លានដុល្លារ ធៀបនឹងឆ្នាំ២០២១។

អ្នកជំនាញមើលឃើញថានេះជាសញ្ញាធ្វើពិពិធកម្មទីផ្សាររបស់កម្ពុជាជាមួយពិភពលោក និងជាសញ្ញាល្អនៃទំនាក់ទំនងនៃប្រទេសទាំងពីរ។

ការប្តេជ្ញានេះ ធ្វើឡើងក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឯកឧត្តម ប៉ាន សូរស័ក្ដិ និងលោកស្រីម៉ារីនេឡា ផេតកូវ៉ា (Marinela Petkova) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប៊ុលហា្គរីប្រចាំកម្ពុជាផុតអាណត្តិ នាទីស្តីការក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី១៥ ខែមីនា ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

យោងតាមសេចក្តីប្រកាសពីក្រសួងពាណិជ្ជកម្ម ក្នុងជំនួបនោះឯកឧត្តម ប៉ាន សូរស័ក្ដិ បានបញ្ជាក់ប្រាប់ភាគីប៊ុលហ្គារី អំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្រោមក្របខណ្ឌពហុភាគី, តំបន់, អនុតំបន់ និងទ្វេភាគី ស្របពេលនឹងការធ្វើកំណែទម្រង់ច្បាប់ បទប្បញ្ញត្តិ និងស្ថាប័ន ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរ បូករួមផ្សំការងើបឡើងវិញនូវសេដ្ឋកិច្ច ពាណិជ្ជកម្ម កម្ពុជាក្រោយគ្រប់គ្រងវិបត្តិកូវីដ១៩ បានល្អ ។

តាមសេចក្តីប្រកាសពីក្រសួងពាណិជ្ជកម្ម លោកស្រី ម៉ារីនេឡា ផេតកូវ៉ា បានថ្លែងអំណរគុណកម្ពុជាចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម កន្លងទៅក្នុងអាណត្តិលោកស្រីជាឯកអគ្គរដ្ឋទូត ហើយលោកស្រីបង្ហាញពីការប្តេជ្ញាចិត្តរបស់ប៊ុលហ្គារី ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរ។

លោកស្រីបន្ថែមថា ៖ «ក្នុងអាណត្តិបេសកកម្មរបស់ឯកអគ្គរដ្ឋទូតថ្មី នឹងមានការបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគីនិងតំបន់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ការលើកទឹកចិត្តដល់ពាណិជ្ជករ និងវិនិយោគិនប៊ុលហ្គារីឱ្យស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ ជាពិសេសក្នុង វិស័យកសិកម្ម រួមមានផលិតផលផ្លែឈើ និងជីកសិកម្ម ព្រមទាំងទេសចរណ៍នៅកម្ពុជា»។

ឯកអគ្គរដ្ឋទូតប៊ុលហ្គារីផុតអាណត្តិរូបនេះ មានជំនឿជាក់ថា គម្រោងជុំវិញកិច្ចសហប្រតិបត្តិការដែលបានរៀបរាប់នេះ នឹងជាកត្តាដែលអាចរួមចំណែកដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និងជួយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ប៊ុលហ្គារីថែមមួយកម្រិតទៀត។

គួរបញ្ជាក់ថា នៅឆ្នាំ២០២២ កម្ពុជា-ប៊ុលហ្គារី មានសម្រេចទំហំកំណើនពាណិជ្ជកម្មទ្វេភាគីប្រមាណ ៧៨ភាគរយ បើធៀបនឹងឆ្នាំ២០២១ ដែលគិតជាទឹកប្រាក់កើនឡើងពី ៤,៥៦លានដុល្លារអាមេរិក មក ៨,១លានដុល្លារ។

កម្ពុជានាំចេញទំនិញសក្តានុពលទៅប៊ុលហ្គារីរួមមាន សម្លៀកបំពាក់ ស្បែកជើង ស្ករ និងថ្នាំជក់ ចំណែកប៊ុលហ្គារីនាំចូលទំនិញសក្តានុពលមកកម្ពុជាវិញរួមមាន ជីកសិកម្ម ស្ពាន់ កែវ និងម៉្សៅជាដើម។

ពាក់ព័ន្ធនឹងបញ្ហានះ លោក គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ការធ្វើពាណិជ្ជកម្ម និងកំណើនទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប៊ុលហ្គារី ជាការធ្វើពិពិធកម្មទីផ្សារសម្រាប់កម្ពុជា ទោះបីស្ថិតក្នុងទំហំទឹកប្រាក់តិចតួចក្តី។

លោក គី សេរីវឌ្ឍន៍ សង្កត់ធ្ងន់ថា ៖ «កាលណាកម្ពុជាពង្រីកពាណិជ្ជកម្មជាមួយបណ្តាប្រទេសផ្សេងៗ មិនថាប្រទេសណាក៏ដោយ ដែលសុទ្ធតែទីផ្សាររបស់កម្ពុជាយើង ដែលនាំឱ្យជំរុញការនាំចេញរបស់កម្ពុជាទៅកាន់ពិភពលោក។ កាលណាកម្ពុជាមានពិពិធកម្មទីផ្សារកាន់តែច្រើន នោះវាជួយឱ្យកម្ពុជាមានមិត្តកាន់តែច្រើន»។

លោកគូសបញ្ជាក់បន្ថែមថា កម្ពុជា និងប៊ុលហ្គារីធ្លាប់មានទំនាក់ទំនងនឹងគ្នានាសម័យអតីតសហភាពសូវៀត ហើយសព្វថ្ងៃប៊ុលហ្គារីបានក្លាយជាសមាជិកសហភាពអឺរ៉ុប ដែលទំហំសេដ្ឋកិច្ចពាណិជ្ជកម្មប្រទេសនេះមានការរីកចម្រើនលឿនជាងកម្ពុជាទៅទៀត ដែលអាចជួយធ្វើពិពិធកម្មទីផ្សារជាមួយកម្ពុជាបាន។

សម្រាប់លោក សេង វណ្ណលី សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិវិញ មើលឃើញថា ទំនាក់ទំនងកម្ពុជានិងប៊ុលហ្គារីមានភាពល្អប្រសើរជាទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម និងការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ខណៈប៊ុលហ្គារីជាសមាជិកសហភាពអឺរ៉ុបថ្មីថ្មោងមិនសូវដើរបន្ទាត់នយោបាយរបស់សហភាពអឺរ៉ុបឡើយ ច្រើនធ្វើពិពិធកម្មការទូតលើផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយប្រទេសខាងក្រៅដែនសហភាពអឺរ៉ុប។

លោក សេង វណ្ណលី គូសបញ្ជាក់ថា «ជារួមទំនាក់ទំនងកម្ពុជា-ប៊ុលហ្គារី ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខណ្ឌពហុភាគីនិយម។ នាពេលថ្មីៗនេះ កម្ពុជាមានទំនាក់ទំនងល្អជាមួយបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបថ្មីថ្មោងតួយ៉ាងប៊ុលហ្គារី ហុងគ្រី សាធារណរដ្ឋឆេក ជាដើម ដោយសារប្រទេសទាំងនេះមានយោបាយការបរទេសទន់ភ្លន់»។

លោកបន្ថែមថា សម្រាប់ប្រទេសដូចជាប៊ុលហ្គារី ដែលធ្លាប់ហែលឆ្លងអតីតកាលថ្មីថ្មោងជាប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍ ទើបមានការច្បាស់ពីប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជា ។ដូច្នេះ គោលនយោបាយការបរទេសប៊ុលហ្គារីមានភាពទន់ភ្លន់ និងសម្របសម្រូលជាងបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបចាស់ៗ។

សូមជម្រាបថា កម្ពុជា និងប៊ុលហ្គារីក៏បានបង្ហាញពីឆន្ទៈក្នុងការពន្លឿននីតិវិធីបង្កើតគណៈកម្មការចម្រុះអន្តររដ្ឋាភិបាលស្តីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលយោងតាមកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បច្ចេកទេស និងវិទ្យាសាស្ត្រ ដែលចុះហត្ថលេខា កាលពីឆ្នាំ២០១៩។

បន្ថែមពីនេះ ភាគីទាំងពីរ ក៏គូសបញ្ជាក់ពីសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់រវាងអាស៊ាន និងសហភាពអឺរ៉ុបផងដែរ៕
ដោយ៖សំបាន ច័ន្ទដារ៉ា

ads banner