ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលរតនវត្ថុរបស់ខ្មែរ នៅវិមានសន្តិភាព
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ អញ្ជើញទទួលរតនវត្ថុរបស់ខ្មែរ នៅវិមានសន្តិភាព ។
លោកជំទាវ ភឿង សក្កុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា រតនវត្ថុដែលកម្ពុជា ទទួលបានពីបរទេសវិញទាំងធំ និងតូច គឺមានរាប់រយគ្រឿង។ ក្នុងនោះមានធ្វើពីថ្ម សំរឹទ្ធ និងមាស ។ រតនវត្ថុទាំងនេះ ភាគច្រើនទទួលបានមកពីសហរដ្ឋអាមេរិក និងអង់គ្លេស ។
រតនវត្ថុដែលដាក់បង្ហាញក្នុងពិធីទទួលក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន គឺបង្ហាញតែមួយចំនួនប៉ុណ្ណោះ ដោយឡែករតនៈវត្ថុមួយចំនួនដែលកំពុងស្ថិតក្នុងដំណាក់កាលជួសជុលនោះ មិនត្រូវបានបង្ហាញនោះឡើយ។ ក្នុងពិធីនេះ ក៏មានបង្ហាញរតនវត្ថុជាគ្រឿងអលង្ការមួយចំនួនទៀត ដែលត្រូវបានរកឃើញដោយអាជ្ញាធរជាតិអប្សរា នៅតាមដំបន់អង្គរផងដែរ។
លោកជំទាវ ភឿង សក្កុណា បានបន្តថា វត្ថុបុរាណដែលទទួលបានមកវិញនេះ គឺជាមរតកវប្បធម៌ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន និងជាព្រលឹងដូនតាខ្មែរជាច្រើនជំនាន់ ដែលត្រូវបានគេលួចនាំចេញដោយខុសច្បាប់ទៅក្រៅប្រទេស នៅក្នុងអំឡុងនៃសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងអសន្តិសុខ ដែលបានកើតឡើងនៅកម្ពុជានាពេលកន្លងទៅ ។
លោកជំទាវរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ការបញ្ជូនត្រឡប់មកវិញ នៃសម្បត្តិវប្បធម៌ខ្មែរទាំងនេះ គឺជាកិច្ចសហការយ៉ាងសកម្មបំផុតពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អ្នកជំនាញជាតិ និងអន្តរជាតិ និងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនានា ទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី និងក្របខណ្ឌ នៃអង្គការយូណេស្កូ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងបណ្តាប្រទេសដែលមានវត្តមានរតនវត្ថុរបស់ខ្មែរ ។
ការទទួលបានរតនវត្ថុទាំងនេះត្រឡប់មកវិញ គឺមានការតស៊ូមតិ និងការទាមទារស្វិតស្វាញណាស់ ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែជំរុញ និងលើកទឹកចិត្តជាប់ជានិច្ចក្នុងការនាំយករតនវត្ថុរបស់កម្ពុជាដែលបាត់បង់ឱ្យត្រឡប់មកវិញ ៕ អត្ថបទ៖ វណ្ណលុក , រូបភាព៖ សួង ពិសិដ្ឋ






